ភ្នំពេញៈ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់ (MoU) ចំនួន ៦ រវាងវិស័យឯកជនកម្ពុជា និងវិស័យឯកជនបារាំង ដោយរំពឹងថា ការចុះនេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង។
អនុស្សរណៈយោគយល់ ទាំង ៦ រវាងវិស័យឯកជនកម្ពុជា និងវិស័យឯកជនបារាំង រួមមាន៖ ១- អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជក ហ្រ្វង់កូហ្វូន(APF), ២- អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle, ៣- អនុស្សរណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និងក្រុមហ៊ុន Lagardere Travel Retail, ៤- អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions។ ៥- អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និង៦- អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា៖ «តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា»។
នាឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង លោក ហ៊ុន ម៉ាណែត បានឆ្លៀតចូលរួមនៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយលោកបានថ្លែងថា ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា វិស័យទាំងនោះមានដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិក, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិនជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ»។
ចំពោះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជក ហ្រ្វង់កូហ្វូន (APF) ត្រូវបានលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែមករាថា ការចុះ MoU នេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះទៅ សភាពាណិជ្ជកម្ម នឹងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្តាប្រទេសក្នុងតំបន់ហ្រ្វង់កូហ្វូន (APF) មកកាន់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «នៅក្នុងឆ្នាំ ២០២៦ យើងនឹងរៀបចំពិធីជួបជុំដ៏ធំមួយ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន ដោយសហការជាមួយអង្គការពាណិជ្ជកម្មហ្រ្វង់កូហ្វូនី ដែលធំដុំណាស់អាចថា ធំជាងប្រជុំអាស៊ានទៅទៀត ព្រោះជំនួបនេះមានប្រទេសអាស៊ាន ១០ បូកនឹង ៨០ ប្រទេស ដែលជាប្រទេសនិយាយភាសាបារាំងនេះទៀត»។
លោកបានបន្តថា៖ «ដូច្នេះនៅពេលនោះ មិនមែនជាវេទិកាធុរកិច្ចទេ គឺយើងហៅថា ជាកិច្ចប្រជុំកំពូលធុរកិច្ចវិញរវាងហ្រ្វង់កូហ្វូន និងអាស៊ានខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងពេលនោះដែរ ថ្នាក់ដឹកនាំរដ្ឋដឹកនាំដោយសម្តេចធិបតីប្រជុំផ្នែករដ្ឋាភិបាល ហើយសម្រាប់វិស័យឯកជនវិញ សភាពាណិជ្ជកម្មយើងតំណាងឱ្យវិស័យឯកជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនេះឯង»។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បន្តបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងតាមរយៈតេឡេក្រាមរបស់លោកថា៖«កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍វិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា»។
លោកបន្តថា កម្ពុជាពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគដោយហេតុថា កម្ពុជាបានរក្សាបានស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ក្នុង ១ ឆ្នាំ ដែលសម្រេចបានវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ ដងពី ៣,១១ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩៨ ដល់ ២៩,៦០ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា៖ «សម្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ ដងក្នុងចន្លោះឆ្នាំ ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសម្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦,១១ លើ ១០០»។
រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕