ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តកិច្ចសហប្រតិបត្តិការថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជា នៅតាម ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នានិងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០២៥។
ការបន្តកិច្ចសហប្រតិបត្តិការថែមទៀតនេះ ត្រូវបានលើកឡើងតាមរយៈជំនួបរវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានពិភាក្សាការងារគ្នាលើវិស័យអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងជំនួបនេះដែរ លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ក្នុងនោះរួមមាន ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
ទី២ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។ ទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ នៅតំបន់ជនបទ និងទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោកបានថ្លែងថា៖ «កិច្ចការចំពោះមុខដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់យកឥរិយាបថ អនាម័យល្អ ក៏ដូចជាការលើកទឹកចិត្តបង្កើតមុខរបរបង្កើនចំណូលគ្រួសារនៅជនបទជាដើម»។
លោក Scott Morris ថ្លែងដោយបានធ្វើការវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង សំដៅផ្តល់ផលប្រយោជន៍ឱ្យ កាន់តែធំធេងថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា។
លោកបានថ្លែងថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ី បានប្ដេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ»។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺក្រសួងសម្រេចបានប្រមាណ ៨៥% នៅទូទាំងប្រទេស។ ក្នុងនោះមានខេត្តចំនួន ៦ ខេត្តហើយ ដែលក្រសួងបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប។
លោកបានបញ្ជាក់ទៀតថា៖ «ក្រសួងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះវិស័យអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាត ជនបទ ធ្វើយ៉ាងណាឱ្យប្រជាជនដែលរស់នៅតំបន់ជនបទទទួលបានទឹកស្អាតក្នុងការប្រើប្រាស់ និងយល់ដឹងអំពីសុខភាព អនាម័យ មានបង្គន់ប្រើប្រាស់គ្រប់គ្រួសារ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ»។
លោក ពិត ករុណា ថ្លែងថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ ក្រសួងក៏បានដាក់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាគោលដៅអាទិភាពសម្រាប់ការអនុវត្តអាណត្តិនេះដើម្បីធ្វើយ៉ាងណាសំដៅដល់ឆ្នាំ២០២៥ គឺឱ្យប្រជាជនមានទឹកស្អាតប្រើប្រាស់ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន ១០០ ភាគរយ៕