​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ (CARD) លោក អ៊ុក រ៉ាប៊ុន បាន​កោតសរសើរ​អង្គការ ស្បៀងអាហារ​ពិភពលោក​ដែល​តែងតែ​គាំទ្រ និង​សហការ​យ៉ាង​ល្អជា​មួយក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។​

លោក អ៊ុក រ៉ាប៊ុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ ផងដែរ​នោះ បានលើកឡើង​ដូចនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Claire Conan តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែមករា កន្លងទៅនេះ​។​

​យោងតាម​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នា​ក្នុងជំនួប​នេះ លោកស្រី Claire Conan បានលើកឡើង​ពី​វឌ្ឍនភាព​របស់​កម្ពុជា​ ជាពិសេស​លើ​វិស័យ​ស្បៀង និង​អាហារូបត្ថម្ភ​ដែល​សមិទ្ធផល​នេះ​កើតចេញពី​ការដឹកនាំ និង​សម្របសម្រួល​របស់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ផ្ទាល់​។ 

តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​លើកឡើង​ពី​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ២០២៤-២០២៨ របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ដែលមាន​ភាព​ស៊ីគ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល និង​បានស្នើ​ដល់​លោក អ៊ុក រ៉ាប៊ុន ផ្តល់​ការគាំទ្រ​លើ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ផងដែ​។​

លោកស្រី​បាន​ថ្លែងថា ៖ «​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បានធ្វើ​សកម្មភាព​ជាច្រើន​ក្នុងនោះ​រួមមាន ការលើកកម្ពស់​នូវរ​បប​អាហារ និង​អាកប្បកិរិយា​នៃ​ការ​ទទួលទាន​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព ការជួយ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ជាតិ​លើក​ទី​៣ ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការបញ្ចូល​នូវ​មីក្រូ​សារជាតិ​ទៅក្នុង​អាហារ និង​ការធ្វើឱ្យ​ប្រព័ន្ធ​ស្បៀង​បន្ស៊ាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​»​។​

ទន្ទឹមនឹង​នោះដែរ លោក អ៊ុក រ៉ាប៊ុន ក៏បាន​ថ្លែងថា អង្គការ​ស្បៀងអាហារ​ពិភពលោក​តែងតែ​គាំទ្រ និង​សហការ​យ៉ាង​ល្អជា​មួយក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ៖ «​យើង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកស្រី Claire Conan ដែល​បាន​រាយការណ៍​ពី​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ២០២៤-២០២៨ របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ហើយ​ខ្ញុំ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​នេះ​»​។​

ស្រប​ជាមួយគ្នា​នោះដែរ លោក អ៊ុក រ៉ាប៊ុន ក៏បាន​ស្នើឱ្យ​អង្គការ​ស្បៀងអាហារ​ពិភពលោក​បន្ត​គាំទ្រ​ដល់​ដំណើរការ​តាក់តែង អនុវត្ត និង​វាយតម្លៃ​នៃ​យុទ្ធសាស្ត្រ​ជាតិ​លើក​ទី​៣ ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ដើម្បី​រួមចំណែក​សម្រេច​ឱ្យបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​។​

សូម​រំឭក​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​១០ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ផ្តោតលើ​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ នៃ​ការប្រែប្រួល​អាកាសធាតុ​»​។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​តាមរយៈ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​អាហារូបត្ថម្ភ​ថា បញ្ហា​ប្រព័ន្ធ​ស្បៀង និង​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ធំ​២​ដែល​អង្គការសហប្រជាជាតិ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ ដើម្បី​ឱ្យ​​មនុស្ស​គ្រប់រូប​ទទួលបាន​សន្តិ​សុខ​ស្បៀង អាហារូបត្ថម្ភ របប​អាហារ​សុខភាព ការពារ បរិស្ថាន និង​ជំរុញ​ឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង​។ 

លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ពលរដ្ឋ​គ្រប់រូប បន្ត​ការយកចិត្តទុកដាក់ និង​អនុវត្ត ពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ពិសេស​គោលដៅ​ទី​២ គឺ​បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​៕