ព្រះវិហារៈ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ផ្ដើមជំរុញការងារលុបបំបាត់ឱសថក្លែងក្លាយ តាមរយៈការចុះហាមឃាត់ចំពោះអ្នកលក់ឱសថតាមរថយន្តចល័តតាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាត និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពលក់ឱសថបែបនេះជាបន្តទៅទៀត ដើម្បីធានាសុខុមាលភាពអ្នកប្រើប្រាស់។
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករាថា ការហាមឃាត់ និងបញ្ឈប់សកម្មភាពទាំងអស់នេះ គឺដោយសារតែមន្ទីរសុខាភិបាលខេត្តបានពិនិត្យឃើញឱសថទាំងនោះពុំមានលិខិតអនុញ្ញត តាំងពីច្បាប់អនុញ្ញាតពីការលក់ឱសថផង ក៏ដូចជាច្បាប់ក្នុងផ្សព្វផ្សាយឱសថ។
លោកសង្កេតឃើញថា ឱសថដែលបានអំពាវនាវលក់ទាំងនោះមានដូចជា ឱសថបុរាណ ប្រេងកូឡា ប្រេងខ្យល់ និងកៅអៀករូបខ្លាជាដើម ដែលកំពុងឃោសនាផ្សព្វផ្សាយលក់បែបលក្ខណៈបោកប្រាស់។
លោកថ្លែងថា៖ «ក្នុងនាមយើងជាមន្ទីរសុខាភិបាល ជាមួយអាជ្ញាធរ គឺយើងត្រូវតែបញ្ឈប់គាត់ ពីព្រោះមិនមានឱសថមួយអាចព្យាបាលជំងឺបានគ្រប់មុខនោះទេ ហើយថែមទាំងជាឱសថបុរាណដែលមិនមានច្បាប់អនុញ្ញាតទៅទៀត និងមិនដឹងថា ឱសថបុរាណហ្នឹងផ្សំពីអ្វី មានផលប៉ះពាល់អ្វីក៏យើងមិនបានដឹងដែរ។ អ៊ីចឹងមានគ្រោះថ្នាក់ណាស់ប្រសិនបើប្រជាពលរដ្ឋបានទិញយកមកប្រើប្រាស់»។
បើតាមលោក គួង ឡូ ប្រសិនបើអ្នកលក់ឱសថនៅតាមដងផ្លូវ មានច្បាប់អនុញ្ញាតតាំងពីការផ្សព្វផ្សាយ និងច្បាប់អនុញ្ញាតពីការលក់ឱសថ នោះគឺមន្ទីរសុខាភិបាល ក៏ដូចជាអាជ្ញាធរមិនមានការហាមឃាត់រាល់ការលក់ឱសថរបស់ពួកគាត់ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្សព្វផ្សាយលក់ឱសថចល័តនៅតាមផ្លូវ មានច្បាប់ក្ដី ឬមិនមានច្បាប់ក្ដី លោកណែនាំឱ្យប្រជាពលរដ្ឋត្រូវតែចៀសវាងការទិញឱសថទាំងនោះយកប្រើប្រាស់ពីព្រោះឱសថដែលពិតប្រាកដ គឺមានទីតាំងបើកលក់ត្រឹមត្រូវ មិនមែនដើរលក់ចល័តពីខេត្តមួយទៅខេត្តមួយទៀតបែបនេះទេ។
លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋយើង ត្រូវតែចៀសវាងដាច់ខាតក្នុងការទិញឱសថដែលលក់ចល័តនៅតាមផ្លូវ ពីព្រោះវាអាចខាតថវិកា និងអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរក៏មាន។ អ៊ីចឹងបើគាត់មានបញ្ហាសុខភាព សូមទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យវិញ គឺវាល្អជាង»។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបន្ថែមទៀតថា ចំពោះការងារលុបបំបាត់ឱសថក្លែងក្លាយនេះដែរមិនមែនមន្ទីរសុខាភិបាល ចាប់ផ្ដើមជំរុញការអនុវត្តហាមឃាត់តែអ្នកលក់ឱសថចល័តនៅតាមដងផ្លូវដោយគ្មានច្បាប់អនុញ្ញាតនោះទេ គឺគ្រប់ឱសថស្ថានទាំងអស់នៅទូទាំងខេត្តព្រះវិហារ ក៏ចុះទៅត្រួតពិនិត្យមើលទាំងការលក់ប្រភេទឱសថ ក៏ដូចជាពិនិត្យមើលឱសថការីដែលឈរឈ្មោះក្នុងការបើកឱសថស្ថានផងដែរ។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា តាំងពីដើមមក គឺលោកតែងតែឃើញមានការផ្សព្វផ្សាយលក់ឱសថ ឫថ្នាំបុរាណនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយការផ្សព្វផ្សាយនេះទៀតសោត គឺវាជារឿងដែលមិនត្រូវតាមច្បាប់ឡើយ។
លោកបន្តថា ជាមួយគ្នានោះ ការផ្សព្វផ្សាយក៏មានអមដោយការលេងសៀក ឬលេងល្បែងអ្វីមួយ ដើម្បីឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ក្នុងការទិញថ្នាំទាំងនោះយកមកប្រើប្រាស់ ជាពិសេសឱសថបុរាណមួយចំនួនដែលមិនមានប្រភពច្បាស់លាស់។
លោកបញ្ជាក់ថា៖ «ប្រជាជនយើង ត្រូវតែចៀសវាងទិញឱសថលក់តាមផ្លូវហ្នឹង ពីព្រោះឱសថទាំងនោះមិនមានអ្នកណាមកទទួលស្គាល់ត្រឹមត្រូវ ហើយជាឱសថខូចគុណភាព។ ដូច្នេះនៅពេលប្រើប្រាស់វាអាចប៉ះពាល់សុខភាព ខណៈដែលជម្រើសល្អ យើងត្រូវតែទិញនៅតាមឱសថស្ថានដែលមានស្លាក និងបញ្ជិកាត្រឹមត្រូវតាមច្បាប់វិញ»។
លោក នុត សម្បត្តិ ថ្លែងទៀតថា៖«ការប្រើប្រាស់ឱសថដែលក្លែងក្លាយ គឺវាមានផលវិបាកច្រើនណាស់ទាំងការខូចសុខភាព ធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ហេតុនេះត្រូវខាតបង់ថវិកាផង ត្រូវខាតបង់ពេលវេលាក្នុងការព្យាបាលជំងឺផង»៕