ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ជាថ្មី ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ជាពិសេស​ការអនុវត្ត​វិធានការ​បង្ការ​ការចម្លង​គឺ​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល​លាងដៃ បើទោះបីជា​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 មិនសូវមាន​ភាព​ធ្ងន់ធ្ងរ​ក៏ដោយ​។​

លោក កុយ វ៉ាន់​នី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​ថា កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ ក្រសួង​បានប្រកាស​ពី​ការរកឃើញ​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 ចំនួន ១១​ករណី​បន្ថែមទៀត ដែល​ពួកគាត់​ទាំងអស់​ពុំមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់ ហើយ​ពុំមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ទេ​។

លោក​បាន​បន្តទៀតថា ការរកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 មានការ​កើនឡើង​បែបនេះ បញ្ជាក់ថា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​នេះ កំពុងមាន​វត្តមាន​ក្នុង​សហគមន៍ និង​អាចមាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។ 

លោក ​កុយ វ៉ាន់​នី បាន​បញ្ជាក់ថា​៖«​តែ​ខ្ញុំ​សូម​រំឭក​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាប​ផងដែរ​ថា តាម​ចំណាត់ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 នេះ មិនសូវមាន​សភាព​ធ្ងន់ធ្ងរ​ទេ គឺជា​វីរុស​បំប្លែង​ថ្មី​ដែលជា​ប្រភេទ​ចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជា​វីរុស បំប្លែង​ថ្មី​ដែលជា​ប្រភេទ​ព្រួយបារម្ភ​ VOC (Variant of Concern) ទេ​»​។​

ទោះជា​បែបនេះ​ក្តី ក៏​លោក​នៅតែ​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​បង្ការ​ការចម្លង​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1​នេះ​។​

លោក​ថ្លែងថា​៖«​យើងខ្ញុំ ក្នុងនាម​ក្រសួង​សុខ​ភិ​បាល បើទោះបីជា​ប្រភេទ​វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 មាន​សភាព​ស្រាល ដែល​មិនគួរ​ឱ្យមាន​ការព្រួយបារម្ភ​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​វិធានការ​សុវត្ថិភាព បង្ការ​កុំឱ្យ​ឆ្លង​ពី​១ ទៅ​១ ជាពិសេស​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ វិធានការ​បង្ការ​ការ​ចម្លង ដោយ​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល​លាងដៃ​»​។​

«​ម្យ៉ាងវិញទៀត​បុគ្គល​ម្នាក់ៗ ត្រូវ​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឱ្យបាន​គ្រប់​ដូ​ស ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស ជំរុញ​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រៀងៗ​ខ្លួន​ឱ្យបាន​សមស្រប ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ​១៩​។​ប្រសិនបើ​អ្នកមាន​អាការ​ក្ដៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​ទៅពិនិត្យ ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ឱ្យបាន​ទាន់ពេលវេលា​»​។ លោក កុយ វ៉ាន់​នី បានបញ្ជាក់​បន្ថែម​។​

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ថ្ងៃទី​២ ខែមករា​ថា ខេត្តកំពង់ស្ពឺ​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដល់​ដូ​ស​ទី​៦​ហើយ ខណៈដែល​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​ដូ​ស​ទី​១ ក៏​មកចាក់​ជា​បន្តបន្ទាប់​ផងដែរ​។​ការជំរុញ​ចាក់​វ៉ាក់សាំង​ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​កាត់ផ្តាច់​ការចម្លង​វីរុស ដែល​បំប្លែង​ដូចជា វីរុស​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1​នេះ​ជាដើម ក៏ដូចជា​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​៣​កុំ​៣​ការពារ​។​

លោក​បាន​ប្រាប់ថា​៖«​ជាទូទៅ​ចំពោះ​ការចាក់​វ៉ាក់សាំង សម្រាប់​ខេត្តកំពង់ស្ពឺ គឺ​យើង​បាន​អនុវត្ត​វិធីសាស្ត្រ​ចាក់​ចល័ត មានន័យថា ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង បាន​ចុះ​ទៅដល់​គ្រប់​ភូមិ​ស្រុក​ទាំងអស់​នៅក្នុង​ខេត្តកំពង់ស្ពឺ ជាពិសេស សម្រាប់​ភូមិ​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា​»​។​

​របាយការណ៍​ពី​ក្រសួងសុខាភិបាល​បានឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤​ជា​លទ្ធផល​រួម ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់  មាន​ចំនួន​ប្រមាណ ៩៥,៧៣​ភាគរយ​។ ការចាក់​វ៉ាក់សាំង​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៤,០៤​ភាគរយ ធៀប​ជាមួយ​ចំនួន​ ប្រជាជន​គោល ដៅ ១០​ លាន​នាក់​,​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០១,៤០​ភាគរយ ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១៨២៧៣៤៨​នាក់​។ ការចាក់​លើ​កុមារ​អាយុ​ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១១១,០០​ភាគរយ ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១៨៩៧៣៨២ នាក់​,​លើ​កុមារ​អាយុ​៥​ឆ្នាំ មាន ១៤៣,៨៦​ភាគរយ ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤៣១៧ ​នាក់​,​លើ​កុមារ​អាយុ ៣​ឆ្នាំ ដល់​ក្រោម​ ៥ ​ឆ្នាំ មាន ៨៤,៤៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០៧៣០ នាក់​។​

បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការសរុប​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤ កម្ពុ​ជាមាន​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩​សរុប​ទូទាំងប្រទេស​ចំនួន ១៣៩ ០១៥​នាក់​ជាសះស្បើយ​សរុប​ចំនួន ១៣៥ ៩៣៩​នាក់ និង​ករណី​ស្លាប់​សរុប​ចំនួន ៣ ០៥៦​នាក់​៕