ភ្នំពេញៈ សិប្បកម្មផលិតទឹកត្រី និងទឹកម្ទេស ១ កន្លែង ដែលមានបណ្ដោយប្រមាណជា ២៥ ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្លាប់តែបន្សល់ទុកកាកសំណល់ត្រីដែលសល់ពីការផលិតទឹកត្រី ហើយបានបំភាយឧស្ម័នកខ្វក់ទៅក្នុងលម្ហអាកាសធ្វើឱ្យមានការប្រែប្រួលអាកាសធាតុដែលអាចប្រឈមនឹងបញ្ហាផ្សេងៗត្រូវបានកាត់បន្ថយក្រោយពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសរៀបដាក់ប្រព័ន្ធលូដែលមានរណ្ដៅតភ្ជាប់ពី ១ ទៅ ១ ដើម្បីចម្រោះកាកសំណល់ស្អុយ មុនពេលបង្ហូរទឹកចូលទៅក្នុងប្រព័ន្ធលូសាធារណៈ។
អ្នកស្រី វង សុកយ៉េម អាយុ ៥៧ ឆ្នាំ ជាម្ចាស់សិប្បកម្មទឹកត្រី និងទឹកម្ទេសនេះ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការផលិតទឹកត្រី និងទឹកម្ទេសកាលពីជាង ១០ ឆ្នាំមុន ធ្វើទៅតាមទម្លាប់ដោយមិនមានបច្ចេកទេសត្រឹមត្រូវក្នុងការទុកដាក់កាកសំណល់ និងការបំបាត់ក្លិនទេ។
កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជារបស់ក្រសួងបរិស្ថានធ្វើការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា បាននិងកំពុងធ្វើការទៅលើសហគ្រាសសិប្បកម្មធុនតូច និងមធ្យមកែច្នៃចំណីអាហារមួយចំនួនក្នុងខេត្តបាត់ដំបង បានផ្តល់ទុនធ្វើប្រព័ន្ធលូដែលមានរណ្ដៅតភ្ជាប់គ្នាសម្រាប់ចម្រោះស្តុកទុកកាកសំណល់ដើម្បីបង្ហូរតែទឹកឱ្យហូរចូលទៅក្នុងប្រព័ន្ធលូប៉ុណ្ណោះ។
តាមរយៈនេះក្រសួងការងារ និងបណ្តុះបណ្តាលបានសហការជាមួយអង្គការ (V.S.OCAMBODIA) និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាបានផ្តល់ទុនដល់ម្ចាស់សិប្បកម្មទឹកត្រីមួយចំនួនសម្រាប់ធ្វើអាងចម្រោះកាកសំណល់កាត់បន្ថយក្លិនមុនបង្ហូរទឹកហូរចូលទៅក្នុងប្រព័ន្ធលូ។ ក្នុងឆ្នាំ ២០០៩ អ្នកស្រី សុកយ៉េម ជាម្ចាស់សិប្បកម្មបានទទួលគម្រោងនេះ។
អ្នកស្រី សុកយ៉េម បញ្ជាក់ថា៖ «ក្រសួងចង់ឱ្យយើងកែលម្អទាក់ទងនឹងកាកសំណល់ និងក្លិនមិនល្អ ព្រោះកាលមុននៅទីនេះមានតែខ្ញុំមករស់នៅម្នាក់ឯងទេ តែឥឡូវនេះមានប្រជាជនមករស់នៅជុំវិញ ក្រសួងក៏ស្នើឱ្យកែលម្អកុំឱ្យប៉ះពាល់បរិស្ថាន»។
អ្នកស្រី វង សុកយ៉េម ថ្លែងថា ការបណ្តុះបណ្តាលវគ្គខ្លីៗពីផលប៉ះពាល់ដល់បរិស្ថាន និងបច្ចេកទេសការពារបរិស្ថាន ជាកម្មវិធីមួយដ៏ល្អសម្រាប់ម្ចាស់សិប្បកម្មនានាទាក់ទងការកាត់បន្ថយក្លិន និងទុកដាក់កាកសំណល់ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នករស់នៅជុំវិញសិប្បកម្ម។ ការស្ងោរទឹកត្រីដោយប្រើអុសធ្វើឱ្យមានផ្សែងមានផេះ និងចំហាយក្លិនមិនល្អជះទៅក្នុងបរិយាកាស ដូច្នេះផ្សែង និងក្លិនមិនល្អនេះនឹងធ្វើឱ្យខ្យល់ក្នុងបរិយាកាសខូច និងប៉ះពាល់ដល់សុខភាព ហើយបង្កើតទៅជាផ្ទះកញ្ចក់ វាបង្កឱ្យមានកំណើនកម្តៅរហូតធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំដាក់ម៉ូទ័របឺតក្លិន និងផ្សែងចូលទៅក្នុងអាងទឹកដែលមានដាក់ធ្យូងឱ្យកាត់បន្ថយក្លិនទើបចំហាយក្លិនភាយតាមបំពង់បង្ហុយចូលក្នុងបរិយាកាសដែលភាគរយនៃក្លិនមិនល្អតិចបំផុត»។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់ថា អ្នកដែលមានអាជីវកម្មសិប្បកម្មគឺយើងគួរតែរួមគ្នា ចូលរួមក្នុងការកែសម្រួលបរិស្ថានដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម និងខ្លួនឯងជាពិសេស»។
លោក កើង សុខខេង ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មនៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបងថ្លែងថា វិស័យឧស្សាហកម្ម និងសិប្បកម្មខ្នាតតូច និងមធ្យមឬហៅថា (SME) ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាក់ទងនឹងការផលិតកែច្នៃ និងវេចខ្ចប់។ ដូច្នេះក្រសួងបរិស្ថានបានបង្កើតប្រព័ន្ធប្រព្រឹត្តិកម្មទឹកសំណល់នេះឡើងគឺដើម្បីឱ្យរោងចក្រសហគ្រាសចូលរួមការអនុវត្តគម្រោង។
លោកបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបងមានរោងចក្រសហគ្រាសតូចធំជាង ៩០០ មូលដ្ឋានដែលកំពុងស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ មានអ្នកចូលរួមអនុវត្តគម្រោងនេះមានប្រហែលជា ៣០ មូលដ្ឋាន ហើយអ្នកដែលបានជោគជ័យមានចំនួនតែ ៧ មូលដ្ឋានប៉ុណ្ណោះ។
លោក សុខខេង ថ្លែងថា៖ «មុននឹងចេញជាផលិតផលមួយ បានន័យថាមានវត្ថុធាតុដើមជាច្រើនផ្សំផ្គុំដែលយ៉ាងហោចណាស់ក៏ ២ ដែរទើបចេញជាផលិតផល ១ អ៊ីចឹងបើកាលណាមានដំណើរការផលិតកែច្នៃវេចខ្ចប់ដែលជាលក្ខណៈនៃធម្មជាតិក៏ដូចជាទិដ្ឋភាពនៃផ្លូវច្បាប់ឬក៏ការងារបច្ចេកទេស ត្រូវតែមានសំណល់»។
លោកថ្លែងថា សហគ្រាសដទៃទៀតដែលមិនចូលរួមក្នុងគម្រោង ដោយវាជាគម្រោងសាកល្បងធ្វើជាគំរូ ហើយក៏ត្រូវរង់ចាំការជួយឧបត្ថម្ភគាំទ្រពីក្រសួងបរិស្ថាន និងពីកម្មវិធី (CCCA) សហការជាមួយក្រសួងឧស្សាហកម្មក៏ដូចជាមន្ទីរបរិស្ថាន។
លោក សុខខេង ថ្លែងថា៖ «ខ្ញុំយល់ឃើញថា គម្រោងទាក់ទងនឹងសំណល់នេះមានអត្ថប្រយោជន៍ច្រើន ទី១ ធ្វើឱ្យរោងចក្រសហគ្រាសគាត់កាត់បន្ថយការចំណាយដូចជាការប្រើប្រាស់ទឹក។ កត្តាទី២ ធ្វើឱ្យបរិយាកាសក្នុងទីតាំងមានក្លិនល្អ ហើយកត្តាទី៣ គាត់បានចូលរួមផលប៉ះពាល់ដល់គុណភាពសុវត្ថិភាពបានន័យថា បើគាត់ចូលរួមអនុវត្តគម្រោងប្រព្រឹត្តិកម្មទឹកសំណល់និងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងធ្វើឱ្យផលិតផលរបស់គាត់មានគុណភាពសុវត្ថិភាព»។
លោកបានប្រាប់ថា សំណល់គឺគេមិនអាចយកសំណល់នោះទៅប្រើប្រាស់បានទេ ហើយបើគ្មានលក្ខណៈបច្ចេកទេសក្នុងការលំហូរ ឬក៏ការរៀបចំទុកដាក់មិនបានត្រឹមត្រូវវាធ្វើឱ្យសំណល់ហ្នឹងវាជះឥទ្ធិពលដល់គុណភាពសុវត្ថិភាពដល់ចំណីអាហារទៅវិញ។
លោក កើង សុខខេង សិប្បកម្មទឹកត្រីបានអនុវត្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដោយរៀបចំជាលូប្រព្រឹត្តិកម្មចម្រោះទឹកសំណល់ ដោយលូនីមួយៗគេដាក់ប្រព័ន្ធគ្រោះខ្សាច់ថ្ម និងធ្យូងសកម្មដើម្បីស្ទាក់ចាប់កម្ទេចសំណល់ហើយពីលូស្តុក ១ ទៅ ១ វាមានរយៈពីខ្ពស់ទៅទាបរហូតអាងស្តុកចុងក្រោយគឺទឹកគ្មានកម្ទេចសំណល់ហើយហូរចោលក្នុងលូសាធារណៈតែម្តង។ ចំពោះអាងស្តុកទឹកសំណល់គឺអាស្រ័យទៅតាមទីតាំង បើទីតាំងធំ ក៏ធ្វើទំហំធំទៅ មាន១ម៉ែត្រកន្លះ ១ ម៉ែត្រ ២ តឹក។
លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានបានឱ្យដឹងថា ជាលទ្ធផលនៃការអនុវត្តគម្រោងទី ១ គឺក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងទៅដល់សហគ្រាសធុនមធ្យមនិងធុនតូច។
លោកស្រីបានថ្លែងថា៖ «ការផ្សព្វផ្សាយលើកកម្ពស់ស្តីអំពីការប្រែប្រួលអាកាសធាតុទៅដល់ម្ចាស់សហគ្រាសក៏ដូចជាជំរុញឱ្យមានការចូលរួមដើម្បីអនុវត្តឆ្លើយតបរួមគ្នានៃការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តសកម្មភាពការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់»៕