ភ្នំពេញៈ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក កែវ រ៉េមី បានស្នើដល់តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្សជាមួយ (គ.ស.ម.ក.) ខណៈភាគីទាំង ២ មិនទាន់មានកិច្ចសហប្រតិបត្តិការណាមួយនៅឡើយ។
ការស្នើរបស់ប្រមុខគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងក្នុងជំនួបជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដើម្បីជំរុញវឌ្ឍនភាពការងាររវាងសហភាពអឺរ៉ុប( EU) និងគណៈកម្មាធិការនេះក្នុងពេលអនាគត។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ គ.ស.ម.ក.។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបនោះ លោក កែវ រ៉េមី បានស្នើដល់ឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ.ស.ម.ក.និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយ OHCHR លើវិស័យសិទ្ធិមនុស្ស។
ទន្ទឹមនឹងនោះដែរ លោក កែវ រ៉េមី ក៏បានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដោយផ្អែកតាមគោលការណ៍ទីក្រុងប៉ារីសនិងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកិច្ចសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដែលបានរៀបចំកិច្ចពិគ្រោះយោបល់ចំនួន ៣២ លើករួចមកហើយដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធ។
លោកក៏បានបញ្ជាក់ពីការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមកន្លែងឃុំឃាំងពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទានានាផងដែរ ដែលលោកបានបញ្ជាក់ជារួមថា មានស្ថានភាពល្អប្រសើរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននោះដែរ លោក Igor Driesmans បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងបានស្វាគមន៍ចំពោះសំណើពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្សរវាងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្ស ដែលរួមសហការជាមួយ OHCHR ផងដែរ។
លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់បន្ថែមនៅថ្ងៃទី ១៦ ខែមករាថា មកទល់ពេលនេះ កិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្សរវាង គ.ស.ម.ក.និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា គឺមិនទាន់មានទេ ហេតុនេះហើយទើបភាគីកម្ពុជាស្នើឱ្យមានការពិនិត្យលទ្ធភាពនេះ។
លោកបានប្រាប់ថា៖ «ជាធម្មតាដៃគូទាំងអស់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគឺតែងផ្តល់មតិយោបល់ផ្សេងៗ ព្រោះថា មនុស្សម្នាក់ៗនៅវិស័យមួយៗតែងមានការយល់ឃើញជាទស្សនៈនៅលើវិស័យសិទ្ធិមនុស្សផ្សេងៗគ្នានៅពេលយើងមានកិច្ចសហការគេអាចជួយយើងផ្នែកគំនិត និងផ្នែកហិរញ្ញវត្ថុផងដែរដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅកម្ពុជា»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ក៏បានលើកឡើងដែរថា ក្នុងផ្នែកសិទ្ធិមនុស្សកន្លងមក សហភាពអឺរ៉ុបតែងទទូចឱ្យកម្ពុជាស្តារលទ្ធិ
ប្រជាធិបតេយ្យ។
លោកបានបន្តថា៖ «ជំនួបរវាងតំណាងសហភាពអឺរ៉ុប និងប្រមុខសិទ្ធិមនុស្សកម្ពុជានេះជាជំហានមួយដើម្បីជជែកគ្នាទៅលើការកែលម្អសិទ្ធិមនុស្សនៅកម្ពុជា។ យើងសង្ឃឹមថារដ្ឋាភិបាលអាណត្តិថ្មីនេះនឹងធ្វើការកែលម្អយ៉ាងណាឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរដូចការចង់ឃើញពីសហភាពអឺរ៉ុបជាដើម»។
លោកបន្ដថា កិច្ចសហប្រតិបត្តិការនេះគឺជារឿងល្អមួយ ជាពិសេសរវាងសហភាពអឺរ៉ុប និងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែដើម្បីអាចធ្វើឱ្យវិស័យសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឡើង លុះត្រារដ្ឋាភិបាលមានឆន្ទៈនយោបាយដ៏ពិតប្រាកដមួយ៕