ត្បូងឃ្មុំៈ ក្រសួងរ៉ែ និងថាមពល បន្តរកឃើញសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ៣ ទីតាំងទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំខណៈម្ចាស់អាជីវកម្មរ៉ែទាំងនោះ ស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់តទៅទៀត។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីក្រសួងបានបើកប្រតិបត្តិការទ្រង់ទ្រាយធំបែបនេះលើទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបានទទួលការស្វាគមន៍ពីប្រជាពលរដ្ឋទូទៅ ជាពិសេសពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយពលរដ្ឋបន្តចូលរួមសហការផ្តល់ព័ត៌មាន អំពីវត្តមានអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន ៣ទីតាំង បន្ថែមទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រសួងបញ្ជាក់ថា៖«ជាក់ស្តែង គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និង ថាមពល បានទទួលព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន ៣ ទីតាំងបន្ថែមទៀត នៅក្នុងស្រុកមេមត់។ការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្រសួង បានឱ្យម្ចាស់អាជីវកម្មរ៉ែមាសអនាធិបតេយ្យទាំងនោះ ស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន»។
ក្រសួងរ៉ែនិងថាមពល នឹងបន្តប្ដេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួម ចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រ និងការការពារពីច្បាប់។
ជុំវិញបញ្ហានេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាបានលើកឡើងថា កាលពីសប្តាហ៍មុនក៏មានការរកឃើញនិងបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់បែបនេះនៅខេត្តត្បូងឃ្មុំផងដែរ ដូច្នេះករណីនេះវាមិនមែនជារឿងតូចតាចនោះទេ វាបានក្លាយជាក្តីកង្វល់ដ៏ធំមួយ។
លោកថា៖«ក្តីកង្វល់នោះគឺថា តើការរកស៊ីអាជីវកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់បែបនេះកើតឡើងតាំងពីពេលណា? ហើយនៅមានប៉ុន្មានកន្លែងទៀត? ប្រសិនបើករណីនេះបន្តនោះ វាប៉ះពាល់បរិស្ថាន បាត់បង់ចំណូលជាតិ ប៉ះពាល់ដល់សុខភាពពលរដ្ឋ ហើយជាពិសេសវានឹងបង្កភាពហិនហោចដល់ធនធានរ៉ែនៅតំបន់នោះ។
ដូច្នេះចង់ឬមិនចង់ អាជ្ញាធរត្រូវតែដាក់គោលដៅបង្រ្កាបឱ្យបានទៀងទាត់ មិនមែនម្តងម្កាល ឬក៏ចាំតែការរាយការណ៍ពីពលរដ្ឋនោះទេ»។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរចាំតែទទួលបានការរាយការណ៍ពីពលរដ្ឋបែបនេះ នោះការរកស៊ីរ៉ែខុសច្បាប់នេះនៅតែបន្តមាន ហើយវាជាសញ្ញាណមួយដែលទាមទារឱ្យក្រសួង និងបណ្តាអាជ្ញាធរពាក់ព័ន្ធដាក់ចេញនូវវិធានការក្តៅស្វែងរកហេតុផល និងអ្នករកស៊ីរ៉ែពិតប្រាកដដើម្បីយកមកដាក់ទោសទណ្ឌ ជាជាងបង្ក្រាបតែពលរដ្ឋធម្មតា។
កាលពីសប្តាហ៍មុន ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ដោយបានហាមឃាត់ និងបិទការធ្វើអាជីវកម្មរ៉ែខុសច្បាប់ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ប្រជាពលរដ្ឋដែលធ្លាប់ធ្វើអាជីវកម្មរករ៉ែបែបលក្ខណៈគ្រួសារ ប្រែក្លាយទៅជាប្រើឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម ក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត និងជីកអណ្តូងរ៉ែយ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាត៕ វង្ស ដារាវ៉ាឌី