ភ្នំពេញៈ ​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ស្តីទី នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ ម៉េង ហុង លើកឡើងថា ការផ្តល់សេវា និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​សមាជិក​របស់រ​បប​បេឡា​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​) ឱ្យបាន​ឆាប់រហ័ស ជា​រឿង​សំខាន់​និង​ចាំបាច់​បំផុត ដែល​ត្រូវ​រួមគ្នា​ធ្វើ ជាពិសេស​នាយកដ្ឋាន​ជំនាញ​ដែល​ទទួលបន្ទុក​។​

ការលើកឡើង​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ស្តីពី​ការដោះស្រាយ​បណ្តឹង និង​បញ្ហា​ប្រឈម​របស់​សមាជិក ប​.​ស​.​ស នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤ ដោយមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី និង​បុគ្គលិក​ជំនាញ​សរុប​ប្រមាណ​ជាង ២០ ​រូប​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ម៉េង ហុង បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា​៖ «​បញ្ហា​របស់​បងប្អូន​ស​មា​ជិ​ក ប​.​ស​.​ស គឺជា​បញ្ហា​រួម​ដែល ប​.​ស​.​ស ក៏ដូចជា​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ត្រូវ​រួមគ្នា​ពិនិត្យ និង​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស ដោយ​ផ្អែកលើ​គោលការណ៍​ច្បាស់​ស្តីពី​របប​សន្តិសុខ​សង្គម ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​សមាជិក​ទទួល​បាន​ការផ្តល់សេវា​ប្រកបដោយ​ភាពត្រឹមត្រូវ លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​»​។​

​លោក​បាន​បញ្ជាក់ទៀតថា ប​.​ស​.​ស មាន​តួនាទី​ផ្តល់​សេវា​ជូន​សមាជិក​ខ្លួន ដែល​ត្រូវ​ធ្វើឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធ​ភាព បូករួម​ការដោះស្រាយ​បណ្តឹង ការដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដែលជា​រឿង​ចាំបាច់ និង​មាន​សារៈសំខាន់ ជាពិសេស​នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ​ទទួលបន្ទុក​លើ​ការងារ​ទាំងនេះ​។ 

ទន្ទឹមនឹងនេះ លោក​អគ្គនាយក​ស្តីទី ប​.​ស​.​ស ក៏បាន​អំពាវនាវ​ដល់​សមាជិក​ទាំងឡាយ ត្រូវ​ប្រញាប់​ជួប​ជាមួយ​ភ្នាក់ងារ ប​.​ស​.​ស ដែល​នៅ​ប្រចាំការ​តាម​មន្ទីរពេទ្យ ឬ​អាច​ទំនាក់ទំនង​ទៅកាន់​លេខ ១២៨៦ ឬ​អាច​ទំនាក់ទំនង​តាមរយៈ​បណ្តាញ​សង្គម Facebook និង ​Telegram ផ្លូវការ​របស់ ប​.​ស​.​ស បាន ក្នុងករណី​ជួប​បញ្ហា​ប្រឈម​នានា នៅពេល​ទៅ​ទទួល​សេវា​នៅតាម​មូលដ្ឋាន​ដៃគូ​សុខាភិបាល​របស់ ប​.​ស​.​ស ខណៈ​ក្រុមការងារ ប​.​ស​.​ស រងចាំ​សម្របសម្រួល និង​ដោះស្រាយ​ជូន​ឱ្យទាន់​ពេលវេលា​ជានិច្ច​។​

​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែងថា កន្លងមក​ខាង​ក្រុមការងារ ប​.​ស​.​ស បាន​ខិតខំ​សម្របសម្រួល​ឱ្យមាន​ការផ្តល់សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ​បន្ទាប់ពី​មាន​សំណូមពរ ជាពិសេស​ពី​ខាង​ក្រុម​សហជីព ក៏ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ចោទឡើង​ដោយសារ​កត្តា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​តាមរយៈ ប​.​ស​.​ស ភាគច្រើន​មានការ​រើសអើង និង​មិនសូវ​យកចិត្តទុកដាក់​លើ​អ្នកជំងឺ​ប្រើ​បណ្ណ​នេះ​ប៉ុន្មាន​ទេ​។​

លោក​ថ្លែងថា​៖ «​សេវា​មន្ទីរពេទ្យ​ត្រូវតែមាន​ការពង្រឹង​ដើម្បី​បញ្ឈប់​ការរើសអើង​អ្នកជំងឺ ប​.​ស​.​ស​។ ពេលខ្លះ បញ្ហា​នេះ​មិនមែនជា​ឥរិយាបថ​គ្រូពេទ្យ​តែមួយ​មុខ​ទេ ជាការ​រៀបចំ​ដោយ​មន្ទីរពេទ្យ និង​ប្រធាន​មន្ទីរពេទ្យ​តែម្តង ដូចជា អ្នកជំងឺ ប​.​ស​.​ស រុញ​ឱ្យទៅ​អគារ​ផ្សេង អ្នកជំងឺ​ទូទៅ​នៅ​អគារ​ផ្សេង ហើយ​ក្នុង​ហ្នឹង​ការប្រើប្រាស់​សេវា ប​.​ស​.​ស គឺ​មិនសូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ទេ​»​។​

លោក អាត់ ធន់ ថ្លែងថា ចាប់ពី​ដើមឆ្នាំ​២០២៤ តទៅ លោក​នឹង​បន្ត​តាមដាន​លើ​ករណី​ភាពមិនប្រក្រតី​នៅក្នុង​សេវា ប​.​ស​.​ស នេះ​ទៀត ជាពិសេស​ទៅលើ​ករណី​សម្រាលកូន ដោយ​កន្លងមក មានការ​លើកឡើង​ពី​ភាពអវិជ្ជមាន​ថា គ្រូពេទ្យ​ខ្លះ​បង្ខំ​ឱ្យមាន​ការវះកាត់​សម្រាលកូន ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​ពី​កម្មការិនី​ផង និង​ពី​ ប​.​ស​.​ស ទៀតផង ដែល​លោក​នឹងធ្វើ​តួលេខ​ពី​ករណី​ទាំងនេះ​ទៅកាន់​ក្រសួង​ការងារ​។​

​ដើម្បី​ពង្រឹង​សេ​វា ប​.​ស.ស កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​ថ្មី​២០២៤​ នេះ លោក​អាត់ ធន់ សំណូមពរ​ដល់​ក្រសួង​ការងារ និង​នាយកដ្ឋាន​ ប​.​ស​.​ស ធ្វើការ​ស្រាវជ្រាវ និង​វាយតម្លៃ ក្នុងន័យ​ពង្រឹង​សេវា​របស់ខ្លួន ជាពិសេស​ពង្រឹង​ ចំពោះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​​របស់​គ្រូពេទ្យ និង​មន្ទីរពេទ្យ ទាំងមូល ចៀសវាង​មានការ​រើសអើង និង​មិន​យកចិត្តទុកដាក់​លើ​អ្នកជំងឺ​ក្របខ័ណ្ឌ​ប​.​ស​.​ស ដែល​អាច​ពង្រឹង​ចេញពី​មន្ទីរពេទ្យ​រដ្ឋ​ធំៗ ហើយ​បន្ត​ពង្រឹង​ទៅតាម​ដៃគូ​មូលដ្ឋាន​សុខាភិបាល​នៅតាម​បណ្តា​ខេត្ត​៕