ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ ព្យាបាល និងវះកាត់កុមារឈឺសរុបបានជិត ១០ ម៉ឺននាក់ និងបានពិនិត្យស្ត្រីផ្ទៃពោះជាង ៨ ពាន់នាក់ផងដែរសម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ដែលការព្យាបាលទាំងអស់មិនមានគិតថ្លៃសម្រាប់គ្រប់ៗគ្នា និងគ្មានការរើសអើងឡើយ។
យោងតាមព័ត៌មានពិតនៃតួលេខក្នុងខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា កុមារឈឺចំនួន ៧៨ ៤១៨ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ,កុមារដែលមានជំងឺធ្ងន់ៗចំនួន ១៥ ១៧២ នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
មន្ទីរពេទ្យគន្ធបុប្ផាបានបន្តថា សម្រាប់កុមារឈឺជំងឺគ្រុនឈាមមានចំនួន ១ ៦៣៣ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈកុមារចំនួន ២ ៣៣៧ នាក់ ត្រូវបានទទួលការវះកាត់ ហើយវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបមានចំនួន ៨៨ នាក់។
ប្រភពដដែលបានបន្តថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានស្ត្រីមានផ្ទៃពោះចំនួន ៨ ៦៤៦ នាក់បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភពនិងសម្រាលកូនបានចំនួន ១ ៨៥៨ នាក់។
ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រជីវសាស្ត្រនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា លោក នុត សម្បត្តិ បានឱ្យដឹងនៅថ្ងៃទី ២ ខែមករាថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យគំរូមួយនៅក្នុងវិស័យសុខាភិបាលដែលបានជួយសង្គ្រោះកុមារ និងស្ត្រីមានផ្ទៃពោះបានចំនួនដ៏ច្រើន។
លោកបានបន្តថា កត្តាសីលធម៌ ជំនាញ និងកត្តាវិជ្ជាជីវៈរបស់មន្ទីរពេទ្យនេះបានធ្វើឱ្យប្រជាពលរដ្ឋបានមានជំនឿទុកចិត្ត ជាពិសេសមន្ទីរពេទ្យនេះ ថែមទាំមិនយកថ្លៃព្យាបាលទៀត។
លោក នុត សម្បត្តិ បានថ្លែងថា៖ «ខ្ញុំបានកត់សម្គាល់ឃើញអ្នកមានកូន និងស្ត្រីមានផ្ទៃពោះទៅព្យាបាលនៅក្នុងមន្ទីរពេទ្យនេះច្រើនណាស់ ខ្ញុំឃើញគេតម្រង់ជួរច្រើនរង់ចាំយកលេខចូលពេលខ្ញុំជិះកាត់មន្ទីរពេទ្យគន្ធបុប្ផានេះ»។
លោកបានបន្តទៀតថា នៅពេលដែលកុមារឬស្ត្រីមានផ្ទៃពោះមានជំងឺហើយមិនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានេះមិនមែនជាបញ្ហាទេ ដោយពួកគាត់អាចទៅរកសេវាសុខាភិបាលឯកជនព្យាបាលបាននៅពេលដែលមានប្រាក់គ្រប់គ្រាន់ ព្រោះវិស័យសុខាភិបាលឯកជនមានច្រើន និងអាចទៅរកមន្ទីរពេទ្យកុមារជាតិក៏គេមានជំនាញច្បាស់លាស់ដែរ។
លោក នុត សម្បត្តិ បញ្ជាក់ទៀតថា ចំពោះអ្នកដែលមានធនធាន គួរតែបង្កើនការឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផានេះឱ្យបានច្រើន យ៉ាងហោចណាស់ ១ ដុល្លារ ក្នុង ១ ខែក្នុងមនុស្សម្នាក់ ដើម្បីឱ្យមន្ទីរពេទ្យនេះបន្តបេសកកម្មរបស់ខ្លួនក្នុងការព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។
លោកបានថ្លែងថា៖ «បើរាជរដ្ឋាភិបាលគិតថា មន្ទីរពេទ្យមួយនេះមានសារៈសំខាន់គួរតែពង្រីកទៅតាមតំបន់មួយចំនួនបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំកុមារមកកកកុញនៅតែរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាប»៕