ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ចូលរួមផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយក្នុងអំឡុងពេល ឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយភាពត្រឹមត្រូវ និងអព្យាក្រឹតភាព។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានថ្លែងដូចនេះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ តំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប លោក ម៉ុក ដារ៉ា បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើឱ្យការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយឱ្យមានភាពត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោលការណ៍របស់ គ.ជ.ប និងក្រមសីលធម៌ផងដែរ។
លោកបានបញ្ជាក់ថា ៖«ការគោរពតាមនីតិវិធី និងគោលការណ៍របស់ គ.ជ.ប នេះ ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ដោយសេរីត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
លោក ម៉ុក ដារ៉ា បានលើកឡើងដែរថា ការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ដល់គណបក្សនយោបាយ គឺត្រូវធ្វើឡើងដោយស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។
ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈពីចំនួនម៉ោង និងតម្លៃ ដែលខ្លួនត្រូវលក់ជូនដល់គ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយមិនត្រូវលក់ម៉ោងផ្សាយផ្តាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។
ប្រភពដដែលបានបន្តថា ចំពោះការលក់ម៉ោងផ្សាយនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលចង់លក់ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត នោះនឹងឃើញចំនួននាទី ឬម៉ោងដែលត្រូវលក់ជូនគណបក្សនយោបាយនីមួយៗ។ ប៉ុន្តែក្នុងករណីមានគណបក្ស នយោបាយតិច ឬគណបក្សនយោបាយតែមួយទិញម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញនោះនៅរយៈពេលយ៉ាងច្រើន ២ ដងនៃរយៈពេលដែលគណបក្សនយោបាយនោះត្រូវទទួលបាន។
ដោយឡែក សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺអាចរៀបចំកម្មវិធីនេះបាន ដោយពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ។
គ.ជ.ប បានលើកឡើងដែរថា សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏អាចសុំពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួល មុននឹងរៀបចំកម្មវិធីលើការងារបច្ចេកទេស មួយចំនួនក្នុងការរៀបចំកម្មវិធីប្រធានបទ ឬសំណួរ ដែលត្រូវដាក់ជូនគណបក្សនយោបាយ ការសម្របសម្រួលទីតាំងប្រជុំ សន្តិសុខ និងសុវត្ថិភាព»។
លោ ម៉ុក ដារ៉ា បានបញ្ជាក់ថា៖ «សាមីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះខ្លឹមសារផ្សព្វផ្សាយក្នុងកម្មវិធី សំណួរចម្លើយ ឬកិច្ចពិភាក្សា ដែលរៀបចំឡើងនោះ ហើយអ្នករៀបចំកម្មវិធី និងអ្នកសម្របសម្រួល កម្មវិធីនេះ ត្រូវប្រកាន់ជំហរអព្យាក្រឹត យុត្តិធម៌»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ថ្លែងថា ជាទូទៅនីតិវិធីរបស់ គ.ជ.ប ក្នុងពេលរៀបចំការបោះឆ្នោតព្រឹទ្ធសភានេះ មិនខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ ហើយទាក់ទងនឹងការរៀបចំម៉ោងផ្សព្វផ្សាយពីគោលការណ៍ ឬគោលនយោបាយរបស់គណបក្សនយោបាយនេះ គ.ជ.ប ក៏តែងតែរៀបចំដដែលៗដែរ។
លោកបានថ្លែងថា ៖ «អ្វីដែលសំខាន់គឺការចាត់វិធានការរបស់ គ.ជ.ប ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលរំលោភលើគោលការណ៍របស់ គ.ជ.ប ដែលកន្លងមកយើងឃើញមានប្រព័ន្ធផ្សព្វផ្សាយអនឡាញខ្លះ វិទ្យុខ្លះ មានការប្រើពាក្យសម្ដីដែលមានការគំរាមកំហែង ឬញុះញង់ និងមានការវាយប្រហារទៅលើគណបក្សនយោបាយណាមួយជាដើមនោះ យើងមិនឃើញមានការចាត់វិធានការណាមួយនោះទេ»។
លោក យង់ គិមអេង ថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ នឹងមិនមានបញ្ហាអីកើតឡើងនោះទេ ព្រោះជាការបោះឆ្នោតមួយដែលលទ្ធផលដឹងទុកជាមុនហើយ ព្រោះជាការបោះឆ្នោតអសកល ដែលមានតែក្រុមប្រឹក្សា និងតំណាងរាស្ត្រជាអ្នកបោះឆ្នោតប៉ុណ្ណោះ ហើយការផ្សព្វផ្សាយពីគោលនយោបាយក៏នឹងមិនមានការចាប់អារម្មណ៍ច្រើនដែរ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែនីតិវិធីនៃការរៀបចំរបស់ គ.ជ.ប ជាការចាំបាច់សម្រាប់ឱ្យមានភាពស្មើគ្នា ឬសមធម៌រវាងគណបក្ស និងគណបក្សដែលបានរៀបចំតាមបណ្តាញប្រព័ន្ធព័ត៌មាន ឬអង្គការនានាដែលត្រូវឈរគោលការណ៍របស់ គ.ជ.ប ដែលបានណែនាំនេះ»។
សូមបញ្ជាក់ដែរថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយថ្ងៃបោះឆ្នោតត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕