ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានពិភាក្សាជាមួយតំណាងប្រទេសប្រ៊ុយណេដារូសាឡឹម និងប្រទេសអ៊ីរ៉ង់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងអភិវឌ្ឍវិស័យមួយនេះប្រកបដោយនិរន្តរភាព និងភាពធន់ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍ផងដែរ។
កិច្ចពិភាក្សានេះត្រូវបានប្រព្រឹត្តឡើងក្នុងជំនួបដាច់ដោយឡែកពីគ្នារវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ALI AKBAR NAZARI ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីរ៉ង់ប្រចាំកម្ពុជា និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រទេសប្រ៊ុយណេដារូសាឡឹមប្រចាំកម្ពុជា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។ ក្រសួងទេសចរណ៍បានឱ្យដឹងតាមបណ្តាញសង្គមតេឡេក្រាមថា ជំនួបទាំងនោះដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសនិងប្រទេស។
សម្រាប់ជំនួបរវាងភាគីកម្ពុជា និងអ៊ីរ៉ង់ ភាគីទាំង ២ បានប្ដេជ្ញាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ ក៏ដូចជា ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរនៃប្រទេសទាំង ២ ទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោក ALI AKBAR NAZARI ក៏បានកោតសរសើរពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់ពីសំណាក់ប្រជាជនកម្ពុជាដែលភ្ញៀវទេសចរអ៊ីរ៉ង់ទទួលបានក្នុងអំឡុងពេលមកទស្សនានៅកម្ពុជាកន្លងមក។
ដោយឡែកក្នុងជំនួបរវាងលោក សុខ សូកេន និងលោក Pengiran Kasmirhan Pengiran Tahir វិញ ភាគីទាំង ២ ក៏បានប្តេជ្ញាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំង ២ ប្រកបដោយនិរន្តរភាព និងភាពធន់ ព្រមទាំងជំរុញលំហូរភ្ញៀវទេសចរក្នុងតំបន់អាស៊ានតាមរយៈកិច្ចប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាលោក ធួន ស៊ីណាន បានថ្លែងថា ទំនាក់ទំនងកិច្ចការបរទេសរវាងប្រទេស និងប្រទេស មិនថាប្រទេសនោះតូច ធំ ជិត ឬឆ្ងាយ មិនថា ប្រទេសនោះកុម្មុយនីស្តឬសេរីទេ សុទ្ធតែមានប្រយោជន៍សម្រាប់កម្ពុជាដែលផ្តើមចេញពីការទូតមកធ្វើពាណិជ្ជកម្មរួមគ្នា។
លោកបានបន្តថា៖ «យើងដឹងហើយថា អ៊ីរ៉ង់ និងកូរ៉េខាងជើងមានស្ថានភាពមិនខុសគ្នាប៉ុន្មានទេ គ្រាន់តែថា អ៊ីរ៉ង់ មានសេដ្ឋកិច្ចខ្លាំងនៅទ្វីបរបស់គាត់ដែលជាខ្លាសេដ្ឋកិច្ចមួយ ដោយសារមានប្រេង អ៊ីចឹងប្រជាជនគាត់មានលទ្ធភាពច្រើនក្នុងការធ្វើដំណើរកម្សាន្ត»។
បើតាមលោក ធួន ស៊ីណាន ភ្ញៀវទេសចរអ៊ីរ៉ង់កន្លងមកបានធ្វើដំណើរកម្សាន្តទៅប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងធ្វើដំណើរទៅប្រទេសផ្សេងៗជាច្រើន។ សម្រាប់រូបលោក អ៊ីរ៉ង់ក៏ជាទីផ្សារមួយដ៏ល្អសម្រាប់កម្ពុជាដែរ។
ដោយឡែកប្រ៊ុយណេ ដែលជាប្រទេសក្នុងតំបន់អាស៊ាន លោកបានបង្ហាញថា ថ្វីដ្បិតប្រ៊ុយណេ មានប្រជាជនតិច ប៉ុន្តែបើកម្ពុជាមានទំនាក់ទំនងកាន់តែល្អជាមួយប្រទេសនេះនឹងធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាឈានទៅមួយកម្រិតទៀតក្នុងការជួយជំរុញវិស័យទេសចរណ៍ទៅវិញទៅមក។
លោកថា៖ «ពីព្រោះយើងមានប្រជាជន ១៧ លាននាក់ ហើយប្រជាជនប្រ៊ុយណេមានតែ ៦០ ម៉ឺននាក់ទេ ប៉ុន្តែប្រ៊ុយណេជាប្រជាជាតិមួយស្ថិតក្នុងប្រទេសរីកចម្រើនដែលស្ថានភាពប្រជាជនមានជីវភាពល្អដោយមានប្រភពចំណូលពីប្រេង។ អ៊ីចឹង ប្រ៊ុយណេក៏មានអ្នកដើរលេងច្រើនដែរ ដូច្នេះប្រសិនបើក្នុង ១ ឆ្នាំ កម្ពុជាអាចទាក់ទាញប្រ៊ុយណេបានតែ ៣ ម៉ឺនមកទេសចរនៅកម្ពុជាក៏ជាចំនួនមួយគួរសមដែរ»៕