ភ្នំពេញៈ សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ស្ថិតនៅក្រោមក្របខ័ណ្ឌច្រកទ្វារសកល ឬ Global Gateway,EU គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ឬប្រមាណជា ៩៣ លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែម ដើម្បីបង្កើនវិសាលភាពប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន សម្រាប់កម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីជំនួបរវាងអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក ឌ្រីសម៉ាន់ រីហ្គោ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
លោក ឌ្រីសម៉ាន់ រីហ្គោ (Driesmans Igor) បានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា «Team Europe» បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives -TEIs) ចំនួន២ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជា ក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ដែលក្នុងនោះមាន៖ ចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម និងថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។
លោកបានបន្តថា ជាក់ស្តែង នៅក្រោមក្របខ័ណ្ឌ Global Gateway, EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព,កម្មវិធីភាពជាដៃគូសហភាព អឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។
លោក ឌ្រីសម៉ាន់ រីហ្គោ ក៏បានថ្លែងដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយផ្លែផ្កា។
លោកបានបញ្ជាក់ថា៖«ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយ គាំពារសង្គមរបស់កម្ពុជា តាមរយៈកម្មវិធីកំណែទម្រង់ការគាំពារសង្គម ហិរញ្ញប្បទានដោយមូលនិធិទ្រទ្រង់ថវិការបស់ EU ហើយដែលបានអនុវត្តដោយជោគជ័យ»។
ជាមួយគ្នានោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងដែរថាEU តែងតែផ្ដល់ការគាំទ្រលើកិច្ចអភិវឌ្ឍតាមវិស័យអាទិភាព របស់រាជរដ្ឋាភិបាល និងការងារកំណែទម្រង់សំខាន់ៗ កន្លងមក ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។
លោកបានថ្លែងថា ៖«រាជរដ្ឋាភិបាល អរគុណសហភាពអឺរ៉ុប សម្រាប់ការចូលរួមយ៉ាងសកម្ម និងបន្តគាំទ្រក្នុងការលើកកម្ពស់ការកសាងប្រព័ន្ធ និងវឌ្ឍនភាពនៃកិច្ចគាំពារសង្គមនៅកម្ពុជា ឆ្ពោះទៅរកភាពធន់ រួមបញ្ចូល និរន្តរភាព និងឆ្លើយតបទៅនឹងភាពតក់ស្លុតក្នុងការដោះស្រាយបញ្ហាប្រឈម ជាពិសេសសម្រាប់តួនាទីរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូ និងការបែងចែកធនធានឱ្យកាន់តែប្រសើរឡើងក្នុងវិស័យសង្គម រួមទាំងកិច្ចគាំពារសង្គម សុខភាព និងការអប់រំ»។
លោកបានបន្តទៀតថា ក្រោមក្របខ័ណ្ឌ Global Gateway ដែលមានកម្មវិធីទាំង ៤ នេះ នឹងចូលរួមគាំទ្រដល់របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយលោកសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕