​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប ដែល​ស្ថិតក្នុង​សង្កាត់​ចំនួន​ ២ ខណៈដែល​ក្រុង​បង្កើត​ថ្មី​នេះ នឹងត្រូវ​អនុវត្តតាម​ច្បាប់​ស្ដីពី​ការ​គ្រប់​​គ្រង​រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក ដើម្បី​ធ្វើការ​អភិវឌ្ឍ​ឱ្យមាន​សក្ដា​នុ​ពល​វិស័យ​ទេសចរណ៍​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចេញ​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន នៃ​ខេត្តសៀមរាប ដោយ​កាត់​យក​ឃុំ​រុន​តា​ឯក ពី​ស្រុក​បន្ទាយស្រី និង​ឃុំ​បល្ល័ង្ក ពី​ស្រុក​ប្រាសាទបាគង ចុះ​ថ្ងៃទី ​១១ ខែមករា និង​បានប្រកាស​ឱ្យដឹង​ជា​សាធារណៈ​កាលពី​ល្ងាច​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២៤​។​

​ក្នុង​អនុក្រឹត្យ​បានសម្រេច​ថា ក្រុង​រុន​តា​ឯក​តេ​ជោ​សែន មាន​សង្កាត់​ចំនួន ​២ គឺ​សង្កាត់​រុន​តា​ឯក និង​សង្កាត់​បល្ល័ង្ក​។ ទីតាំង​រដ្ឋបាល ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ត្រូវ​ស្ថិតនៅក្នុង​សង្កាត់​រុន​តា​ឯក និង​ទីតាំង​រដ្ឋបាល​ស្រុក​បន្ទាយស្រី ត្រូវ​ស្ថិតនៅក្នុង​ឃុំ​ខ្នារ​សណ្តាយ​។​

​ដោយឡែក ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ត្រូវ​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អនុ​ក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង​។​

អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់ថា​៖ «​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ត្រូវ​អនុ​​លោម​តាម​មាត្រា​ ១៨​ ថ្មី នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មាត្រា​ ៣ ​ថ្មី នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​»​។​

​ការបង្កើត​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​នេះ នឹងត្រូវ​ចូល​ជា​ធរមាន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤​។​

​លោក យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់​ឱ្យដឹងថា តំបន់​រុន​តា​ឯក​នេះ មិនទាន់មាន​លក្ខណសម្បត្តិ​កំណត់​ទៅជា​ក្រុង​បានឡើយ ប៉ុន្តែ​ប្រសិនជា​រាជ​រដ្ឋា​ភិ​បាល​សម្រេច​ទៅជា​ក្រុង​ហើយ វា​ក៏​ល្អ​ម្យ៉ាងដែរ ពីព្រោះ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​នោះ អាច​ទទួលបាន​សេវា​ផ្សេងៗ និង​មាន​ជីវភាព​ល្អ​ប្រសើរ​។ បន្ទាប់ពី​បង្កើតជា​ក្រុង​ហើយ រាជរដ្ឋាភិបាល ក៏​គួរតែមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម និង​បំពេញ​លក្ខណសម្បត្តិ​ឱ្យ​ក្រុង​រុន​តា​ឯក​នេះ មាន​សម្រស់​ទាក់ទាញ​ទេសចរណ៍ និង​សកម្មភាព​សេដ្ឋកិច្ច​ដូច​ទៅនឹង​ក្រុង​ដទៃទៀត​ដែរ​។​

​លោក គិ​ម​អេង បាន​ថ្លែងថា​៖ «​នៅពេល​យើង​បាន​បង្កើតជា​ក្រុង​ហើយ មានការ​អភិវឌ្ឍ វា​គឺជា​រឿង​មួយ​ល្អប្រសើរ​ណាស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ផ្លាស់​ទៅកាន់​ទីនោះ មាន​ភាពកក់ក្ដៅ មាន​សេវាសាធារណៈ គ្រប់គ្រាន់ ក៏ដូចជា​ការប្រកបមុខរប​រ​របស់គាត់​ក៏​នៅតែ​អាច​រកចំណូលបាន ដូច​កន្លែង​ពីមុន​ដែរ​»​។​

​លោក យង់ គិ​ម​អេង ថា តំបន់​រុន​ តា​ឯក ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​បង្កើត​ទៅជា​ក្រុង ក៏​វា​រឿង​មួយ​ស្របតាម​គោលបំណង​របស់​ប្រជាពលរដ្ឋ​ផងដែរ ពីព្រោះ​កន្លងមក​តំបន់​នេះ មិនមាន​ការសាងសង់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ច្បាស់លាស់​ឡើយ ខណៈដែល​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចាក​ចេញពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​នោះ​។​

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជាទូទៅ​ការបង្កើត​តំបន់​ណា​មួយ ឱ្យក្លាយ​ទៅជា​ក្រុង​បាន លុះត្រា​តែមាន​សក្ដានុពល​សេដ្ឋកិច្ច មានការ​រីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ មាន​ប្រជាពលរដ្ឋ​ច្រើន ក៏ដូចជា​សកម្ម​​ភាព​ពាណិជ្ជកម្ម​ច្រើន​ផងដែរ​។​

​លោក ប៊ុន​ថង បាន​ថ្លែង​ទៀតថា តំបន់​រុន​តា​ឯក មិនទាន់​ស័​កិ្ត​សម​បង្កើត​ឱ្យទៅជា​ក្រុង​ឡើយ ប៉ុន្តែ​ជា​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ថ្នាក់ជាតិ គឺ​ចង់​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្ដូរ​លំនៅ​របស់ខ្លួន ចាក​ចេញពី​តំបន់​អង្គរ ទៅ​រស់នៅ​តំបន់​រុន​តា​ឯក ដើម្បីឱ្យ​តំបន់​នោះ​មានការ​អភិវឌ្ឍ និង​មាន​ភាព​រីកចម្រើន​ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ សកម្មភាព​ពាណិជ្ជកម្ម ក៏ដូចជា​សកម្ម​ភាពវ​ប្ប​ធម៌ អប់រំ និង​វិស័យ​ទេសចរណ៍​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ វា​ជាការ​តបស្នង​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ក្បែរ​តំបន់​អង្គរ​ហ្នឹង​។ អ៊ីចឹង ការកែប្រែ​ទៅជា​តំបន់​ហ្នឹង​ទៅជា​ក្រុង​នេះ វា​ជួយ​លើកកម្ពស់​ជីវភាព និង​ផ្ដល់​សេវាសាធារណៈ​ផ្សេងៗ​ទាំង​ការអប់រំ សុខ​ភាព និង​ឱកាស​ការងារ​កាន់តែ​ល្អប្រសើរ​»​។​

​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដែលមាន​ប្រជា​ពលរដ្ឋ​រស់នៅ ៤៤២ ​គ្រួសារ ហើយ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​អភិវឌ្ឍ​ជា​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ទីនោះ ដែល​បានផ្តល់​ផ្ទះ និង​ដី​សម្រាប់ធ្វើ​កសិកម្ម​ជាដើម​។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្តូរ​លំនៅ​ចេញពី​តំបន់​រមណីយ​ដ្ឋា​ន​អង្គរ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក មានការ​កើនឡើង​ដល់​ចំនួន ៥ ៨៦៥​ គ្រួសារ​៕