ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល លោក Tony Blair បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ហើយបានបង្ហាញបំណង ដើម្បីពង្រឹងកិច្ចសហការបន្ថែមជាមួយនឹងកម្ពុជាលើវិស័យសំខាន់ៗផងដែរ។
ការបង្ហាញបំណងពង្រឹងកិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស៊្វីសនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
លទ្ធផលជំនួបបានបញ្ជាក់ថា៖"ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ហើយក្នុងនោះក៏មានប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ ជាមួយនេះ ឯកឧត្តម Tony Blair បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយឯកឧត្តមបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ។ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។
ចំពោះវិស័យថាមពល និងបរិស្ថានវិញ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់ ៧០% ត្រឹមឆ្នាំ២០៣០។ កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ផងដែរ។
លើសពីនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ក្រៅពីនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕