សៀមរាបៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានដើម្បីធ្វើការពិគ្រោះយោបល់លើកទី ២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ និងឯកភាពលើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំអាស៊ាន សម្រាប់ការពិគ្រោះយោបល់ និងការអនុម័តចុងក្រោយ ដោយគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW)។
បើតាមលទ្ធផលនៃសិក្ខាសាលាដែលបានផ្សព្វផ្សាយដោយក្រសួងការងារ កាលពីថ្ងៃទី ១៦ ខែមករាឱ្យដឹងថា សិក្ខាសាលាបានពិភាក្សា និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ។
ក្រសួងបញ្ជាក់ថា៖ «តំណាងពីស្ថាប័ននៃរដ្ឋសមាជិកអាស៊ាន និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ក៏បានកោតសរសើរដល់កម្ពុជាដែលបានរៀបចំសិក្ខាសាលាលើកទី២ នៅខេត្តសៀមរាប និងគំនិតផ្តួចផ្តើមរៀបចំឱ្យមានការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនៅបរទេស ក៏ដូចជាពលករបរទេសដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។
លោកបន្តថាការបង្កើតគោលការណ៍ណែនាំអាស៊ាន ជាមួយនឹងសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន នេះគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារក្នុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ ២០២២។
លោក កត្តា អ៊ន បានថ្លែងថា៖ «ក្រសួងការងារ ក្នុងនាមជាប្រទេសដឹកនាំគម្រោងក្រោមការសហការពីលេខាធិការដ្ឋានអាស៊ាន និងអង្គការអន្តរជាតិខាងការងារ បាននិងកំពុងដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍»។
ជាគោលដៅចម្បងគោលការណ៍ណែនាំអាស៊ាននេះ ក៏នឹងដើរតួជាឯកសារមូលដ្ឋាន និងផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ សម្រាប់ប្រទេសទទួល និងប្រទេសបញ្ជូនពលករក្នុងការធ្វើការចរចាលើកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ក្នុងការឈានទៅសម្រេចបាននូវចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន។ នេះបើតាមលោកកត្តា អ៊ន បានបញ្ជាក់បន្ថែម។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងនៅថ្ងៃទី ១៧ ខែមករាថា វាជារឿងមួយដ៏ល្អបំផុតដែលរដ្ឋជាសមាជិកអាស៊ានបានអនុម័តលើសេចក្តីព្រាងជុំវិញអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ទាំងអស់នៅក្នុងតំបន់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់តំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ប្រសិនបើមិនមានការរៀបចំឱ្យមានគោលការណ៍ណែនាំនេះទេ គឺមានន័យថា ពលករដែលធ្វើការនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ានជាពិសេសពលករកម្ពុជាតែម្តងគឺប្រឈមមុខនឹងការបាត់បង់សិទ្ធិ និងផលប្រយោជន៍ជាច្រើន។
លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «មានន័យថា ពួកគាត់ទៅធ្វើការដោយមិនមានការយកចិត្តទុកដាក់ពីតំណាងរដ្ឋាភិបាលនៃប្រទេសនោះទេ។ ដូចនេះ ការចេញគោលការណ៍ណែនាំនេះ គឺនឹងជួយទៅដល់ពលករទាំងអស់មិនចំពោះតែពលករកម្ពុជាយើងទេ ពលករទាំងឡាយណាក៏ដោយដែលកំពុងបំពេញការងារក្នុងប្រទេសដែលជាសមាជិកអាស៊ាន គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងនោះ»។
លោក ប៉ាវ ស៊ីណា បានលើកឡើងថា បើសិនជាគ្មានគោលការណ៍ណែនាំនេះទេ ពលករទេសន្តរប្រវេសន៍នឹងទទួលរងការរំលោភបំពានសិទ្ធិ កេងប្រវ័ញ្ចកម្លាំងពលកម្ម ញើសឈាមពួកគាត់។ ដូច្នេះគោលការណ៍ណែនាំនេះ ជួយទប់ស្កាត់រាល់ទម្រង់ដែលជាទង្វើកេងប្រវ័ញ្ចដល់កម្លាំងពលកម្មពលករ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីនៃក្រសួងការងារ និងអ្នកពាក់ព័ន្ធប្រមាណ ៨០ នាក់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដែលជាតំណាងនៃគណៈកម្មការអាស៊ាន (ACMW),សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), តំណាងនិយោជក, តំណាងកម្មករនិយោជិត និងអង្គការសង្គមស៊ីវិល នៃរដ្ឋសមាជិកអាស៊ាន, សហព័ន្ធនិយោជកអាស៊ាន (ACE), ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC), លេខាធិការដ្ឋានអាស៊ាន (ASEC), អង្គការអន្តរជាតិខាងការងារ ILO និងប្រទេសទីម័រខាងកើតដែលបានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕