ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព (ប្រាក់ឧបត្ថម្ភសម្រាប់បូជាសព) ផ្នែកហានិភ័យការងារចំនួន ១០ លានរៀល ជូនគ្រួសារសពនារីរងគ្រោះក្នុងឧបទ្ទវហេតុអគ្គិភ័យរោងចក្រ យីដា ហ្គាមែន និងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះផ្សេងទៀតដែលកំពុងសម្រាកព្យាបាល ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១ នាក់ បន្ទាប់ពីបញ្ចូនទៅដល់មន្ទីរពេទ្យ ខណៈកម្មករនិយោជិតទាំងអស់ បានទទួលការជួយសង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។
ក្រសួងការងារបញ្ជាក់ថា៖«គិតត្រឹមវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះចំនួន ១៧នាក់ បាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន ២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯជនរងគ្រោះចំនួន ១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបានវិលត្រឡប់ទៅគេហដ្ឋានវិញ»។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះក្រសួងការងារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ទន្ទឹមនឹងនេះ ក្រសួងការងារ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានថ្លែងថា ក្នុងករណី ក្រុមការងារបច្ចេកទេស វិទ្យាសាស្ត្រស្រាវជ្រាវនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងធ្វើការស៊ើបអង្កេត និងកោសល្យវិច័យ លើករណីបណ្តាលឱ្យមានអគ្គិភ័យ និងករណីស្លាប់នេះ។
គួរជម្រាបថា យោងរបាយការណ៍ប្រៀបធៀបរបស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឆ្នាំ២០២៣មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន៧៦១លើក ដែលចំនួននេះកើនលើសឆ្នាំ២០២២ចំនួន១៤៣លើក។ ក្នុងនោះបណ្តាលឱ្យជនរងគ្រោះចំនួន៥៤នាក់បានស្លាប់បាត់បង់ជីវិត និង៩៧នាក់ផ្សេងទៀតរងរបួស ចំណែកផ្ទះចំនួន៥៧៩ខ្នង និងតូបចំនួន៥៧ ត្រូវបានបំផ្លាញដោយសារអគ្គិភ័យ៕