ភ្នំពេញៈ ក្រសួងសុខាភិបាលបានស្នើដល់អង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ឱ្យបន្តជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីឆ្មបកម្ពុជា និងពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀតនៅភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតា និងការបន្តពូជដើម្បីជួយដល់ស្ត្រីសម្រាលកូនប្រកបដោយសុខសុវត្ថិភាព។
សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី សាន់ដ្រា បឺនក្លរ (Sandra Bernklau) ប្រធានមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជាកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកស្រី សាន្រ់ដា បានជម្រាបជូនថា អង្គការ UNFPA បានចាប់ផ្តើមធ្វើការនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ដោយបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើផ្នែកសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិបន្តពូជ ការងារហិង្សាផ្អែកលើយេនឌ័រ និងការអភិវឌ្ឍប្រជាជន ក្រោមភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត អង្គការជាតិអន្តរជាតិ និងគ្រឹះស្ថានសិក្សា។
លោកស្រីបានបញ្ជាក់ថា៖ «ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការ UNFPA មានគោលបំណងចូលរួមជាមួយក្រសួងសុខាភិបាលសម្រេចឱ្យបានគោលដៅឆ្នាំ ២០៣០ តាមរយៈលទ្ធផលនៃការផ្លាស់ប្តូរទាំង ៣ រួមមាន ១-គ្រប់យ៉ាងនឹងឆ្លើយតបទៅនឹងតម្រូវការផែនការគ្រួសារ ២-គ្មានការស្លាប់របស់មាតាក្នុងមូលហេតុដែលអាចបង្ការបាន និង ៣-គ្មានការអនុវត្តដែលបង្កគ្រោះថ្នាក់និងអំពើហិង្សាលើយេនឌ័រ»។
ជាការឆ្លើយតបលោក កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់អង្គការ UNFPA ដែលបានសហការគាំទ្រក្រសួងសុខាភិបាល និងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សក្នុងពេលកន្លងមក។
ជាមួយគ្នានេះ លោកបានស្នើអង្គការ UNFPA បន្តរក្សា និងពង្រីកទីតាំងបន្ថែមសកម្មភាពការងារដែល UNFPA បាននិងកំពុងជួយគឺខេត្តទាំង ៨ នៅតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតា និងបន្តពូជវ័យជំទង់ និងយុវជនខ្ពស់បំផុត។ លោកបានបន្តថា៖«ជាពិសេសជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដើម្បីជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពមាតា ទារកនិងកុមារជូនពួកគាត់»។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ កុយ វ៉ាន់នី ក៏បានស្នើដល់អង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារ និងបន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ និងផ្លូវភេទ គ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ ព្រមទាំងជួយលើការបណ្តុះបណ្តាលក្រុមការងារកោសល្យវិច័យវេជ្ជសាស្ត្រ។
កាលពីឆ្នាំ ២០២១ UNFPA បានផ្ដល់កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ជាង ៤ ពាន់កញ្ចប់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់។
សូមបញ្ជាក់ថា UNFPA គឺជាទីភ្នាក់ងារនាំមុខគេរបស់អង្គការសហប្រជាជាតិដែលបង្កើតឡើងសម្រាប់ជួយកិច្ចការសម្រាលកូន នៃប្រទេសជាសមាជិកនៅជុំវិញពិភពលោក ដែលមានបំណងចង់ឱ្យរាល់ការមានគភ៌ និងរាល់ការសម្រាលកូន គឺមានសុខសុវត្ថិភាព ដើម្បីសក្តានុពលមនុស្សវ័យក្មេងគ្រប់រូបប្រកបដោយសុវត្ថិភាព និងផលិតភាព ជាពិសេសកាត់បន្ថយអត្រាមរណភាពជាសកល៕