
លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នៅប្រទេសបារាំង កាលពីថ្ងៃទី ១៥ ខែមករា។ រូបថត STPM
ភ្នំពេញៈ អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយចែករំលែកនូវបទពិសោធន៍ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្រ្វិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ។
ការស្នើឡើងដូចនេះ ត្រូវបានធ្វើឡើងនាជំនួបសម្តែងការគួរសមរវាងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ ជាមួយនឹងលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៥ ខែមករា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១៣-១៩ ខែមករា ឆ្នាំ ២០២៤។
យោងតាមលទ្ធផលនៃជំនួបនេះបានលើកឡើងថា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងរយៈពេល ១០០ ថ្ងៃកន្លងទៅ ហើយលោកស្រីបានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ ២០២៦។
លោកស្រីបញ្ជាក់ថា៖ «សុំឱ្យកម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្រ្វិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក»។
មិនតែប៉ុណ្ណោះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ក៏បានស្នើដល់កម្ពុជាបន្តការចែករំលែកបទពិសោធន៍ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សាមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។
លោកបានថ្លែងថា៖ «ក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០% ដែលនេះបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចការរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក»។
សូមរំឭកដែរថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ខ្មែរ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសដែលទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង លោក ហ៊ុន ម៉ាណែត បានប្រកាសឱ្យដឹងថា នៅឆ្នាំ ២០២៦ ខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល្រហ្វង់កូហ្វូនីហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានផ្តល់ការគាំទ្រ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា គោលការណ៍គ្រឹះសម្រាប់ប្រទេសនៅលើពិភពលោកនាបច្ចុប្បន្ននេះ គឺការរក្សាសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយ។
ប្រសិនបើប្រទេស ឬតំបន់ពុំមានស្ថិរភាពនយោបាយ ឬសន្តិភាពនយោបាយទេ គឺពុំមានអ្វីផ្សេងទៀតយកមកអភិវឌ្ឍសង្គមជាតិទេ កុំថាឡើយនិយាយដល់សិទ្ធិមនុស្ស និងសេរីភាព គឺបាត់បង់ទាំងស្រុងតែម្តង។
លោកបានថ្លែងថា៖ «គុណតម្លៃដំបូងធំបំផុតរបស់ប្រទេសដើម្បីអភិវឌ្ឍទៅមុខបានគឺការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ហើយជាការពិត កម្ពុជាក្នុងរវាងជាង ៥០០ ឆ្នាំកន្លងទៅនេះ យើងទើបតែទទួលបានសន្តិភាព ស្ថិរភាពសង្គមពេញលេញក្នុងរង្វង់ប្រមាណជា ២៥ ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៨ មក»។
លោក យង់ ពៅ បានបន្តថា ៖ «សន្តិភាព ស្ថិរភាពសង្គម ធ្វើឱ្យយើងឈានមកដល់ចំណុចនេះ ហើយអាចធ្វើឱ្យកម្ពុជាអាចឈានចូលក្នុងឆាកអន្តរជាតិ ចូលរួមក្នុងការងារអន្តរជាតិ ចូលរួមក្នុងការថែរក្សាសន្តិភាពរបស់អន្តរជាតិ...។ អ៊ីចឹងជាទស្សនៈផ្ទាល់ ការថែរក្សាសន្តិភាព គឺពិតជាគោលការណ៍គ្រឹះសម្រាប់ប្រទេសជាតិនីមួយៗ»៕