
អកត្រីក្បាលប្រផេះដែលក្រុមអភិរក្សបានរកឃើញសម្បុករបស់វា ៨។ រូបថត អង្គការជីវិតធម្មជាតិ
កំពង់ធំៈ ក្នុងរដូវកាលពងកូនថ្មីគិតមកត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ មានសម្បុកសត្វអកត្រីក្បាលប្រផេះចំនួន ៨ ហើយត្រូវបានរកឃើញនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដោយមន្ដ្រីឧទ្យានុរក្សដែលទទួលបានការគាំទ្របច្ចេកទេសពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia Organization) ។
អង្គការនេះបានផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ថា៖ «ក្នុងចំណោមសម្បុកទាំងនេះមាន ៦ ជាសម្បុកថ្មី និង ២ ជាសម្បុកចាស់។ អកត្រីក្បាលប្រផេះត្រូវបានចាត់ថ្នាក់ថា ជាប្រភេទជិតរងការគំរាមកំហែងខ្លាំងក្នុងបញ្ជីក្រហម (IUCN) ដោយសារកត្តាបាត់បង់ទីជម្រក ការថយចុះនៃប្រភពចំណី និងសកម្មភាពរំខានរបស់មនុស្ស»។
NatureLife Cambodia ថា វត្តមានសម្បុកពងកូនរបស់សត្វនេះសបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតក្នុងបឹងទន្លេសាប កំពុងដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រការរស់រានមានជីវិតរបស់សត្វអកត្រីក្បាលប្រផេះនេះ។ ឧទ្យានុរក្សតំបន់រ៉ាមសារទាំង ២ បានធ្វើការល្បាតអនុវត្តច្បាប់ និងតាមដានជីវចម្រុះប្រចាំខែ ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិសហភាពអឺរ៉ុបនៃ «ទន្លេសាបយើង»។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១ មករាថា កាលពីមុន មន្ត្រីឧទ្យានុរក្ស ក៏ធ្លាប់ប្រទះឃើញសម្បុកអកត្រីក្បាលប្រផេះនេះដែរ ប៉ុន្តែមិនមានការកត់ត្រាពីចំនួនទេ ទើបតែអង្គការ NatureLife Cambodia បានជួយលើការងារនេះ ហើយមានការកត់ត្រាទុក។

អកត្រីក្បាលប្រផេះដែលក្រុមអភិរក្សបានរកឃើញ។ រូបថត អង្គការជីវិតធម្មជាតិ
ដូច្នេះចាប់ពីឆ្នាំនេះតទៅ លោកនឹងធ្វើការកត់ត្រាឱ្យបានត្រឹមត្រូវជាងនេះទៀត។ សត្វអកត្រីក្បាលប្រផេះនេះ កាលពីមុន មិនមានការចាប់អារម្មណ៍ច្រើនទេ ព្រោះជាសត្វស្ថិតនៅក្នុងការគំរាមកំហែង ប៉ុន្តែបើធៀបជាមួយនឹងប្រភេទសត្វផ្សេងទៀត ប្រភេទអកត្រីក្បាលប្រផេះ នៅគ្រាន់បើជាងគេ។ ដូច្នេះហើយបានជាមិនមានការចាប់អារម្មណ៍។
បើតាមលោក ប៊ូ វរសក្យ ក្រោមជំនួយពីសហគមន៍អឺរ៉ុបនៃ «ទន្លេសាបយើង» អង្គការលោកនឹងជួយគាំទ្រដល់ឧទ្យានុរក្ស ក៏ដូចជាសហគមន៍ នៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ធ្វើការតាមដាន និងអង្កេតប្រភេទសត្វអកត្រីក្បាលប្រផេះនេះ កុំឱ្យមានការយាយីដល់ពួកវា និងទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាបទល្មើសនេសាទជាដើម។ អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និងឈ្មោះវិទ្យាសាស្ត្រហៅថា Ichthyophagaicthyaetus។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អកត្រីក្បាលប្រផេះ នេះមានវត្តមាននៅឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដែស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងកម្ពុជា។ វាមានប្រវែងខ្លួន ៦៩-៧៤ ស.ម មាឌធំ កវែងជាងអកដទៃ ក្បាលប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។ សត្វនេះបន្តពូជ ចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ និងមានពងតែ ២ ប៉ុណ្ណោះ៕

អកត្រីក្បាលប្រផេះដែលក្រុមអភិរក្សបានរកឃើញ។ រូបថត អង្គការជីវិតធម្មជាតិ