អាជ្ញាធរមីន និងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ ដែលបានចូលរួមក្នុងពិធីនេះបានលើកឡើងថា អនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំង២ នាពេលនេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ក្នុងការកាត់បន្ថយហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍។
លោកបានថ្លែងថា ៖ «ខ្ញុំសូមកោតសរសើរចំពោះប្រទេសចិន ដែលបានចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ ជាគោលដៅកិច្ចសហប្រតិបត្តិការអាទិភាពមួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល»។
រយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងវិស័យសកម្មភាពមីន ជួយសង្គ្រោះអាយុជីវិត និងបានប្រែក្លាយដីចម្ការមីន ឱ្យក្លាយជាដីដាំដុះ ធ្វើស្រែចម្ការ លំនៅឋាន និងដីដែលផ្តល់នូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
បើយោងតាមអាជ្ញាធរមីន ប្រទេសចិន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៨ ប្រទេសចិន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៤,៤ លានដុល្លារអាមេរិក និងបានធ្វើការបោសសម្អាតមីន និងគ្រាប់ ក្នុងទំហំផ្ទៃដីជាង ១០៧ គីឡូម៉ែត្រក្រឡា។ ក្នុងនោះបានរកឃើញ និងកម្ទេចចោលមីន និងគ្រាប់ចំនួន ៧៧ ៩៥៤ គ្រាប់ ព្រមទាំងបានផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋប្រមាណជា ១,៥ លាននាក់។
ឆ្លៀតឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានស្នើសុំឱ្យប្រទេសចិនបន្តជួយគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមការស្នើសុំរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា(ស៊ីម៉ាក់)។
នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងអាចទទួលបានជោគជ័យក្នុងផែនការបោសសម្អាតមីនឱ្យអស់ពីទឹកដី ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលជាសេនាធិការតែមួយគត់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល វិស័យសកម្មភាពមីនទូទាំងប្រទេស ត្រូវការជាចាំបាច់នូវជំនួយពីមហាមិត្តចិន។
សូមបញ្ជាក់ដែរថា ក្នុងពិធីចុះអនុស្សរណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន តង់ ៣០០, ម៉ាស៊ីនរាវមីន ៩០ គ្រឿង, សម្ភារដោះមីន ៩០ គ្រឿង, សម្ភារសុវត្ថិភាពដោះមីន ៩០ កំប្លេ, កុំព្យូទ័រយួរដៃ ២០ គ្រឿង និងTablet ២០ គ្រឿង៕