លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន បានពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលសមាសធាតុសំខាន់ក្នុងការជំរុញកំណើតសេដ្ឋកិច្ចថ្មីបន្ថែមទៀត។ នេះបើតាមតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤។
ការពិភាក្សានេះធ្វើឡើង នៅរសៀលថ្ងៃទី១៧ ខែមករា ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស សហព័ន្ធស្វ៊ីស ហើយលោកបានអនុញ្ញាតឱ្យលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ប្រភពដដែលបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានលើកឡើងពីទំនាក់ទំនងកម្ពុជា ជប៉ុន ដែលបានឈានឡើងដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំង២។ លោកបានថ្លែងការអរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលតែងជួយគាំទ្រដល់ប្រទេសកម្ពុជា រហូតមក។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏បាន រំឭកពីដំណើរទស្សនកិច្ចកាលពីខែធ្នូ ឆ្នាំ២០២៣ ពេលចូលរួមប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលក្នុងពេលនោះកម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
តាមរយៈតេឡេក្រាម នាយករដ្ឋមន្ត្រី បញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនទៅលោកហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរដ្ឋមន្ត្រីជប៉ុន អំពីសារៈសំខាន់នៃទិន្នន័យឌីជីថល សម្រាប់ប្រើប្រាស់ក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយ និងបានចាត់ទុក ទិន្នន័យនោះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យដ៏ល្អជួយធ្វើការសម្រេចបានត្រឹមត្រូវ។
លោកហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រាប់ទៅលោករដ្ឋមន្ត្រីជប៉ុនថា ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា គឺបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាន និងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែន ដើម្បីសម្រួលដល់វិនិយោគិន ពាណិជ្ជករ និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម៕