ភ្នំពេញៈ ឆ្នាំ ២០២៤ នេះ ពិធីបុណ្យមាឃបូជានឹងប្រព្រឹត្តទៅនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល រយៈពេល ២ ថ្ងៃ នាថ្ងៃទី ២៤ និង ២៥ ខែកុម្ភៈ ដោយមានព្រះសង្ឃ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋភិបាល និងប្រជាពលរដ្ឋចូលរួមប្រារព្ធពិធីនេះផងដែរ។
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងតាមរយៈសេចក្តីណែនាំនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលបានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យឬភ្នំឧដុង្គដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។
លោកបានឱ្យដឹងថា ឆ្នាំនេះពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។មាឃបូជាគឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនាដែលប្រារព្ធឡើងដើម្បីរំឭកដល់ហេតុការណ៍សំខាន់ៗ២យ៉ាងគឺ ជាថ្ងៃចតុរង្គសន្និបាត និងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
លោក ចាយ បូរិន បានបញ្ជាក់ថា៖ «ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម សូមមន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្ដអារាមរៀបចំពិធីបុណ្យមាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា មន្ទីរធម្មការនិងសាសនាត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោសសម្អាត តុបតែងលម្អវត្តអារាមឱ្យបានស្អាតរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត។
លោក ចាយ បូរិន បន្តថា៖ «ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជនពុទ្ធបរិស័ទឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម»។
អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ធ្លាប់បានប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋបាលខេត្ត និងអាជ្ញាធរតែងតែសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះជារៀងរាល់ឆ្នាំ ហើយមិនខុសពីឆ្នាំមុនៗដែរ រដ្ឋបាលខេត្តនឹងរៀបចំប្រារព្វធ្វើពិធីនេះឱ្យបានអធិកអធម៕