ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារប្រចាំឆ្នាំ ២០២៣ មានការថយចុះប្រមាណ ១៦,៧ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២២ ដែលការថយចុះនេះដោយសារកម្ពុជាមានគោលដៅទេសចរណ៍ថ្មីៗជាច្រើន សម្រាប់ទាក់ទាញអ្នកទេសចរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតិភ្ញៀវទេសចរចូលមកទស្សនាប្រាសាទវិហារមានចំនួនសរុប ៩២ ៩៦៦ នាក់ ថយចុះប្រមាណ ១៦,៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមានភ្ញៀវជាតិចំនួន ៨៣ ៧២៣ នាក់ ថយចុះ ២២,១ ភាគរយ ខណៈភ្ញៀវអន្តរជាតិចំនួន ៩ ២៤៣ នាក់កើនឡើងចំនួន ១២៥,៩ ភាគរយ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ចំណែករមណីយដ្ឋានប្រាសាទកោះកេរវិញ មានភ្ញៀវចូលមកទស្សនាសរុបចំនួន ១០៥ ៤៦៤ នាក់ កើនឡើងចំនួន ៧១,២ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៩០ ៦៥៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៤ ៨០៦ នាក់។
លោកគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែមករាថា ជាទូទៅរៀងរាល់ឆ្នាំរមណីយដ្ឋានប្រាសាទព្រះវិហារតែងតែទទួលបានភ្ញៀវទេសចរសរុបប្រហែលជាង ១០ ម៉ឺននាក់ ប៉ុន្តែក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរសរុបមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ មានការថយចុះច្រើននៅសល់ជាង ៩ ម៉ឺននាក់ប៉ុណ្ណោះ។
បើប្រៀបធៀបនឹងឆ្នាំ ២០២២ ភ្ញៀវទេសចរសរុបចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ មានការថយចុះ ហើយមូលហេតុនៃការថយចុះនេះ គឺអាចដោយសារកម្ពុជា កំពុងមានគោលដៅទេសចរណ៍ថ្មីៗជាច្រើននៅតាមបណ្ដាខេត្តផ្សេងៗ។
លោក គង់ ពុទ្ធិការ បានថ្លែងថា៖ «ខ្ញុំយល់ថា ការថយចុះនេះ គឺដោយសារប្រទេសយើងមានគោលដៅទេសចរណ៍ថ្មីៗជាច្រើន ដល់អ៊ីចឹងទៅពួកគាត់ជាអ្នកទេសចរ គឺងាកទៅលេងក្នុងតំបន់ផ្សេងៗដែលជាគោលដៅទេសចរណ៍ថ្មីៗហ្នឹង ដូច្នេះបានជាធ្វើឱ្យពួកគាត់មិនបានទៅលេងប្រាសាទព្រះវិហារយើង»។
បើតាមលោក គង់ ពុទ្ធិការ នៅក្នុងឆ្នាំ ២០២៤ នេះ អាជ្ញាធរជាតិព្រះវិហារ នឹងមានការរៀបចំកម្មវិធីទេសចរណ៍កីឡានៅដើមខែកក្កដា ដើម្បីជំរុញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទព្រះវិហារក៏ដូចជាដើម្បីអបអរសាទរប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្រៅពីនេះ អាជ្ញាធរជាតិព្រះវិហារ ក៏នឹងរៀបចំផ្សព្វផ្សាយពីប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ តាមរយៈប្រព័ន្ធបណ្ដាញសង្គមនិងវេបសាយរបស់អាជ្ញាធរជាតិព្រះវិហារដែរ។
ជុំវិញការថយចុះភ្ញៀវទេសចរនេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានថ្លែងឱ្យដឹងថា បើតាមការសង្កេតជាទូទៅរបស់លោកឃើញថា ឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាកម្ពុជាមិនថា តំបន់ទេសចរណ៍ខេត្តព្រះវិហារ ឬខេត្តសៀមរាបនោះទេ គឺមានការថយចុះខ្លាំង ខណៈដែលភ្ញៀវទេសចរជាតិ ក៏មានការថយចុះមួយកម្រិតដែរ។
លោកបានបញ្ជាក់ទៀតថា៖ «ដូច្នេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ គួរតែកែប្រែយុទ្ធសាស្ត្ររបស់ខ្លួន កុំប្រើយុទ្ធសាស្ត្រដដែលៗសម្រាប់អនុវត្តហើយយើងគួរតែពង្រឹងឡើងវិញនូវសមត្ថភាព បច្ចេកទេស សេវាកម្ម ជាពិសេសគឺការផ្សព្វផ្សាយវិស័យទេសចរណ៍»។
ក្រៅពីការកែប្រែយុទ្ធសាស្ត្រវិស័យទេសចរណ៍ហើយ អ្វីដែលសំខាន់មួយទៀតនោះ គឺរាជរដ្ឋាភិបាល ត្រូវស្ដារស្ថានភាពសន្តិសុខប្រទេស ក៏ដូចជាត្រូវកែប្រែបរិបទនយោបាយនៅប្រទេសកម្ពុជា ដើម្បីបង្ហាញឱ្យអ្នកទេសចរបរទេស មើលឃើញថា កម្ពុជាមានសុខសន្តិភាពហើយអ្នកនយោបាយមានការរួបរួមគ្នាដែលវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឡើងវិញដែរ៕