ភ្នំពេញៈកម្ពុជា និងអូស្ត្រាលី បង្ហាញការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើបេសកកម្មរក្សាសន្តិភាពតាមរយៈការបង្កើនវគ្គហ្វឹកហ្វឺនរួមគ្នា ខណៈកម្ពុជាស្នើភាគីអូស្ត្រាលី ផ្តល់វគ្គហ្វឹកហ្វឺនខ្លី-វែង ទាំងក្នុងនិងក្រៅស្រុកកាន់តែច្រើនដោយរួមបញ្ចូលទាំងកងកម្លាំងមួកខៀវ និងក្របខ័ណ្ឌកងកម្លាំងកម្ពុជាផងក្នុងក្របខ័ណ្ឌត្រីភាគី។
ការប្តេជ្ញាចិត្តរវាងភាគីទាំង២នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងតំណាងអូស្ត្រាលី លោក Tony Peck នាយអនុព័ន្ធយោធាអូស្ត្រាលីថ្មី ប្រចាំកម្ពុជា និងលោកសែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៅថ្ងៃដដែល។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក សែម សុវណ្ណនី បានស្វាគមន៍ចំពោះវត្តមានមកដល់កម្ពុជារបស់លោក Tony Peck និងបានអរគុណដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្ត្រាលី ដែលតែងជួយកម្ពុជាចំពោះបេសកកម្មរក្សាសន្តិភាពកន្លងទៅដែលអូស្ត្រាលីជាប្រទេសទី១ក្នុងការផ្តល់វគ្គហ្វឹកហ្វឺនផ្នែកបោសសម្អាតមីន ផ្នែកនាយទាហានសេនាធិការ ផ្នែកសង្កេតការណ៍ និងជួយបញ្ជូនកងលេខ១៣៥ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ផង។
លោកកត់សម្គាល់ពីវឌ្ឍនភាពទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី រយៈពេល ៧២ ឆ្នាំ មកនេះ ហើយរយៈពេល ៣២ ឆ្នាំ មកហើយដែលកម្ពុជាធ្លាប់ទទួលវត្តមានកងទ័ពមួកខៀវអូស្ត្រាលី ក្របខ័ណ្ឌអង្គការសហប្រជាជាតិជាង ៥០០ រូប មន្ត្រីជាន់ខ្ពស់ជាច្រើនរូប មករក្សាសន្តិភាពនៅកម្ពុជាក្នុងសម័យអ៊ុនតាក់ ដែលដឹកនាំដោយលោក John Sanderson មេបញ្ជាការបេសកកម្ម UNTAC ដែលជាជនជាតិអូស្ត្រាលី ដោយលោកចាត់ទុកជាគុណូបការៈធំធេងសម្រាប់កម្ពុជា។
លោក សែម សុវណ្ណនី បានរំពឹងយ៉ាងដូច្នេះថា៖«អូស្ត្រាលីនឹងផ្តល់វគ្គហ្វឹកហ្វឺនកាន់តែច្រើន។ អូស្ត្រាលី នឹងបង្កើតឱ្យមានវគ្គហ្វឹកហ្វឺនក្នុងនិងក្រៅស្រុក រយៈពេលវែង-ខ្លី បន្ថែម ដោយអាចរួមបញ្ចូលទាំងកងកម្លាំងមួកខៀវ នគរបាល និងរាជអាវុធហត្ថ»។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក៏បានស្នើដល់ភាគីអូស្ត្រាលីពង្រីកវគ្គហ្វឹកហ្វឺនសម្រាប់កម្ពុជាពីត្រឹមកម្រិតទ្វេភាគី ទៅជាកម្រិតត្រីភាគីបន្ថែមទៀត ដើម្បីស្របតាមការចង់បានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលធ្លាប់ថ្លែងសុន្ទរកដាប្តេជ្ញាចិត្តលើបេសកកម្មរក្សាសន្តិភាពនៅមហាសន្និបាតអង្គការសហប្រជាជាតិកន្លងទៅ។
ចំពោះភាគីអូស្ត្រាលីវិញ លោក Tony Peck បានកត់សម្គាល់ពីភាពរីកច្រើនចំពោះសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីក្នុងបេសកកម្មរក្សាសន្តិភាពនេះដែលលោកកោតសរសើរកម្ពុជាផងដែរដែលបានប្រែក្លាយខ្លួនពីប្រទេសទទួលជំនួយកងទ័ពមួកខៀវទៅជាអ្នកបញ្ជូនកងកម្លាំងរបស់ខ្លួនក្នុងក្របខ័ណ្ឌមួកខៀវទៅបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកវិញ។
លើសពីនេះ លោកបានទទួលយកសំណើរបស់កម្ពុជា ដោយភាពរីករាយ និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសសំណើបង្កើនវគ្គហ្វឹកហ្វឺនយោធា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា អូស្ត្រាលីជាប្រទេសមួយដែលមានបទពិសោធន៍ច្រើននៅក្នុងកិច្ចការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ជាក់ស្តែងអូស្ត្រាលីចូលមកបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជាចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ឬសម័យអ៊ុនតាក់ដែលលោកសម្លឹងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធានិងការរក្សាសន្តិភាពរវាងប្រទេសទាំង២។
ចំពោះទំនាក់ទំនងការទូតវិញ លោកបានបញ្ជាក់ថា៖ «ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ស្ថិតក្នុងផ្លូវវិជ្ជមានដែលស្ថិតនៅលើផ្លូវត្រូវហើយមានការវិវឌ្ឍជាវិជ្ជមាន ទោះបីជាការរិះគន់ទៅលើលម្ហប្រជាធិបតេយ្យ លម្ហនយោបាយជាដើមពីរង្វង់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតូចដែលបំពេញចិត្តម្ចាស់ឆ្នោតរបស់គេនៅទឹកដីអូស្ត្រាលីនោះ»។
គួរជម្រាបជូនថា គិតមកទល់ពេលបច្ចុប្បន្ន អូស្ត្រាលី បានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេសសរុបចំនួន ២៥វគ្គមកឱ្យកម្ពុជា ក្នុងនោះមានសិក្ខាកាមចំនួន១៥៤នាក់បានចូលរួមបណ្តុះបណ្តាល៕