ភ្នំពេញៈ អង្គការ WWF និងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាកំពុងបង្កើនការងារបង្កាត់ពូជនិងពង្រឹងការពារដែនជម្រកសត្វក្រពើភ្នំជាមួយសហគមន៍មូលដ្ឋាន ខណៈចំនួនក្រពើភ្នំក៏ដូចជាសម្បុកពងកូនប្រភេទសត្វជិតផុតពូជកំពុងទទួលរងការគំរាមកំហែងពីការបរបាញ់ និងការបាត់បង់ទីជម្រក។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមករាថា ក្រពើភ្នំគឺជាអម្បូរល្មូន និងជាសត្វព្រៃដែលជិតផុតពូជបំផុតក្នុងភពផែនដីដែលចំនួនប៉ាន់ប្រមាណនៅក្នុងពិភពលោកមានប្រហែល ១ ០០០ ក្បាល ខណៈវត្តមានប្រភេទសត្វនេះ មានច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ថៃឡង់ និងវៀតណាម។
លោកបានបន្តថា ដោយឡែកនៅកម្ពុជា ក្រពើភ្នំមានវត្តមាននៅតំបន់ជួរភ្នំក្រវាញ ដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងទន្លេស្រែពកក្នុងខេត្តមណ្ឌលគិរីដែលចំនួនប៉ាន់ប្រមាណសត្វក្រពើភ្នំនៅកម្ពុជាសរុបមានប្រហែល ៤០០ ក្បាល កំពុងរស់នៅក្នុងដែនជម្រកធម្មជាតិ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះបើប្រៀបធៀបប្រទេសជិតខាង និងនៅក្នុងពិភពលោក ប្រទេសកម្ពុជាយើង មានវត្តមានក្រពើភ្នំច្រើនជាងគេដែលយើងអាចនិយាយបានថា ជាប្រទេសដែលមានពូជក្រពើធម្មជាតិសុទ្ធច្រើនជាងគេ និងចុងក្រោយគេក្នុងផែនដីយើងនេះ»។
បើតាមលោក សេង ទៀក ទន្ទឹមនឹងកម្ពុជានៅសល់វត្តមានក្រពើភ្នំច្រើនជាងប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែសត្វក្រពើភ្នំកំពុងប្រឈមនឹងកត្តាគំរាមកំហែងនានា រួមមាន ការបរបាញ់ ការប្រមូលយកពងរបស់ក្រពើភ្នំការបាត់បង់ទីជម្រក ក៏ដូចជាការផ្លាស់ប្តូរលំហូរទឹកដោយសារទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃដងទន្លេមេគង្គ។
លោកបានបន្តថា ដោយមើលឃើញពីកត្តាគំរាមកំហែងនេះ ទាំងអង្គការអភិរក្សនានា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានរួមគ្នាកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងស្តារពូជសត្វក្រពើភ្នំជាច្រើន។ កិច្ចការទាំងនេះបានផ្តួចផ្តើមឡើង និងមានការអនុវត្តការងារអភិរក្សចាប់តាំងពីឆ្នាំ ២០០០ មកតាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្សរួមដូចជា ការពារតំបន់ដែលវត្តមានសត្វក្រពើភ្នំ ការពារសម្បុកនិងកូនក្រពើភ្នំជាដើម។
លោក សេង ទៀក បានបន្ថែមថា៖ «ឥឡូវនេះយើងកំពុងពង្រឹងការពារតំបន់ជាក់លាក់មួយចំនួនដែលមានវត្តមានសត្វក្រពើភ្នំនិងបង្កើនការបង្កាត់ពូជក៏ដូចជាលែងក្រពើភ្នំឱ្យចូលដែនធម្មជាតិវិញ ជាពិសេសយើងបានទាញការចូលរួមការពារ និងការដើរល្បាតរបស់សហគមន៍មូលដ្ឋាន»។
ដោយឡែកអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបានឱ្យដឹងតាមហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី ១៦ ខែមករាថា ក្រពើភ្នំ គឺជាប្រភេទសត្វមួយដ៏មានតម្លៃក្នុងការអភិរក្ស ដោយសារវត្តមានសត្វប្រភេទនេះមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ជាពិសេសក្រពើភ្នំក៏មានតម្លៃសម្រាប់ផ្នែកវប្បធម៌ និងជំនឿសហគមន៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះវត្តមានសត្វប្រភេទនេះ បានឆ្លុះបញ្ចាំងអំពីអាយុកាលដ៏យូរអង្វែងនៅក្នុងវប្បធម៌ខ្មែរ តាមរយៈចម្លាក់ក្រពើស៊ីត្រី នៅលើតួប្រាសាទអង្គរវត្ត។
ប្រភពខាងលើបញ្ជាក់ថា៖ «យើងកំពុងផ្តោតលើការអភិរក្សក្រពើភ្នំដែលមាននៅក្នុងធម្មជាតិ និងទីជម្រករបស់វា ដែលយើងបានបង្កើតដែនជម្រកសត្វក្រពើភ្នំដោយមានការឯកភាព និងមានការចូលរួមពីសហគមន៍មូលដ្ឋានក្នុងសកម្មភាពល្បាត និងការពារក្រពើភ្នំ និងដែនជម្រករបស់វា»។
បើតាមអង្គការដដែលនេះ ក្រុមអ្នកជំនាញក៏កំពុងអង្កេតជាប់ជាប្រចាំដើម្បីតាមដានចំនួនក្រពើភ្នំ និងសម្បុកពងកូនក៏ដូចជាកត្តាគំរាមកំហែងនានាដែលបណ្ដាលឱ្យក្រពើភ្នំមានការថយចុះ។ ដូច្នេះហើយបេសកកម្មរបស់អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា គឺត្រូវធ្វើយ៉ាងណាដើម្បីធានាថា ក្រពើភ្នំនៅតែមានវត្តមានសម្រាប់មនុស្សជំនាន់ក្រោយ៕