ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះ ហៅជនសង្ស័យ ៤ នាក់ឱ្យចូលខ្លួនមកតុលាការ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ដើម្បីសាកសួរពីបណ្ដឹង បរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ កាលពីខែធ្នូ ឆ្នាំ២០២៣។
យោងតាមដីកាកោះរបស់ព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី, ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស, ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី។
លោក សៀង ប៊ុនលាង ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សៀង គីមហុង ភេទប្រុស អាយុ២៩ឆ្នាំ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៧ ខែមករា ថា បានទទួលដីកាពីសាលាដំបូងរាជធានីភ្នំពេញរួចហើយដែលបង្គាប់ឱ្យសមាជិកគ្រួសាររបស់លោកទៅបំភ្លឺនៅតុលាការនោះ។
លោក សៀង ប៊ុនលាង បញ្ជាក់ថា៖«រឿងនេះខ្ញុំមិនយល់ដែរ មូលហេតុអីបានជាប្តឹងមកខាងខ្ញុំ និងមានដីកាកោះហៅនេះ ខ្ញុំអត់យល់។ ដីកាខ្ញុំទទួលបានហើយ តែខ្ញុំមិនដឹង ខ្ញុំមិនយល់ ខ្ញុំមិនមានយោបល់អីទេ»។
គួររំឭកថា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍១បង្កឡើងដោយរថយន្តម៉ាកJeepបានបុកម៉ូតូជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស អាយុ២៩ឆ្នាំ ស្ថិតនៅលើផ្លូវ ៣១៧ កែងផ្លូវ ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តុលាការរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeepនោះ ចូលខ្លួនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេះមិនទទួលខុសត្រូវ។ បន្ទាប់មកជនបង្កឈ្មោះព្រហ្ម វិចិត្រសុសក្តា បានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕