ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិក គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារ ស្របពេលដែលគ្រួសារយុទ្ធជន ២០០ គ្រួសារនៅខេត្តស្វាយរៀង ទើបបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ការប្រគល់នេះជាចំណែកមួយដើម្បីជួយកែខៃជីវភាពគ្រួសារយុទ្ធជនផង និងជាផ្នែកមួយនៃការពង្រឹងកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ផង។លោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារយុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៦ ខែមករា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈតេឡេក្រាមថា៖ «ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះគឺជាការគិតគូរពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងគ្រួសារងាយរងគ្រោះ»។
លោកបានបន្តថា កិច្ចការងារទាំងនេះ ក៏ជាចំណែកពង្រឹងការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាលថ្មីរបស់លោកផងដែរ គឺកម្មវិធីកសាង និងការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ សម្រាប់ចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ដែលលោកចាត់ទុកជាការងារចម្បងនិងចាំបាច់ដែលត្រូវបន្តអនុវត្ត។
បើតាមការបញ្ជាក់ពីប្រមុខរដ្ឋាភិបាល មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លានបណ្ណរួចមកហើយ ហើយគ្រោងចែកបន្តបន្ទាប់ចំនួន ២ លានបណ្ណទៀត នៅទូទាំងប្រទេស។
លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានគាំទ្រចំពោះការបន្តនយោបាយចែកដីឡូត៍ដល់គ្រួសារយុទ្ធជនជាគ្រួសារក្រីក្រងាយរងហានិភ័យនេះដើម្បីជួយសម្រាលជីវភាពគ្រួសារយុទ្ធជនទាំងនេះ និងអាចផ្តល់ទីលំនៅសមរម្យមួយដ៏ច្បាស់លាស់ ខណៈពួកគាត់បានពលីជូនជាតិមាតុភូមិ។
លោកក៏បានសាទរផងដែរចំពោះការវិវឌ្ឍដ៏វិជ្ជមានលើនយោបាយកសាង និងការការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ចំពោះការចែកបណ្ណកម្មសិទ្ធិអចលនវត្ថុដល់ប្រជាពលរដ្ឋនេះជាចំណែកអភិវឌ្ឍន៍នគរូបនីយកម្មរបស់ជាតិ។
លោកបានបញ្ជាក់ថា៖ «ការផ្តល់កម្មសិទ្ធិអចលនទ្រព្យមានសារៈសំខាន់ណាស់ដើម្បីពលរដ្ឋមានសេចក្តីសុខផ្លូវចិត្ត ដីឬកម្មសិទ្ធិដែលគាត់មាននោះវាច្បាស់លាស់ជារបស់គាត់គឺមានសុវត្ថិភាព និងសន្តិភាពផ្លូវចិត្តហើយក៏ចំណែកអភិវឌ្ឍន៍ផ្ទាល់ខ្លួនលើដីកម្មសិទ្ធិដូចជា សំណង់ឬការបង្កើនផលផ្សេងៗធ្វើមុខរបរអាជីវកម្មដើម្បីជំរុញសេដ្ឋកិច្ច ហើយក៏អាចធ្វើការលក់ដូរដីធ្លីឬដើម្បីអាចយកទៅបញ្ចាំខ្ចីបំណុលមកបង្កើនការរកស៊ីផងដែរ»។
ទោះជាយ៉ាងណា លោក ជ័យ តិច សង្កេតឃើញថា ការធ្វើប្លង់កម្មសិទ្ធិដីធ្លី សំណង់ នៅកម្ពុជានៅមានភាពយឺតយ៉ាវខ្លាំង ហើយក៏មានការត្អូញត្អែរពីតម្លៃ មាននីតិវិធីស្មុគស្មាញ ហើយក៏មានការតវ៉ាពីសំណាក់ពលរដ្ឋចំពោះភាពមិនប្រក្រតីរបស់មន្ត្រីចុះវាស់វែងដីធ្លីផង ដែលលោកស្នើរដ្ឋាភិបាល ជាពិសេសក្រសួងដែនដីពង្រឹងប្រសិទ្ធភាពធ្វើប្លង់កម្មសិទ្ធិនេះតម្លាភាពនៃនីតិវិធី និងបង្កើនល្បឿនចេញប្លង់កម្មសិទ្ធិដល់ពលរដ្ឋដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ។
សូមជម្រាបដែរថា រដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញកម្មវិធីនយោបាយសម្រាប់ការកសាងនិងការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដែលបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យដីធ្លីតាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លីដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់បណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់។
ក្នុងនោះរដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចដើម្បីចែកដីជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រឬផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន អតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ផងដែរ៕