ភ្នំពេញៈ​នា​រដូវ​ប្រាំង​នេះ ​ក្រសួ​ងបរិ​ស្ថាន​ បាន​ណែនាំ​ដល់​គណៈ​អភិ​បាល​រាជ​ធានី​-​ខេត្ត​ជំរុញ​ការអ​នុវត្ត​វិធាន​ការ​ទប់​ស្កាត់ ​និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធា​រណៈ​​តាមរ​យៈ​អប់រំ​ណែនាំ​ប្រជា​ពលរដ្ឋ​កុំឱ្យ​ដុត​រាន​ព្រៃ​ វាល​ស្មៅ និង​សំណល់​កសិកម្ម ​ខណៈ​អគ្គ​នាយក​ដ្ឋាន​កៅស៊ូ​បាន​ដាក់​ចេញ​វិធានកា​រ​បង្ការ​អគ្គិ​ភ័យ​ក្នុង​ចម្ការ​កៅស៊ូ​នៅ​រដូវ​ជ្រុះ​ស្លឹក​។​

​សេចក្ដី​ប្រកា​ស​ព័ត៌​មាន​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី​១៨ ​ខែមករា ​ឆ្នាំ​២០២៤ ​បាន​ឱ្យដឹង​ថា ​នៅ​ខណៈ​ដែល​របប​ខ្យល់​មូសុង​កំពុង​បក់​ពី​ទិស​ខាង​ជើង​មក​ទិស​ខាង​ត្បូង​នា​រដូវ​នេះ​ ក្រសួង​បាន​និង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​ខ្យល់​ដោយ​ប្រើ​ឧប​ករណ៍ និ​ង​ស្ថានីយ​ត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​បំពាក់​នៅ​ទូទាំង​ប្រទេស​ចំនួន ​៥១​ ទីតាំង​។ 

ក្រសួង​បញ្ជាក់ថា​​៖​​«​ជា​លទ្ធផ​លគិត​មក​ត្រឹម​ថ្ងៃទី​១៦ ​ខែមករា ​ឆ្នាំ​២០២៤ ស្ថា​នភាព​គុណ​ភាព​ខ្យល់​នៅ​កម្ពុ​ជាមា​ន​ភាព​ល្អប្រ​សើរ គឺ​កម្រិត​ភាគ​ល្អិត​និចល​ PM 2.5 ស្ថិត​ចន្លោះ​ពី​ ១៨,០៣​ ug/m​ ទៅ ​២១,៤៣ g/m ដែល​ទាប​ជាង​កម្រិត​ស្ដង់​ដា​កំណត់គឺ​ ៥០ug/m ជា​មធ្យម​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​»​។​

​ទន្ទឹម​នឹង​នេះ ​ដើម្បី​ធានា​បាន​នូវ​ការ​ទប់​ស្កាត់​ការ​បំពុល​ខ្យល់​ជាយ​ថាហេតុ​​ក្នុង​រដូវប្រាំង​នេះ ​ក្រសួង​បរិស្ថាន ​បាន​ណែនាំ​ដល់​គណៈ​អភិបា​ល​រាជ​ធានី​-​ខេត្ត ​ជំរុញ​ការអនុ​​វត្ត វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សា​ធារ​ណៈ​តាម​រយៈ អប់រំ​ណែនាំ​ប្រជាព​លរដ្ឋ​​កុំឱ្យ ដុត​រាន​ព្រៃ ​វាល​ស្មៅ សំណល់​កសិ​កម្ម ​គល់​ជញ្ជាំង ​សំរាម​-​សំណល់​រឹង និង​ការដុត​សំណល់​ផ្សេងៗ​ទៀត​នៅទី​ចំហ​។​

​ចាត់​វិ​ធានកា​រ​ទប់​ស្កាត់​សកម្ម​ភាព​ដុត​រាន​ព្រៃ ដុត​វាលស្មៅ​ ដុត​សំណល់​កសិកម្ម ​ដុត​សំរាម​ សំណល់​រឹង​នៅ​ទី​ចំហ ​និង​ការ​ឆេះ​ទីលាន​ចាក់​សំរាម​, ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ហុយ​ធូលី​នៅ​ការ​ដ្ឋាន ​សំណង់​ និង​ការដឹ​កជញ្ជូន​សម្ភារ​សំណង់​ និង​ធ្វើការ​សម្អាត​ធូលី ​និង​ធ្វើ​អនា​ម័យ​នៅ​តាម​ដង​ផ្លូវ​ និង ទីសាធា​រណៈ​ឱ្យ​បាន​ជាប់​ជាប្រ​ចាំ​។​

​ជា​មួយ​គ្នានេះ​ ក្រសួង​កសិក​ម្ម និង​ក្រសួង​បរិស្ថាន ​ក៏បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​វិធាន​ការ​ការ​ពារ​និង​ទប់ស្កា​ត់​ភ្លើង​ឆេះ​ព្រៃដ​ល់​គ្រប់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច រ​ដ្ឋបាល​ថ្នាក់ ​ក្រោម​ជាតិ ​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ សហ​គមន៍ សិស្សានុ​សិស្ស ​ព្រះសង្ឃ ​និង​ប្រជា​ពលរដ្ឋ ​ទាំងអ​ស់​ឱ្យបាន​យល់​ច្បាស់​ពី​ករណី​កិច្ច​ក្នុងកា​រ​ការ​ពារ​ ទប់​ស្កាត់ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ​ដោយ​រួម ស​ហការ​យ៉ាង​ជិតស្និ​ទ្ធ​ជាមួយ​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំង​២​។​

​ចំណែក​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយ​កដ្ឋា​ន​កៅស៊ូនៃ​​ក្រសួងក​សិក​ម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាល​ពី​ថ្ងៃទី ១៦​ ខែម​ករា បាន​ឱ្យដឹង​ថា​ ជា​ទូទៅអា​កាសធា​តុ​នៅ​រដូវ​ប្រាំង​តែង​មាន​សភាព​ក្ដៅ​ស្ងួត​ហួត​ហែង​ស្រប​ពេល​ដើម​កៅស៊ូ​ចាប់​ផ្តើម​ជ្រុះ​ស្លឹក​ចន្លោះ​ពី​ខែម​ករា​រហូត​ដល់​ចុងខែ​កុម្ភៈ ដែ​ល​អាច​បង្ក​ជា​គ្រោះ​អគ្គិ​ភ័យ​ជាយថា​ហេតុ​នៅក្នុ​ង​ចម្ការ​កៅស៊ូ​​។ 

​សេចក្តី​ជូនដំ​ណឹង​​បន្ត​ថា «​ដូច្នេះ​ ដើម្បី​ទប់​ស្កាត់ ​និង​បង្ការ​ហានិ​ភ័យ​ខាងលើ​ អ​គ្គនាយក​ដ្ឋាន​កៅស៊ូ សូ​ម​ជម្រាប​ជូន​ដំណឹង​និង​​ក្រើន​រំ​ឭក​ដល់​ម្ចាស់​ចម្ការ​កៅស៊ូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ឱ្យមាន​ការ​ប្រុ​ងប្រយ័ត្ន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​សម្អាត​ចម្ការនិង​ធ្វើ​ផ្លូវ​ភ្លើង​ឱ្យ​បាន​ត្រឹម​ត្រូវ​»​។​

​សេចក្តី​ជូន​ដំណឹង​ណែ​នាំ​ថា ម្ចាស់​ចម្ការ​ត្រូវ​កាត់​ស្មៅ​និង​រុក្ខជាតិ​ចង្រៃ​នៅ​ជុំវិញ​ព្រំចម្ការ​ និង​ចន្លោះ​រង​កៅស៊ូ​ជាប់​ផ្លូវ​ធ្វើ​ដំណើរ​ឱ្យបាន​ស្អាត​និង​ស្រឡះ​ល្អ និង​ប្រមូល​ស្មៅ​រុក្ខ​ជាតិ​ចង្រៃ​ ដែល​កាត់​រួចនិង​ស្លឹក​កៅ​ស៊ូ​ដែល​ជ្រុះ​នៅ​តាម​ចន្លោះ​រង​កៅស៊ូ​ដែល​ជាប់​ផ្លូវ​ធ្វើដំ​ណើរ​ដោយ​ត្រូវ​ដាក់​ជា​គំនរៗ​ប្រវែង​ ២៥​ ម៉ែត្រ​ ដាច់ៗ​ពីគ្នា​តាម​ចន្លោះ​រង​កៅស៊ូ​។​ ត្រូវ​ដុត​មួយ​គំនរ​ម្តងៗ​ដោយ​ចាប់​ផ្តើម​ពី​គំនរ​ ដែល​ស្ថិត​នៅក្រោ​ម​ទិស​ខ្យល់​មុន​គេ​ ហើយ​ការដុត​ត្រូ​វធ្វើ​នៅ​ពេល​ព្រឹក​ព្រលឹម​និង​បញ្ឈប់​យ៉ាង​យូរ​ត្រឹម​ម៉ោង​ ៩​ ព្រឹក​ ដោយ​ត្រូវ​ឃ្លាំមើ​ល​ឱ្យបាន​ហ្មត់​ចត់​ ដើម្បី​ចៀស​វាង​ផ្កាភ្លើង​ហើរ​ទៅ​ឆេះ​កន្លែង​ដទៃ​ទៀត​និង​ត្រូវ​ធានា​ថា​ ភ្លើង​ពិតជា​រលត់​អស់​១ ០០​ ភាគ​រយក្រោ​យពេ​ល​ឈប់​ដុត​។ 

​អ​គ្គនា​យក​ដ្ឋាន​សង្កត់​ធ្ងន់​ថា​៖​​«​ហាម​ដាច់​ខាត​ដុត​សម្អាត​នៅ​ពេល​រសៀល​ព្រោះ​អាច​បង្ក​ឱ្យ​មាន​អគ្គិ​ភ័យ​កើត​ឡើង​ជាយថា​ហេតុ​នៅ​វេលា​យប់​»​។​

​បើ​តាម​ប្រភព​ដដែល​នេះ​ ម្ចាស់​ចម្ការកៅស៊ូ​មិនត្រូវ​រង់ចាំ​​រហូត​ដល់​ស្លឹក​កៅស៊ូ​ជ្រុះ​ ១០០ ​ភាគ​រយ ​ទើប​ប្រមូល​ដុត​នោះ​ទេ ​ព្រោះ​វា​បង្កើត​ជា​គំនរ​ក្រាស់ ​បង្ក​ឱ្យ​ភ្លើង​ឆេះ​ខ្លាំង​ ពិបាក​គ្រប់គ្រ​ង​និង​ប៉ះពាល់​ដល់​ដើម​កៅ​ស៊ូ​ក្នុង​ចម្ការ​។ ការ​ដុត​ស្លឹក​កៅស៊ូ​ធ្វើ​ឡើង​ជា​៣​ដំណាក់​កាល​គឺ ទី​១ ពេល​កៅស៊ូ​ជ្រុះ​ស្លឹក​បាន​ប្រមាណ​៣០​ភាគ​រយ ទី​២ ​ពេល​កៅ​ស៊ូ​ជ្រុះ​ស្លឹក​បាន ​ប្រមាណ​៦០​ភាគ​រយ និ​ង​ទី​៣ ​ពេល​កៅ​ស៊ូ​ជ្រុះ​ស្លឹក​បាន​ប្រមាណ​ ១០០​ ភាគ​រយ​។​

​អភិ​បាលខេ​ត្ត​កំពង់​ចាម​លោក ​អ៊ុន ចាន់​ដា បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី១៨​ ខែមករា​​ថា​ មន្ទីរ​ជំនាញ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដែលមា​ន​ភារ​កិច្ច​បាន​ចុះ​ផ្សព្វ​ផ្សាយ​ស្តីពី​វិធាន​ការ​ទាំង​នេះ​ដល់​ប្រជា​ពលរដ្ឋ និង​បាន​អប់រំ​ពលរដ្ឋ​មិន​ឱ្យ​ដុត​រាន​ព្រៃ​និង​វាលស្មៅ​ផង​ដែរ​។លោ​ក​ថ្លែងថា​​៖«​មន្ទីរ​បរិស្ថាន​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​តាម​ជំនាញ​រប​ស់ខ្លួន​រួច​ហើយ ចំណែក​ខាង​មន្ទីរ​កសិ​កម្ម​ក៏បាន​ចាត់ចែ​ង​រឿង​នេះ​ផង​ដែរ​»​។​

​លោក​អភិបា​លខេ​ត្ត​ឱ្យដឹង​ទៀត​ថា សម្រាប់​ខេត្ត​កំពង់​ចាម​​ដែល​ជា​ខេត្ត​មាន​ដំណាំ​កៅស៊ូ​ច្រើន មិន​ដែល​មាន​អគ្គិ​ភ័យ​នៅ​ចម្ការ​កៅ​ស៊ូ​នោះទេ​ ខណៈ​ខេត្ត​នេះ​មាន​ផ្ទៃ​ដី​ដាំ​កៅ​ស៊ូ​ជាង​២​ម៉ឺន​ហិក​​តា​៕