ប្រធានាធិបតី​បារាំងលោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​ថ្លែងថា ការមកដល់​ប្រទេស​បារាំង​របស់លោក ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​ ២ ​ជា​បន្តទៀត​ក្នុង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​។

លោក ម៉ា​ក្រុង បានលើកឡើង​ដូចនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ផ្លូវការ​ជាមួយនឹង​លោក ហ៊ុន ម៉ា​ណែ​ត នា​យប់​ថ្ងៃទី ​១៨ ខែមករា ឆ្នាំ​២០២៤ (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​បារាំង នៅក្នុង​វិស័យ​នៃ​ចំណាប់អារម្មណ៍​រួម និង​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​ទាំង​២​។ លោក​បាន​ថ្លែងថា ៖ «​ខ្ញុំ​សូម​ស្វាគមន៍​សម្តេច​មកកាន់​ប្រទេស​បារាំង​ដើម្បី​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​របស់​យើង​ទាំង​២​ជា​បន្តទៅទៀត​ជា​ប្រវត្តិសាស្ត្រ​ផ្អែកលើ​មិត្តភាព​មិនចេះ​ប្រេះស្រាំ​រវាង​ប្រជាជន​យើង​ទាំង​២»​។

លោក ម៉ា​ក្រុង ក៏បាន​លើកឡើង​ដែរ​ថា ដោយ​នៅតែ​អង្រួន​ចិត្ត​ដោយ​ចំណង់​ចង់​បង្ខិត​ប្រទេស​ទាំង​២​ឱ្យនៅ​ជិតគ្នា​បន្ទាប់ពី​ប្រទេស​ទាំង​២​បាន​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៩១ ប្រទេស​បារាំង​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ដោយ​ទទួលបាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​យើង​អាចមាន​មោទនភាព​។ លោក​ថា​៖«​ដូច្នេះ​ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច​នៅពេលនេះ​គឺជា​ឱកាស​មួយ​ដើម្បី​បង្កើត​គម្រោង​ថ្មីៗ​ទៀត​ជាមួយនឹង​ក្រុមហ៊ុន​យើងខ្ញុំ ហើយ​ដែល​សម្តេច​បាន​មានឱកាស​ជជែក​ផ្លាស់ប្តូរ​យោបល់​ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន​ជាពិសេស​ក្នុង​វិស័យ​ថាមពល ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​»​។

ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​នឹង​ជជែក​គ្នា​ពី​អាទិភាព​របស់​កម្ពុជា​ដើម្បី​បារាំង​ផ្តល់ជូន​កម្ពុជា​នូវ​មធ្យោបាយ និង​ជំនាញ​ចាំបាច់​នានា​ដោយមាន​ការជួយជ្រោមជ្រែង​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ដែល​ក្នុង​សប្តាហ៍​នេះ​បាន​សន្យា​ចែក​កញ្ចប់​២០០​លាន​អឺរ៉ូ ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថាមពល និង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​។

លោក ម៉ា​ក្រុង បាន​បញ្ជាក់ថា៖ «​យើង​ជឿជាក់​យ៉ាងខ្លាំង​ទៅលើ​សក្តានុពល​ដ៏​ធំធេង​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​បន្ទាប់ពី​បាន​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​កន្លងមក​បាន​បង្ហាញ​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហគមន៍​អន្តរជាតិ​»​។

ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​បារាំង ក៏បាន​កោតសរសើ​រវិ​ភាគទាន​របស់​ប្រទេស​កម្ពុជា​ក្នុង​កងកម្លាំង​ប្រវត្តិសាស្ត្រ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ជា​វិភាគទាន​ធំជាងគេ​នៅ​អាស៊ី​។

លោក​ថា៖ «​ពិតមែន​ហើយ យើង​បានបង្ហាញ​ឱ្យឃើញ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​មុន (​លោក ហ៊ុន សែន​) កាលពី​១​ឆ្នាំ​កន្លងទៅ​ដោយបាន​ផ្តោត​ការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការទម្លាក់​គ្រាប់បែក​ទៅលើ​លំនៅឋាន​ស៊ីវិល ខណៈ​សង្គ្រាម​ឈ្លានពាន​ធ្វើ​ដោយ​រុស្ស៊ី​នៅតែ​បន្ត​បំផ្លាញ​ជម្រក​ទាំងនេះ​»​។ ជំហរ​ដ៏​ក្លាហាន​របស់​សម្តេច​គឺជា​ទឡ្ហីករណ៍​ដ៏​ច្បាស់ក្រឡែត​បង្ហាញថា បញ្ហា​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​វា​ហួស​ទៅ​ឆ្ងាយ​ពី​ព្រំដែន​អឺរ៉ុប​ទៅហើយ​»​។

ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា បារាំង​គឺជា​ប្រទេស​ដំបូង​នៅក្នុង​ការបំពេញ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ទ្វីបអឺរ៉ុប​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា ហើយ​លើសពីនេះទៅទៀត​ក្នុង​រយៈពេល​តែ​១៣​ខែ​ប៉ុណ្ណោះ មាន​ថ្នាក់ដឹកនាំ​កំពូល​៣​រូប ដែល​រួមមាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ វត្តមាន​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ និង​វត្តមាន​របស់លោក​នៅពេល​នេះ​។

លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ៖ «​នេះ​បង្ហាញឱ្យឃើញ​ពី​ភាព​ស៊ីជម្រៅ​នៃ​ចំណងមិត្តភាព​របស់​កម្ពុជា និង​ប្រទេស​បារាំង​។ កម្ពុជា​ចងចាំ​ជានិច្ច​នូវ​តួនាទី​របស់​បារាំង​នៅក្នុងនាម​ជា​ស្ថាបនិក និង​ជា​សហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ដែល​នាំទៅដល់​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​១៩៩១​ដែលជា​ការរួមចំណែក​យ៉ាងខ្លាំង​របស់​បារាំង​នៅក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ចាប់ពីពេលនោះ​មក​»​។

ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​នូវ​ជំហរ​យ៉ាងច្បាស់​លាស់​រប​ស់​កម្ពុជា នៅក្នុង​ការ​ពូន​ជ្រំ និង​បន្ត​ពង្រឹងពង្រីក​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​បារាំង​។

លោក​បាន​ថ្លែងថា៖ «​ខ្ញុំ​សង្ឃឹមថា តាមរយៈ​ការ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ​នៅពេលនេះ យើង​ទាំង​២​អាច​ជជែក​គ្នា​នៅក្នុង​ការពង្រឹង និង​ពង្រីក​នៃ​ទំនាក់ទំនង​ប្រទេស​យើង​ដោយ​អាច​ពិនិត្យ​លទ្ធភាព​នៅក្នុង​ការលើក​តម្កើង​កម្រិត​នៃ​សហប្រតិបត្តិការ​រវាង​ដៃគូ​របស់​យើង​ក្នុងប្រទេស​យើង​ទាំង​២​ក្នុង​ភាពជា​ដៃគូ​របស់​យើង​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដោយ​មោទនភាព​ថា ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​ឯកជន​នៅក្នុង​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​បាន​កើន​ឡើងជា​លំដាប់​នៅលើ​គ្រប់​វិស័យ​។

លោក​ថា ៖ «​ក្នុងន័យនេះ ខ្ញុំ​ចង់ឃើញ​ទំនាក់ទំនង​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​យើង​ទាំង​២​កាន់តែ​មានការ​កើនឡើង នៅក្នុង​ទំហំ​នៃ​ទំនាក់ទំនង​របស់​យើង​មានការ​កើនឡើង​ទ្វេដង​ថែមទៀត​»​។

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​បន្ថែមថា ៖ «​ខ្ញុំ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់​ខ្ញុំ​នៅ​ប្រទេស​បារាំង​នាពេលនេះ ជាពិសេស​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​នឹង​អាចឱ្យ​យើង​ជជែក​គ្នា​នៅក្នុង​កិច្ចការងារ​ដែល​ត្រូវ​បន្តទៅទៀត នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង​»​។​
 
​សូម​បញ្ជាក់ដែរថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​បារាំង ពីថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ​២០២៤៕​