ភ្នំពេញៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល ២ សប្ដាហ៍ គិតពីថ្ងៃទី ២ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នេះ ជនសង្ស័យចំនួន ៦៨២ នាក់ ត្រូវបានឃាត់ខ្លួនទាក់ទងនឹងបទល្មើសគ្រឿងញៀន ដែលបានកើតមានឡើងចំនួន ២៩០ ករណីសរុបទូទាំងប្រទេស។
លោក ទូច សុខៈ ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែមករាថា ករណីទាំងនេះ ជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែក នៃក្រសួងមហាផ្ទៃបានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។
ជនសង្ស័យទាំង ៦៨២ នាក់នេះ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធុនល្មម ខណៈសមត្ថកិច្ចក៏បានចាត់ការលើករណីជួញដូរទ្រង់ទ្រាយធំមួយករណីផងដែរ កាលពីនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤។ ករណីទ្រង់ទ្រាយធំនេះ កើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារដោយចាប់យកវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ១៦០ កញ្ចប់ ទម្ងន់ ១៥៩ គីឡូក្រាម និង ៤៤ ៩៨៦ ក្រាម និងគោយន្តកន្រ្ដៃ ១ គ្រឿង ខណៈជនសង្ស័យ ២ រូប ភេទប្រុសរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។
លោក ទូច សុខៈ បញ្ជាក់ថា៖ «លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀននេះជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការអនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋានក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង ៦ ដែលឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ»។
ទិសដៅអាទិភាពទាំង ៦ នោះរួមមាន៖ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។
ជុំវិញបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូឱ្យដឹងថា បញ្ហាគ្រឿងញៀននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាចំណុចមួយនៃការព្រួយបារម្ភខ្លាំង ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសទៅថ្ងៃអនាគត។ ជាក់ស្តែងជនដែលជាប់ឃុំមានចំនួនជាង ៥០% នៅទូទាំងប្រទេសពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោកបាននិយាយថា៖ «ការបង្ហាញតួលេខ នៃការបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀននេះ យើងឃើញពីការបង្កើនប្រសិទ្ធភាពមួយខ្ពស់ តែទោះជាមានការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែបញ្ហាគ្រឿងញៀននេះនៅតែជាក្តីបារម្ភមួយសម្រាប់កម្ពុជាយើងផងដែរ។ មួយទៀត បញ្ហាគ្រឿងញៀននេះ វាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពក៏ដូចជាភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងជនរងគ្រោះដោយសារគ្រឿងញៀនកើនជាបន្តបន្ទាប់»។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ រយៈពេល ១ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។ ដោយមើលឃើញពីហានិភ័យដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល រាជរដ្ឋាភិបាល សម្រេចបន្តរៀបចំកសាងផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ ២០២៤ ដើម្បីការពារ និងបញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន៕