ក្នុងឱកាស​នៃដំណើរទស្សនកិច្ច​ផ្លូវការនៅ​ទីក្រុង​ប៉ារីស​នៃសាធារណរដ្ឋ​បារាំង លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើង​ថា ទំនាក់ទំនង​ដ៏រឹងមាំ​ជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាង​កម្ពុជា-បារាំង នឹងជួយ​ជំរុញ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែ​រីកចម្រើន​រឹងមាំ​ប្រសើរឡើង។

លោក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ​នៅក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយនឹង​លោកស្រី Yaël BRAUN-PIVET ប្រធាន​រដ្ឋសភា​បារាំង កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤។

នាជំនួប​នោះ លោកស្រី Yaël BRAUN-PIVET បានសម្តែង​នូវកិច្ច​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការនេះ និងបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​របស់​លោក ហ៊ុន ម៉ាណែត ដែលជ្រើស​រើស​យកប្រទេស​បារាំង​ជាប្រទេស​ទី១ ក្នុងចំណោម​បណ្តាប្រទេស​នៃទ្វីប​អឺរ៉ុប ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្របពេល​ដែលប្រទេស​បារាំង-កម្ពុជា កំពុងមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​លើគ្រប់​វិស័យ។ នេះបើយោង​តាមគណនី​តេឡេក្រាម​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ស្តីពី​ជំនួបនោះ។

បន្ថែមលើនេះ លោកស្រី​ប្រធាន​រដ្ឋសភា ក៏បានសម្តែង​នូវការពេញចិត្ត​ចំពោះ​គំនិតផ្តួចផ្តើម​របស់ លោក ហ៊ុន ម៉ាណែត ក្នុងការបង្កើត​នូវមជ្ឈមណ្ឌល​វប្បធម៌​ថ្នាក់​តំបន់មួយ​នៅក្នុងប្រទេស​កម្ពុជា សម្រាប់​បម្រើឱ្យ​ការបណ្តុះបណ្តាល​ភាសា បារាំង និងការផ្សព្វផ្សាយ​វប្បធម៌​បារាំង ដល់ប្រជាជន​នៃបណ្តាប្រទេស​នៅក្នុងតំបន់​អាស៊ី ខណៈ​ដែលប្រទេស​កម្ពុជា​ជាប្រទេស​ដែលមាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏យូរលង់​ជាមួយនឹង​ប្រទេស​បារាំង ហើយក៏នៅតែ​ជាប្រទេស​សកម្មមួយ ដែលមាន​ប្រជាជន​ប្រើប្រាស់​ភាសា​បារាំង​ជាច្រើន។

 

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសំណាក់ លោកស្រី​ប្រធាន​រដ្ឋសភា​បារាំង និងបានសម្តែង​នូវក្តីរីករាយ​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​គួរឱ្យ​កត់សម្គាល់ នៃទំនាក់ទំង​រវាង​ប្រទេស​ទាំងពីរ​នៅគ្រប់​កម្រិត។ ជាពិសេស​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្រតិបត្តិ និងស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅក្នុងវិស័យ​អប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច។ល។ 

ទន្ទឹមគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បានលើកឡើង​បន្ថែមថា៖«នៅក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​នាឱកាស​នេះ ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និងវិនិយោគ ក៏ជា​របៀប​វារៈ​សំខាន់មួយ​ផងដែរ នៃ​បេសកកម្ម​នេះ បន្ថែមលើ​កិច្ចការ​នយោបាយ និងការទូត។ ហើយសង្ឃឹម​ថា ក្រុមហ៊ុន-សហគ្រាសធំៗ​របស់​បារាំង​នឹងបន្ត​ពង្រីក​ការវិនិយោគ​នៅកម្ពុជា​បន្ថែមទៀត ហើយចំពោះ​វិនិយោគិន​បារាំង​ថ្មី ក៏អាច​នឹងចាប់ផ្តើម​សិក្សាស្វែង​យល់អំពី​សក្តានុពល​វិនិយោគ​នៅកម្ពុជា​ផងដែរ»។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជា​សមាជិក​សកម្ម​របស់អង្គការ​នៃបណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៃអង្គការ​ហ្វ្រង់កូហ្វូនី (OIF) ទំនាក់ទំនង​លើ​គ្រប់វិស័យ​រវាង​ប្រទេស​ទាំង២ នឹងកាន់តែ​ត្រូវបាន​ពង្រឹង និងលើក​កម្ពស់​ឱ្យកាន់តែ​រីកចម្រើន​ប្រសើរ​ឡើង​យ៉ាងប្រាកដ៕