សៀមរាបៈ នៅទូទាំងខេត្តសៀមរាបបានសម្រេចនូវអត្រាគ្របដណ្តប់វិស័យអនាម័យ រហូតដល់ ៩៣,៧៣ ភាគរយ ក្នុងឆ្នាំ ២០២៣ ខណៈដែលកន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់ខេត្តចំនួន ៦ បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងគ្រោងប្រកាសទទួលស្គាល់រាជធានីភ្នំពេញមួយទៀត នៅដើមឆ្នាំ ២០២៤ នេះ។
ការបង្ហាញលទ្ធផលសម្រេចបាននេះ ធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពីការរៀបចំផែនការសកម្មភាព ដើម្បីបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្តកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាប។
លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងក្នុងសិក្ខាសាលានោះថា កាលពីឆ្នាំ ២០១៣ ខេត្តសៀមរាប មានអត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិតតែ ៣៦,៣០ ភាគរយ ហើយខេត្តក៏ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្ត បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលឡើយ។
លោកបន្តថា៖ «ប៉ុន្តែ ១០ ឆ្នាំក្រោយនេះ គឺក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ អត្រាគ្របដណ្តប់វិស័យអនាម័យមានរហូតដល់ ៩៣,៧៣ ភាគរយ ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ២១៣ ១២០ បង្គន់,ផ្ទះដែលបានប្រើប្រាស់បង្គន់រួមមានចំនួន ៨៧ ០៨៩ ផ្ទះ និងផ្ទះដែលគ្មានបង្គន់ប្រើប្រាស់សរុបមានចំនួន ១៤ ៨៣៥ ផ្ទះ»។
ភូមិដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានចំនួន ៤០៦ ភូមិ ឃុំដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាលចំនួន ៣២ ឃុំ និងស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ៣ ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកបន្ទាយស្រី។
លោក ទូច ម៉ាឡា បញ្ជាក់ថា៖ «ដូច្នេះការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងហើយធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋគ្រប់រូបតាមទស្សនវិស័យនៅឆ្នាំ ២០២៥»។
ជាមួយគ្នានោះដែរលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងឱ្យដឹងដែរថា ដើម្បីសម្រេចបាននូវទស្សនវិស័យឱ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ ២០២៥ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យអាជ្ញាធរក្រុង-ស្រុកនីមួយៗត្រូវអនុវត្តតាមផែនការកំណត់របស់រាជរដ្ឋាភិបាល ដោយជំរុញប្រជាពលរដ្ឋធ្វើកិច្ចសន្យា ក្នុងការសាងសង់បង្គន់ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជាពិសេសចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានបណ្តែតទឹក។
លោកថ្លែងថា៖ «សូមអាជ្ញាធរក្រុង-ស្រុកក៏ដូចជាអាជ្ញាធរឃុំ-សង្កាត់រួមគ្នាអនុវត្តផែនការនេះ ដោយដាក់ចេញនូវយុទ្ធសាស្ត្រនិងសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចឱ្យបានមុនឆ្នាំ ២០២៥ ឆ្ពោះទៅដណ្តើមជយលាភីនៅថ្នាក់ជាតិ»។
ចំណែកលោក ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងនៅថ្ងៃទី ១៦ ខែមករាថា មកដល់បច្ចុប្បន្ន ចំពោះការងារវិស័យអនាម័យ និងទឹកស្អាតជនបទ គឺក្រសួងសម្រេចបានប្រមាណ ៨៥% ទូទាំងប្រទេស។
ជាមួយនឹងការសម្រេចបានទាំងនេះ លោកពិត ករុណាថ្លែងថា ក្រសួងក៏បានដាក់វិស័យទាំង ២ ជាអាទិភាពសម្រាប់ការអនុវត្តដើម្បីធ្វើយ៉ាងណាសំដៅដល់ឆ្នាំ ២០២៥ គឺឱ្យប្រជាជនមានទឹកស្អាតប្រើប្រាស់ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបាន ១០០ ភាគរយ។
លោកបញ្ជាក់ថា៖ «ក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះវិស័យអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតជនបទធ្វើយ៉ាងណាឱ្យប្រជាជនដែលរស់នៅតំបន់ជនបទទទួលបានទឹកស្អាតក្នុងការប្រើប្រាស់ និងយល់ដឹងពីសុខភាព អនាម័យ មានបង្គន់ប្រើប្រាស់គ្រប់គ្រួសារ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ»។
បើតាមលោក ពិត ករុណា នៅដើមឆ្នាំ ២០២៤ នេះក្រសួងនឹង ត្រៀមការប្រកាសរាជធានីភ្នំពេញ ដែលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលខណៈកន្លងមកមានខេត្តចំនួន ៦ ហើយ ដែលក្រសួងបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប៕