ភ្នំពេញៈ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានអះអាងថា ការធ្វើតេស្តសំណាកសត្វជ្រូកដែលងាប់ជាបន្តបន្ទាប់ដោយសង្ស័យជាជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងកាលពីថ្ងៃទី ១៣ ខែមករា រហូតមកទល់ពេលនេះ មិនទាន់មានលទ្ធផលទេ ដោយសារសំណាកនោះគឺយកពីសត្វជ្រូកដែលឈឺយូរមកហើយ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១៦ ខែមករាថា៖ «សំណាកដែលយកពីសត្វជ្រូកនោះ គឺសត្វជ្រូកនោះឈឺយូរមកហើយ ទម្រាំតែវាងាប់ ហើយយើងយកសំណាកមកពិនិត្យ។ អ៊ីចឹងហើយ មេរោគដែលនៅក្នុងខ្លួនសត្វជ្រូក វាបានបំប្លែងច្រើនលើកច្រើនសា ដែលវាធ្វើឱ្យការធ្វើតេស្តជួបការលំបាកក្នុងការទទួលបានលទ្ធផលសុក្រឹតមួយ»។
កញ្ញា បានបន្ថែមថា ការធ្វើតេស្តលើសំណាកជ្រូកដែលងាប់នេះ មន្ត្រីជំនាញស្វែងរកមេរោគនៃជំងឺ ៣ ប្រភេទ គឺទី១- ជំងឺប៉េស្តជ្រូក, ទី២- ជំងឺប៉េស្តជ្រូកអាហ្រ្វិក និងទី៣- ជំងឺត្រចៀកខៀវ ខណៈជំងឺទាំង ៣ ប្រភេទនេះ មានរោគសញ្ញាស្រដៀងគ្នាដោយមុននឹងជ្រូកទាំងនោះងាប់ វាមានអាការកម្តៅឡើងខ្លាំង និងសម្បុររបស់វាឡើងស្វាយ។អ្នកនាំពាក្យក្រសួងកសិកម្មក៏បានប្រាប់ដែរថា កញ្ញាមិនទាន់អាចបញ្ជាក់អ្វីលើសពីនេះនៅឡើយទេ ដោយរង់ចាំលទ្ធផលផ្លូវការចេញសិន។
ចំពោះស្ថានភាពទូទៅនៅទីតាំងសត្វជ្រូកងាប់សង្ស័យជាជំងឺប៉េស្តជ្រូកអ្រាហ្វិកនេះ កញ្ញា អ៊ឹម រចនា បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធគ្រប់គ្រងបានជាស្ថាពរហើយ ព្រោះនៅក្រោយពីទទួលបានព័ត៌មាន មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅអប់រំ និងបាញ់ថ្នាំសម្លាប់មេរោគក៏ដូចជាប្រមូលសត្វជ្រូកដែលងាប់ទាំងនោះយក
ទៅដុតកម្ទេចចោលផងដែរ។
កញ្ញា អ៊ឹម រចនា បានបន្ថែមទៀតថា ជាមួយគ្នានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកំពុងតែបន្តឈរជើងនៅទីតាំងកន្លែងកើតហេតុនោះជាមួយនឹងការឃ្លាំមើលយ៉ាងដិតដល់ចំពោះសត្វជ្រូកដែលនៅសេសសល់ ជាពិសេសពិនិត្យមើលនៅតាមបណ្តាស្រុកដែលនៅជាប់នឹងស្រុកកំពង់រោទិ៍នេះដែរ។
នាឱកាសនេះក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានអំពាវនាវដល់ពលរដ្ឋជាអ្នកចិញ្ចឹមជ្រូក បើពិនិត្យឃើញជ្រូករបស់ខ្លួនមានជំងឺឬងាប់ ត្រូវតែប្រញាប់រាយការណ៍ជាបន្ទាន់ទៅដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ដើម្បីឱ្យពួកគេបានចុះទៅពិនិត្យជាក់ស្តែងនិងអន្តរាគមន៍បានទាន់ពេលចៀសវាងការឆ្លងទៅកសិដ្ឋានចិញ្ចឹមផ្សេងទៀត ជាពិសេសកុំលក់ជ្រូកងាប់ឱ្យឈ្មួញ ព្រោះអាចបង្កហានិភ័យដល់សុខភាពរបស់មនុស្ស។
ទាក់ទិននឹងបញ្ហានេះដែរ លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀងក៏បានប្រាប់ ដែរថា គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ មិនមានជ្រូកងាប់បន្ថែមទៀតទេបន្ទាប់ពីមន្ត្រីជំនាញបានចុះទៅដល់ទីតាំងកើតហេតុកាលពីថ្ងៃទី ១៥ ខែមករា និងបានរកឃើញជ្រូក ១៣០ ក្បាលនៅក្នុង ៧ គ្រួសារដែលមានជំងឺនិងមិនមានជំងឺ ដោយក្នុងនោះងាប់អស់ ៤៧ ក្បាល។
លោក ប៉ែន ចាន់ធី បានបន្ថែមថា ដោយឡែកនៅទីតាំងតំបន់ជុំវិញនៃកន្លែងកើតហេតុជ្រូកងាប់នេះ ត្រូវបានគ្រប់គ្រងនិងបាញ់ថ្នាំសម្លាប់មេរោគ រួចហើយដែរ ហើយប្រជាពលរដ្ឋ ក៏លែងសូវព្រួយបារម្ភពីករណីជ្រូកងាប់នេះដែរ។
លោក ប៉ែន ចាន់ធី បានបញ្ជាក់ថា៖«មេភូមិ មេឃុំ ប្រាប់ថា អត់មានងាប់ទៀតទេ ហើយវាជាអស់ហើយ។និយាយរួមអត់មានជ្រូកឈឺនិងងាប់ទៀតទេតែយើងនៅបន្តតាមដានបន្ថែមទៀត»៕