កំពង់ចាមៈ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល។
លោកបានណែនាំដូចនេះ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។
លោកបានបញ្ជាក់តាមរយៈហ្វេសប៊ុករបស់លោកថា៖ «សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចនានា ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា»។
ជាមួយគ្នានោះដែរលោក លី ធុជ ក៏បានលើកឡើងដែរថា បេសកកម្មចម្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ គឺធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពមួយដែលល្អប្រសើរ ដោយលោកបានចាត់ទុកជាការងារអាទិភាព និងបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ។
លោក លី ធុជ បានថ្លែងថា៖«សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវបេសកកម្មយ៉ាងធ្ងន់ធ្ងរដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយសម្តេចតែងតែផ្សព្វផ្សាយពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិ ក្នុងរាល់ជំនួបនិងវេទិកានានាលើឆាកអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា»។
លោកក៏បានស្នើឱ្យក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះជួយគ្នាទៅវិញទៅមក ដោយត្រូវតែមានដំណោះស្រាយជាដាច់ខាតនូវរាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោក ជ័យ តិច បានទទួលស្គាល់នូវការលើកឡើងរបស់លោក លី ធុជ ព្រោះលោក ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលធានានូវសុវត្ថិភាព សន្តិសុខ សន្តិភាព ការអភិវឌ្ឍជាតិ និងការអភិរឌ្ឍសេដ្ឋកិច្ចរួមទាំងជីវភាពរបស់ប្រជាពលរដ្ឋ។
លោកអះអាងថា ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្រញ្ចកោណដំណាក់កាលទី ១ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺជាមហិច្ឆតាមួយដ៏ធំដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី រួមជាមួយនឹងមន្ត្រីរាជការនៅទូទាំងប្រទេសទាំងអស់ធ្វើឱ្យសម្រេចបានទៅតាមផែនការយុទ្ធសាស្ត្របញ្ចកោណនេះ។
លោក ជ័យ តិច បានថ្លែងថា៖«ជាលទ្ធផលក្នុងរយៈពេលជាង ៥ ខែមកនេះ មានការកែទម្រង់ជាច្រើន រក្សាបាននូវស្ថិរភាព ការឯកភាពជាតិ កំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ជាពិសេសការដាក់ចេញយ៉ាងម៉ឺងម៉ាត់ អភិក្រមទី ៥ ទៅលើការវះកាត់ ដូចជាការបណ្តេញចេញការដាក់ទោសទណ្ឌមន្ត្រីដែលអនុវត្តតួនាទីមិនត្រឹមត្រូវជាដើមនេះ ឃើញថាបាននិងកំពុងអនុវត្តយ៉ាងផុសផុល»៕