ភ្នំពេញៈ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងដំណើរនៃស្ថាប័នខ្លួន ជាមួយក្រុមអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ៤០ជាលើកដំបូងកាលពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះរៀបចំដោយ អ.ដ.ក. ដែលមានការសហការជាមួយអង្គការអុកស្វាមប្រចាំនៅកម្ពុជា ដោយមានវត្តមានអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង ៤០ ដែលធ្វើការពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ថា លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.បានលើកឡើងក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅពីកិច្ចដំណើរការរបស់ អ.ដ.ក ដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
លោកបានបន្តថា មួយទៀត ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការរវាងអាជ្ញាធរ និងសង្គមស៊ីវិល ក៏ដូចជាដៃគូ ក្នុងកិច្ចដំណើរការក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋ។
លោក កើត រិទ្ធ បានលើកឡើងដោយលោកបានចាត់ទុកអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាដៃគូសហការសំខាន់នៃស្ថាប័នអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈានទៅសម្រេចបេសកកម្មចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនេះ អាជ្ញាធរបានពន្យល់ឱ្យបានច្បាស់ពីដំណើរការ តួនាទីនៃអាជ្ញាធរដល់ក្រុមសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលកន្លងមកមានមតិលើកឡើងមិនត្រឹមត្រូវមួយចំនួន ប្រាសចាកន័យដើម។
លោកបន្តថា កិច្ចប្រជុំក៏បង្ហាញគម្រោងកិច្ចសហការផងដែរទៅលើគម្រោងដោះស្រាយវិវាទនៅតំបន់ដាច់ស្រយាល និងសម្រាប់ជនជាតិដើមភាគតិច ខណៈជាលទ្ធផល ភាគីអង្គការសង្គមស៊ីវិលយល់ច្បាស់ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍គាំទ្រលើគម្រោងផ្សេងៗផង។
លោកថ្លែងថា៖ «អាជ្ញាធរនឹងជជែក ពិភាក្សាលម្អិតជាមួយដៃគូនីមួយៗដែលចាប់អារម្មណ៍គាំទ្រ និងសហការទៅលើគម្រោងទាំងនេះដែលអាចជាការផ្តល់ជំនួយបច្ចេកទេស បទដ្ឋានគតិយុត្ត នីតិវិធី ជំនួយផ្នែកហិរញ្ញវត្ថុ ឬផ្នែកសម្ភារ ការបណ្តុះបណ្តាលជាដើម»។
លោក ជិន ម៉ាលីន បានបន្ថែមថា ភាគីអង្គការសង្គមស៊ីវិល និងដៃគូ កំពុងពិនិត្យលទ្ធភាពដែលអាចចូលរួមសហការជាមួយអាជ្ញាធរសម្រាប់គម្រោងដែលបានលើកឡើង។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមកិច្ចប្រជុំនេះដែរ បានថ្លែងថា កិច្ចសហការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ត្រូវតែបង្កើនថែមទៀត តួយ៉ាងនៅក្នុងយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនេះ ដែលសង្គមស៊ីវិលជាផ្នែកបំពេញចន្លោះប្រហោងរបស់រដ្ឋាភិបាល ខណៈប្រធានអាជ្ញាធរនេះបើកទូលាយ និងស្វាគមន៍នូវកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិល។
លោកបានថ្លែងថា៖ «ទៅមុខនេះទៀត យើងនឹងពិចារណាទាំងអស់គ្នា លើការបន្តកិច្ចសហប្រតិបត្តិការដោយផ្តោតលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យដើរបានល្អ ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋានបានទទួលសេវាហ្នឹងឱ្យល្អប្រសើរថែមទៀត»។
លោក នី សុខា បានបញ្ជាក់ដែរថា អាជ្ញាធរមិនទាន់បានកំណត់យន្តការកិច្ចសហការជាក់លាក់នៅឡើយទេ ប៉ុន្តែគេបានស្វាគមន៍ ដោយបើកទូលាយដល់សង្គមស៊ីវិលអាចចាប់យកជ្រុងសហការណាមួយក្នុងបញ្ហាសម្រុះសម្រួលវិវាទនេះ មិនថាជាស្មារតី ហិរញ្ញវត្ថុ បច្ចេកទេស សម្ភារ ឬជាសកម្មភាពនៅតាមថ្នាក់មូលដ្ឋានជាដើម៕