ភ្នំពេញៈ ទីភ្នាក់ងារ USAID បានកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង មរណភាព ហើយបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់បន្តទៀតជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅទីក្រុងដាវ៉ូស សហព័ន្ធស៊្វីសនាថ្ងៃទី១៧ ខែមករា ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Samantha Power បានលើកឡើងពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា។ ក្នុងនោះជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខារសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច។
យោងតាមលទ្ធផលជំនួបបានឱ្យដឹងថា៖«លោកជំទាវក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារតូចក្រោមអាយុ ៥ ឆ្នាំ ផងដែរ»។
លទ្ធផលដដែលក៏បានបន្ថែមថា៖«លោកជំទាវ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា"។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅកម្ពុជា នាពេលកន្លងមក។ លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក«ក្នុងការបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា» ក្នុងពេលដែលលោកបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉កនាពលកន្លងមក៕