ភ្នំពេញៈ នៅទីបំផុតកម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ក្នុង ១ ខែ ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ នេះតទៅ គឺកើនជាងខែធ្នូ ឆ្នាំ ២០២៣ ចំនួន ៤ ដុល្លារអាមេរិក បន្ទាប់ពីមានកិច្ចប្រជុំចរចាប្រាក់ឈ្មួលប្រមាណ ២០ លើក។
នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរថា៖ «អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ បងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ក្នុង ១ ខែ គឺកើនជាងខែធ្នូ ឆ្នាំ ២០២៣ ចំនួន ៤ ដុល្លារអាមេរិក»។
សូមរំឭកថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដោយបានកំណត់តួលេខ ២០២ដុល្លារក្នុង ១ ខែ ហើយលោកហ៊ុន ម៉ាណែត បានប្រកាសបន្ថែមការដំឡើងចំនួន ២ ដុល្លារថែមទៀត សម្រាប់ឆ្នាំ ២០២៤ នេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ ដុល្លារ ក្នុង ១ ខែ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំបានសម្រេចបន្ថែម ២ ដុល្លារ ក្នុង ១ ខែ ទៅលើតួលេខ ២០២ ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ (កើន ៤ ដុល្លារប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ ដុល្លារ)»។
អ្នកនាង ចាន់ ថា ជាកម្មការិនីបម្រើការ ផ្នែកអ៊ុតនៃរោងចក្រ បាយ័ន ដែលមានទីតាំងនៅភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី ២ ខែមករាថា ថ្វីដ្បិតការដំឡើងប្រាក់ឈ្នួល ៤ ដុល្លារនេះ មិនច្រើនដូចការរំពឹងទុកក៏ពិតមែន តែប្រសើរជាងមិនបានឡើងសោះ ព្រោះថា រាល់ថ្ងៃកម្មករភាគច្រើនបារម្ភខ្លាចតែរោងចក្ររំសាយបុគ្គលិក ខណៈបច្ចុប្បន្ននេះមិនសូវមានការថែមម៉ោងដូចមុន។
អ្នកនាងបានថ្លែងថា៖ «ការពិតទៅឡើងបាន ៤ ដុល្លារនេះ ក៏គ្រាន់បើជាងអត់ដែរ។ រាល់ថ្ងៃរោងចក្រខ្ញុំមិនសូវថែមម៉ោង ខ្ញុំចេះតែបារម្ភដែរថា ខ្លាចគេរំសាយ។ ម្ល៉ោះហើយ ឡើងមិនឡើង ខ្ញុំមិនសូវខ្វល់អីប៉ុន្មានទេ សំខាន់គឺមានម៉ោងថែម ទើបយើងបានលុយច្រើនទៅតាមហ្នឹងដែរ»។
ចំណែកកម្មករម្នាក់ទៀត ដែលធ្វើការនៅផ្នែកវ៉ៃប្រអប់កាតុង នៃរោងចក្របាយ័ននេះដែរ គឺលោក ចន ពិសិដ្ឋ បានថ្លែងថា ខាងផ្នែករបស់លោក មានការថែមម៉ោងច្រើន និងធ្វើការថ្ងៃអាទិត្យនិងថ្ងៃបុណ្យផងដែរ ដូច្នេះបើសិនបូកផ្សំនឹងប្រាក់ដំឡើងថ្មីទៀតឃើញថា ប្រាក់ខែអាចបានចន្លោះពី ៣៥០ ដុល្លារ ទៅ ៤០០ ដុល្លារ ក្នុង ១ ខែ។
លោកប្រាប់ថា៖ «ខាងផ្នែកខ្ញុំ (វ៉ៃប្រអប់កាតុង) សម្បូរកាងារ ដោយសារក្រុមខ្ញុំមានមនុស្សតិចហើយការងារមានច្រើន អ៊ីចឹងហើយខ្ញុំមានម៉ោងថែមច្រើន ដោយបើកប្រាក់ខែដែលខ្ញុំទទួលបាន គឺសមរម្យអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន»។
ជាមួយគ្នានេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងនិយោជកទាំងអស់ សូមអនុវត្តឱ្យបានពេញលេញតាមក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលចេញកាលពីពេលកន្លងទៅ ដោយប្រាក់បៀវត្សរ៍គោលចំនួន ២០៤ ដុល្លារ សម្រាប់កម្មករមានបទពិសោធន៍ស្រាប់ និង ២០២ ដុល្លារ សម្រាប់កម្មករថ្មី។
លោកថ្លែងថា៖ «ចាប់ពីខែមករា ឆ្នាំ ២០២៤ នេះទៅ ប្រាក់ឈ្នួលថ្មីនឹងត្រូវអនុវត្តហើយ យើងក៏សូមអំពាវនាវដល់ខាងនិយោជកសូមអនុវត្តឱ្យបានពេញលេញ និងអនុវត្តដោយស្មើភាពមិនថា រោងចក្រខ្នាតតូច ឬធំក៏ដោយ។ ម្យ៉ាងវិញទៀត សម្រាប់កម្មករជំនាញ ដែលមានប្រាក់ខែលើសពី ២០៤ ដុល្លារក៏ដោយ ក្រុមហ៊ុនក៏ត្រូវគិតគូរបន្ថែម ៤ ដុល្លារពីលើនេះទៀត ដើម្បីឱ្យកម្មករនិយោជិតយើងទទួលបានប្រាក់ឈ្នួលសមរម្យទៅតាមសមត្ថភាព និងការណែនាំរបស់រាជរដ្ឋាភិបាល»។
បើតាមក្រសួងការងារ ជាមធ្យមកម្មករ-និយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ ដុល្លារអាមេរិក ដល់ ២៣២ ដុល្លារអាមេរិកក្នុង ១ ខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់កម្មករនិយោជិតជាបន្តទៀត៕