
លោកស្រី ចម និម្មល ពេលចូលរួមពិភាក្សាពីបញ្ហាពាណិជ្ជកម្មនៅទីក្រុងដាវ៉ូស ពីថ្ងៃទី ១៦ មករា។ រូបថតក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ នាឱកាសចូលរួមកិច្ចពិភាក្សាស្ដីពី «ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ» ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យពាណិជ្ជកម្ម ជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសកលលោក។
ស្ថិតនៅក្នុងទីក្រុងដាវ៉ូស សហព័ន្ធស្វ៊ីស កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ លោកស្រី ចម និម្មល បានចូលរួមកិច្ចប្រជុំពិភាក្សាពហុភាគីស្ដីពី «ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ» ដែលជាកម្មវិធីមួយនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងពីការកត់សម្គាល់របស់លោកស្រីថា វិស័យពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ស្ដង់ដានៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្ដី លោកស្រីបានអះអាងថា បញ្ហាសកលដូចជាវិបត្តិសុខាភិបាល និងសង្គ្រាមនៅតែបន្តបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ហើយដើម្បីចូលរួមចំណែកដល់ការស្ដារឡើងវិញនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ចូលជាសមាជិកនៃការចរចាស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មផងដែរ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
លោកស្រីបញ្ជាក់ថា៖ «កម្ពុជាក៏បានចូលរួមយ៉ាងសកម្មដល់ការធ្វើឱ្យប្រសើរឡើងនៃដំណើរការពាណិជ្ជកម្មក្នុងតំបន់តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើបរិវត្តកម្មឌីជីថលអាស៊ាន»។ លោកស្រីក៏បានបង្ហាញពីការរំពឹងទុកផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានឹងរួមចំណែកដល់ការពង្រឹងតួនាទីនៃវិស័យពាណិជ្ជកម្ម ដែលជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសកលលោក។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានបង្ហាញពីការយល់ឃើញមិនខុសពីលោកស្រីរដ្ឋមន្ត្រីនោះទេ ដោយលោកបាននិយាយថា វិស័យពាណិជ្ជកម្មនេះ បានដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដែលវិស័យនេះជាចលករសំខាន់ណាស់ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបាននិយាយនៅថ្ងៃទី ១៧ ខែមករាថា ជាក់ស្តែងកម្ពុជាមានផលិតផលកសិកម្មច្រើន ដែលការផលិតបានច្រើននេះ មិនត្រឹមតែអាចផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់នោះទេ តែក៏ផលិតលើសដែលអាចអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញដើម្បីទទួលបានប្រាក់ចំណេញ សម្រាប់យកមកកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងវិញ។
លោកបញ្ជាក់ថា៖ «ពេលដែលយើងផលិតបានហើយ មិនថា ផលិតផលកសិកម្មឬឧស្សាហកម្មនោះទេ យើងមិនត្រឹមតែផ្គត់ផ្គង់ក្នុងស្រុកឡើយ តែយើងក៏អាចនាំចេញទៅលក់នៅក្រៅប្រទេសបានផងដែរដែលនេះគេហៅថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលជាការធ្វើពាណិជ្ជកម្មដ៏ធំណាស់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ»។
ទោះយ៉ាងណា លោក វណ្ណៈ បានផ្តល់ជាយោបល់ថា ដើម្បីឱ្យការធ្វើពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងអាចពង្រីកទីផ្សារបានកាន់តែទូលាយកម្ពុជាត្រូវចាប់ផ្តើមគិតគូរពីការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីៗបន្ថែមទៀតដោយត្រូវបង្កើនគុណភាព និងបរិមាណផលិតផលរបស់ខ្លួន ឱ្យស្របទៅតាមស្តង់ដា និងតម្រូវការរបស់ទីផ្សារអន្តរជាតិ។
បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញ នៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៣ ពាណិជ្ជកម្មកម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤៦ ៨២៨ លានដុល្លារថយចុះជិត ២ ភាគរយ។ នៅក្នុងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទឹកប្រាក់ជាង ២២ ៦៤៤ លានដុល្លារ កើនឡើងជិត ២ ភាគរយ ខណៈដែលការនាំចូលរបស់កម្ពុជាពីទីផ្សារបរទេសវិញ មានតម្លៃទឹកប្រាក់ជាង ២៤ ១៨៣ លានដុល្លារថយចុះ ៥ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕