ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ចំពោះគោលបំណង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ដែលថា នឹងធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យមក ទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
លោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ដើម្បីពិភាក្សាការងារក្នុងឱកាសលោកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។
ក្នុងជំនួបកាលពីថ្ងៃទី ១៦ ខែមករា អគ្គនាយិកាក្រុមហ៊ុន Trip.com លោកស្រី Jane Sun បានលើកឡើងពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ផងដែរពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានសាទរចំពោះដំណឹងល្អនេះ ខណៈកម្ពុជាត្រូវការអង្គភាពទេសចរណ៍ធំៗដូចនេះ ដែលជាអ្នកដើរតួនាទីដ៏សំខាន់នៅ OTA (Online Travel Agency) ដែលកម្ពុជាត្រូវការការចូលរួមរបស់អង្គភាពទាំងនេះ ក្នុងការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍន៍វិស័យទេសចរណ៍នេះ។
លោកថ្លែងថា៖ «យើងត្រូវការពួកគេចូលរួម ព្រោះពួកគេមានកម្លាំងខ្លាំងមានថាមពលខ្ពស់ ឱ្យតែគេមកដោយស្របច្បាប់ មកដោយគោរពច្បាប់កម្ពុជាមែន ខ្ញុំគិតថា ជាការល្អមែនទែន ប៉ុន្តែថាតើរដ្ឋាភិបាលយើងរួចរាល់ហើយ ឬនៅក្នុងការគ្រប់គ្រងចំណូលពន្ធពីពួកគេនោះ»។
លោក ធួន ស៊ីណាន បន្តថា កន្លងមកមានបញ្ហាជាច្រើនដែរជាមួយនឹង OTA នេះ ដោយសាររដ្ឋាភិបាលចាប់ផ្តើមកៀបទៅលើពន្ធដារ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះកៀបខ្លាំងមែនទែន ទៅលើពួកអ្នករកស៊ីនៅក្នុងស្រុក ប៉ុន្តែរដ្ឋាភិបាលហាក់បីដូចជាព្រងើយកន្តើយក្នុងការគ្រប់គ្រងក្រុម OTA នេះ ដែលពួកគេភាគច្រើនមិនមានការិយាល័យនៅក្នុងស្រុកខ្មែរទេ។លោកក៏បានស្នើទៅដល់រដ្ឋាភិបាលក្នុងការពិនិត្យមើលទៅលើការប្រកួតប្រជែងដែលមិនមានតម្លាភាពនៅក្នុងវិស័យមួយនេះផងដែរ។
សូមបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ដោយអ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះកន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងប្រទេសកម្ពុជា តាមរយៈវេបសាយ Trip.com។
សូមរំឭកដែរថា កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជាក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕