ភ្នំពេញៈលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការជួយជាថវិកាក្នុងនាមដៃគូអភិវឌ្ឍន៍ក្នុងវិស័យសកម្មភាពមីននៅកម្ពុជាគឺសាធារណរដ្ឋប្រជាមានិតចិនកំពុងតែឈរនៅលំដាប់លេខ១ បន្ទាប់មកប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់នៃបណ្តាប្រទេសដទៃទៀត។
ជាមួយគ្នានោះ លោក ហេង រតនា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានឈរនៅលំដាប់លេខ១វិញម្តងនៅក្នុងផ្គត់ផ្គង់គាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជាតាំងពីការខិតខំសម្រេចឱ្យបាននូវគោលដៅកម្ពុជាអស់មីននៅចុងឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ថវិកាប្រមាណជាង៣០លានដុល្លារដុល្លារសម្រាប់គាំទ្រការបោសសម្អាតមីននេះ។
លោក ហេង រតនា បានលើកឡើងដូចនេះតាមរយៈវីដេអូបទសម្ភាសន៍ ដែលបានផ្សព្វផ្សាយលើបណ្តាញហ្វេសប៊ុករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
លោកបានថ្លែងថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ជាពិសេសជំនួយរបស់រដ្ឋាភិបាលចិនមកដល់ប្រទេសកម្ពុជាយើងដែលតាមរយៈជំនួយនេះធ្វើឱ្យសកម្មភាពបោសសម្អាតមីនមានភាពជឿនលឿនមែនទែន បើយើងប្រៀបធៀបពីការខ្វះដៃគូចិននេះ យើងនឹងមានការលំបាកច្រើនដែលអាចធ្វើឱ្យយើងសម្រេចបាននូវគោលដៅរបស់យើងដែរ»។
បើតាមលោក ហេង រតនា កន្លងមករាជរដ្ឋាភិបាលចិន បានជួយក្នុងវិស័យមីនកម្ពុជា ផ្តោតដោយទៅលើ៣ប្រភពសំខាន់ក្នុងនោះ រួមមាន ការជួយជាថវិកាលើការចំណាយការបោសសម្អាតមីន, ការជួយជាសម្ភារបរិក្ខារទៅដល់បណ្តាដៃគូបោសសម្អាតមីនទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទក្នុងកិច្ចប្រតិបត្តិការ ហើយចំណុចចុងក្រោយគឺការជួយក្នុងការហ្វឹកហ្វឺនធនធានមនុស្ស។
លោកបានថ្លែងថា៖«យើងឃើញថា រដ្ឋាភិបាលចិនបានបង្កើនការយកចិត្តទុកដាក់ ហើយក៏បង្កើនជំនួយទាក់ទិននឹងការគាំទ្រនេះ ហើយមកដល់ម៉ោងនេះ តាមរយៈការជួបជាមួយនឹងភាគីចិន យើងឃើញថា តំណាងរដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តថានឹងបន្តគាំទ្រកម្ពុជាដែលស្ថិតក្នុងដំណាក់កាលសំខាន់ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាដើម្បីផ្តល់សុវត្ថិភាពជូនប្រជាជន ហើយចិនបន្តគាំទ្រការអភិវឌ្ឍនេះ»។
ឆ្លៀតឱកាសនោះ លោក ហេង រតនា ក៏បានបញ្ជាក់ដែរថា ភារកិច្ចចំពោះមុខក្នុងសកម្មភាពដោះមីននេះគឺនៅមានច្រើន និងត្រូវការពេលវេលាយូរ ដែលចំពោះមុខនេះ អង្គភាពស៊ីម៉ាក់ បានរៀបចំផែនការយុទ្ធសាស្ត្រស្របជាមួយនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៨ ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានៃសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងបន្តដំណើររហូតអាចដល់ឆ្នាំ២០៣៥ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមឱ្យអស់ពីទឹកដីកម្ពុជា។
យោងតាមលោក ហេង រតនា គ្រាប់បែកចង្កោមដែលបានទម្លាក់ក្នុងសម័យសង្គ្រាមមានប្រមាណជិត៣០លានកូនគ្រាប់នៅលើទីតាំងប្រមាណ៧០ភាគរយនៃបណ្តាភូមិក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជាដែលប៉ះពាល់ប្រមាណជា១ម៉ឺនភូមិ ហើយកម្លាំងអង្គភាពស៊ីម៉ាក់បានចាប់ផ្តើមស្រាវជ្រាវដើម្បីចងក្រងជាទិន្នន័យជាតិផងដែរ។
សម្រាប់ឆ្នាំ២០២៤ នេះ អង្គភាពស៊ីម៉ាក់ បានដាក់គោលដៅបោសសម្អាតដោះមីនលើផ្ទៃដីប្រមាណ ២៧៨ គីឡូម៉ែត្រការ៉េដែលមានការកើនឡើងជាងឆ្នាំ២០២៣ ប្រមាណជា ១០ គីឡូម៉ែត្រការ៉េ។
សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចនៅអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី១៥ ខែមករា លោក Ma Shengkun អគ្គនាយករង អគ្គនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន កោតសរសើរចំពោះកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ចំពោះការផ្តល់ដីសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម។
លោក Ma Shengkun ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលចិនក្នុងការបន្តគាំទ្ររាជដ្ឋាភិបាលដើម្បីផ្តល់ជំនួយដល់កិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ទាំងថវិកា ទាំងសម្ភារបច្ចេកទេស និងការហ្វឹកហ្វឺនធនធានមនុស្ស៕