ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជា ខណៈក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី។
លោកហ៊ុន ម៉ាណែតបានស្នើដូច្នេះទៅលោក Daren Tang អគ្គនាយកអង្គការ WIPO ក្នុងជំនួបនាឱកាសលោកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងដាវ៉ូស នាថ្ងៃទី ១៧ ខែមករា។
ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។
បណ្តាញសង្គមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «សម្ដេចធិបតីក៏បានស្នើអង្គការ WIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ»។
លោក Daren Tang យល់ស្របទៅនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ WIPO និងប្រទេសកម្ពុជា។ បណ្តាញសង្គមដដែលលើកឡើងថា លោក Daren Tang ក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោក Daren Tang និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកម្ពុជានានាលោក Daren Tang បានស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ។
ដោយឡែក ក្នុងជំនួបជាមួយលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន នាថ្ងៃទី ១៧ ខែមករាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
យោងតាមបណ្តាញសង្គមលោក ហ៊ុន ម៉ាណែត លោក Taro បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត ហើយលោកលើកឡើងថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់។
លោកបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរបស់លោក Taro អំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាងក្របខ័ណ្ឌគោលនយោបាយហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវនិងជាត្រីវិស័យ ដែលជួយធ្វើឱ្យការសម្រេចបានត្រឹមត្រូវ។
បណ្តាញសង្គមដដែលបន្ថែមថា៖ «សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម»។
លោក Lim Boon Heng ប្រធានក្រុមហ៊ុនស្វ៊ីសឈានមុខ Temasek Holdings ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី ១៧ ខែមករា នោះដែរបញ្ជាក់ថា ក្រុមហ៊ុនលោកមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏ជាគោលដៅអាទិភាពមួយដែរ។ នេះបើយោងតាមបណ្តាញសង្គមលោកហ៊ុន ម៉ាណែត។
ប្រភពដដែលបន្តថា លោក Lim Boon Heng បានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត ខណៈលោក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍និងបំណងក្នុងការវិនិយោគលើវិស័យទាំងនេះ។
ក្រុមហ៊ុន Temasek Holdings បាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោកដោយផ្ដោតលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និងអចលនទ្រព្យ។
បណ្តាញសង្គមដដែលបន្តថា លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ អន្តរជាតិ (USAID) ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ ៥ ឆ្នាំ ផងដែរ។
លោកស្រីបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា។
លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair ក្នុងជំនួបជាមួយលោក ហ៊ុនម៉ាណែតបានថ្លែងថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ លោក Blair បានបង្ហាញពីគោលបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា។ នេះបើយោងតាមបណ្តាញសង្គម លោក ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២ ភាគរយ នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០។ កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ផងដែរ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន»។
ពាក់ព័ន្ធជំនួបរវាងលោក ហ៊ុន ម៉ាណែតនិងមេដឹកនាំនៃប្រទេសនានាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅបារាំង និងស្វ៊ីសនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជា ថ្លែងថា នេះគឺជាឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ផ្ទាល់ក៏ដូចជារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនៅក្នុងនយោបាយការបរទេសដែលបានកំណត់ថា មុតស្រួច និងស្វាហាប់ទៅលើកិច្ចការអន្តរជាតិដើម្បីជាផលប្រយោជន៍ជាតិ។ លោក ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងពិតប្រាកដដើម្បីប្រជាជាតិរបស់ខ្លួន។
លោកបន្ថែមថា៖ «ចំណុចទី២ បានបង្ហាញយ៉ាងច្បាស់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលជាម្ចាស់ឆ្នោត ដែលមិនបានធ្វើឱ្យម្ចាស់ឆ្នោតខកបំណងទៅលើការបោះឆ្នោតជូនគណបក្សប្រជាជនក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ហ្នឹង។ ទី៣ ក៏ចង់បញ្ជាក់នូវទស្សនៈនយោបាយប្រឆាំងកម្ពុជា ដែលលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែឱបជើងមហាអំណាចនេះ ឱបជើងមហាអំណាចនោះ មិនឃើញទៅប្រទេសបស្ចិមលោកអីជាដើម»។
លោក យង់ ពៅ ថ្លែងថា នេះបានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលគឺប្រកាន់នយោបាយការបរទេសចម្រុះពណ៌ មិនបានផ្អែកទៅលើតែប្រទេសណាមួយទេ គឺស្វាគមន៍ជានិច្ចនៃការធ្វើកិច្ចសហប្រតិបត្តិការទាំងមហាអំណាច និងបណ្ដាប្រទេសជាមិត្តទាំងអស់ ដោយផ្អែកលើឯករាជភាព ច្បាប់ជាតិ និងច្បាប់អន្តរជាតិរបស់ខ្លួន។ ការបំពេញទស្សនកិច្ចនៅអឺរ៉ុបលើកនេះ គឺជាការបង្ហាញយ៉ាងមុតមាំចំពោះទំនាក់ទំនងកម្ពុជាបារាំង ហើយសម្រាប់កិច្ចសហប្រតិបត្តិការពីមុនៗមកកម្រឃើញនូវការបំពេញទស្សនកិច្ចប្រកបដោយជំនឿចិត្ដ និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំកម្ពុជា-បារាំងបែបនេះ៕