ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកទៅដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការកម្ចីប្រាក់តាមប្រព័ន្ធអនឡាញត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកាលពីថ្ងៃទី ១៦ ខែមករា បានចេញសេចក្តីប្រកាសឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះកម្ចីប្រាក់តាមប្រព័ន្ធអនឡាញខណៈដែលថ្មីៗនេះមានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្រោមរូបភាព «ការផ្តល់កម្ចីប្រាក់តាមអនឡាញ» ដែលមានលក្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។
«ក្រោយពីប្រជាពលរដ្ឋបានចាប់អារម្មណ៍ហើយ ក្រុមជនខិលខូចទាំងនោះបានធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំដោយតម្រូវឱ្យថតឯកសារមួយចំនួនដូចជាអត្តសញ្ញាណរបស់ខ្លួននិងតម្រូវឱ្យវេរលុយទៅឱ្យក្រុមជនខិលខូចទាំងនោះជាថ្លៃសេវាផ្សេងៗ ប៉ុន្តែនៅទីបំផុតប្រាក់កម្ចីក៏មិនបាន ថែមទាំងបាត់បង់លុយដែលបានវេរទៅឱ្យក្រុមជនខិលខូចទាំងនោះថែមទៀត»។
ក្រោមរូបភាព «ការផ្តល់កម្ចីប្រាក់តាមអនឡាញ» នេះ ក្រុមជនខិលខូចបានផ្សព្វផ្សាយដោយភ្ជាប់ជាមួយសារដូចជា៖ ផ្ដល់ប្រាក់កម្ចីដែលអត្រាការប្រាក់ទាបរយៈពេលយូរនៃការបង់កម្ចី រហ័សទាន់ចិត្ត និងមានផ្ដល់ទំហំកម្ចីប្រាក់ច្រើន។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូឱ្យដឹងថា បញ្ហាកម្ចីប្រាក់ តាមអនឡាញនេះ វាជាករណីដែលបានកើតឡើងម្ដងហើយម្ដងទៀត ខណៈជនរងគ្រោះចេះតែមានជាបន្តបន្ទាប់ ហើយជនល្មើសក៏នៅមិនទាន់ចាប់បានអត្តសញ្ញាណពិតប្រាកដនៅឡើយ។
លោកថ្លែងថា៖«អ្វីដែលសំខាន់ក្រៅពីការក្រើនរំឭក គឺខាងនាយកដ្ឋានត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ទៅដល់ជនដែលបានប្រព្រឹត្តយកឧបករណ៍អនឡាញធ្វើជាកម្ចីប្រាក់ ដើម្បីប្រព្រឹត្តខុសច្បាប់ ការគំរាមកំហែង ការប្រើប្រាស់រូបភាពអាសអាភាសជាដើមរបស់ជនរងគ្រោះ»។
លោកថ្លែងទៀតថា ការប្រើប្រាស់រូបភាពទាំងនេះ វាសុទ្ធតែជារឿងខុសច្បាប់ ដូច្នេះអាជ្ញាធរ មិនគួរចេញតែសារក្រើនរំឭកប្រជាពលរដ្ឋមួយឡើយ ពីព្រោះជនល្មើសតែងតែបង្កប់ខ្លួនតាមប្រព័ន្ធអនឡាញ ហេតុនេះត្រូវមានវិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងទៅកាន់ជនដែលបានប្រព្រឹត្តបទល្មើសនេះ៕