កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធ បាននាំគ្នាដាក់ដាំដើមឈើជាង ៦០ប្រភេទ នៅតាមសួនស្ទឹងសែន ដើម្បីឱ្យមានសោភណភាព និងបរិយាកាសល្អនៅក្នុងក្រុង ជាពិសេសរួមចំណែកទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាក្នុងខេត្តនេះ។
បើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកថា អភិបាលខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចូលរួមដាំដើមឈើចំនួន ៦២ប្រភេទ ស្ថិតនៅសួនស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះ លោក ងួន រតនៈ បានថ្លែងថា ដើមឈើដែលបានដាក់ដាំនេះ មានដើមឈើគ្រប់ប្រភេទកូនឈើព្រៃ និងកូនឈើស្រុក ដោយដាំទុកសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើបានច្បាស់លាស់ និងកុំឱ្យផុតពូជ។ មួយវិញទៀត ដើមឈើអាចជួយរួមចំណែកទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗដូចជាខ្យល់ព្យុះ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ។
លោកបានបញ្ជាក់ថា៖ «ពិធីដាំដើមឈើនៅសួនស្ទឹងសែននេះ គឺដើម្បីឱ្យមានសោភណភាពនៅក្នុងក្រុងប្រកបដោយបរិយាកាសល្អបរិសុទ្ធ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា ពិសេសសម្រាប់ក្រុមហាត់ប្រាណ មកហាត់ប្រាណដើម្បីសុខភាព ព្រោះនៅទីតាំងហាត់ប្រាណមានអនាម័យ មានដើមឈើគ្រប់ប្រភេទ ដើម្បីឱ្យបងប្អូនទាំងអស់មកលម្ហែកាយ និងថតរូបផងដែរ»។
ជាមួយគ្នានេះ លោកក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ សូមចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រង ពិសេសចូលរួមអភិវឌ្ឍសមិទ្ធផលមួយចំនួនដែលខេត្តកំពុងតែធ្វើផែនការបន្តទៀត នៅក្នុងឆ្នាំ២០២៤នេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងនៅថ្ងៃទី២ ខែមករាថា ការរៀបចំសួនសាធារណៈដោយការដាំដើមឈើក្ដី ដាំដើមផ្កាក្ដី ដែលអាជ្ញាធរខេត្តកំពុងតែធ្វើនេះ វាសុទ្ធតែចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលខេត្តកំពង់ធំ ឬបណ្ដាខេត្តផ្សេងទៀត សុទ្ធតែមានភាពទាក់ទាញស្រាប់ទៅហើយ។
លោកស្រីបានបន្តថា ដូច្នេះអ្វីដែលមានស្រាប់នេះ គឺគ្រាន់តែត្រូវការ និងទាមទារឱ្យអាជ្ញាធរមានការរៀបចំ កែលម្អ និងផ្ដួចផ្ដើមបន្ថែមទៀត ជាពិសេសខេត្តកំពង់ធំ ជាខេត្តមួយដែលមានវប្បធម៌ ធនធានធម្មជាតិ និងមានទេសភាពស្រស់ស្អាត ហើយក៏ជាខេត្តមួយដែលទេសចរធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍មួយយ៉ាងធំ។
លោកស្រីបញ្ជាក់ថា៖ «អ្វីដែលអាជ្ញាធរខេត្តកំពង់ធំរៀបចំនេះ គឺវាពិតជាល្អ ពីព្រោះវាអាចទាក់ទាញភ្ញៀវទេសចរខ្លះដែលគាត់ធ្វើដំណើរទៅខេត្តសៀមរាបអាចឆ្លៀតចូលលេងខេត្តកំពង់ធំ ដូច្នេះហើយវាក៏បានផ្ដល់ចំណូលចូលដល់ខេត្ត និងបង្កើនការងារធ្វើដល់សហគមន៍ទេសចរណ៍ ហើយនិងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហ្នឹង»។
លោកស្រីឆាយ ស៊ីវលីន បន្ថែមទៀតថា ក្រៅពីនេះ ក៏អាចរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះ មានឱកាសពង្រីកមុខរបររបស់ខ្លួន ជាពិសេសគឺបង្កើតសេវាកម្មសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕