​ភ្នំពេញៈ អតីត​នាយករដ្ឋមន្ត្រី​​កម្ពុជា លោក ហ៊ុន សែន បាន​រំលេច​ពី​ព្រឹ​តិ្ត​ការណ៍​ចងចាំ​របស់លោក​មួយចំនួន​ដែល​កើតមានឡើង​នៅក្នុង​ខែមករា​ ដែល​ធ្វើឱ្យ​លោក​មិនអាច​បំភ្លេចបាន ខណៈ​អ្នកតាមដាន​សង្គម​ចាត់ទុកថា​ទាំងនេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្មែរ​គ្រប់រូប​គួរតែ​បានដឹង​។​

​លោក​ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​យប់​ថ្ងៃទី​​ ​១ ខែមករា ឆ្នាំ​​ ២​០២៤ ​ថា ក្នុង​ខែមករា តើ​មាន​អ្វីខ្លះ​សម្រាប់​ការចងចាំ​របស់លោក ក្នុងនោះ​មានរឿង​មួយចំនួន​ដែល​លោក​គួរតែ​រំលេច​ឡើង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវរបួស​ស្មា​ស្តាំ​ក្នុងការ​ប្រយុទ្ធ​លើ​សមរភូមិ ​(​បន្ទាយ​ដ​ ១៥) ថ្ងៃ​ ១ មករា ១៩៧៥​។ ថ្ងៃ​រៀបការ ៥​ មករា ១៩៧៦ និង​ថ្ងៃ​រំដោះជាតិ និង​ប្រជាជន​ចេញផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ៧​ មករា ១៩៧៩​។ ជាស​មិទ្ធ​ផល​រួម​របស់​ជាតិ​»​។​

​លោក​ ហ៊ុន សែន បាន​បន្តទៀតថា លោក​ត្រូវបាន​បោះ​​ឆ្នោត​ឱ្យចូល​ជា​ថ្នាក់ដឹកនាំ​មជ្ឈិម​​បក្ស​ដែលមាន​សមាជិក ៧ ​រូប​ក្នុងឱកាស​មហាសន្និបាត​លើក​ទី​ ៣ ​របស់​គណបក្ស​នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ១៩៧៩ ហើយ​លោក​ក៏​ត្រូវបាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅ​ល្ងាច​ថ្ងៃទី ​៨ ខែមករា ឆ្នាំ​ ១៩៧៩ ដដែល​នោះដែរ​។​

​លោក​បាន​បន្តថា​៖ «​ត្រូវបាន​បោះ​ឆ្នោត​ឱ្យ​កាន់តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី ​(​នាយករដ្ឋមន្ត្រី​)​ នៅ​ព្រឹក​ថ្ងៃ​ ១៤ ខែមករា ឆ្នាំ​ ១៩៨៥​។ នៅ​ថ្ងៃទី​ ២០ និង​ ២១ ខែមករា ឆ្នាំ​ ១៩៨៨ មាន​ជំនួប​ចរចា​សីហនុ​ហ៊ុនសែន លើក​ទី​ ២ នៅ​ប្រទេស​បារាំង​»​។​

​នៅក្នុង​ខែមករា ឆ្នាំ​ ១៩៧៧ គឺជា​ថ្ងៃ​ដែល​ភរិយា​របស់លោក គឺ​លោកស្រី ប៊ុន​ រ៉ានី ហ៊ុនសែន បាន​ចាប់​មាន​ផ្ទៃពោះ​កំណើត​របស់ ហ៊ុន ម៉ា​ណែ​ត ដែល​ប​ច្ចុ​ប្បន្ន​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។ លោក​ហ៊ុន សែន បាន​បន្ថែមថា នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០០០ ជា​ថ្ងៃ​ដែល​លោក​ទទួលបាន​ចៅ​ទី ​១ ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា​៖ «​នៅមាន​រឿងរ៉ាវ​មួយចំនួនទៀត​ដែល​ខ្ញុំ​គិតថា​មិនចាំបាច់​រំឭក​»​។​

​ទាក់ទង​នឹង​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​លោក ហ៊ុន សែន បាន​រំលេច​ឡើង​នេះ លោក យង់ ពៅ អគ្គលេខាធិការ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​បានបង្ហាញ​ការ​យល់ឃើញ​របស់លោក​ថា ការលើក​​ឡើង​នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្មែរ​គ្រប់រូប​គួរតែ​បានដឹង​។​

​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី ​២ ខែមករាថា​៖ «​ខ្ញុំ​យល់ឃើញថា ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ពី​ព្រឹត្តិការណ៍​ដែល​កើតមានឡើង​នៅក្នុង​ខែមករា​នេះ គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​បានដឹង ព្រោះ​សម្តេច​តេ​ជោ​គឺជា​រដ្ឋបុរស​មួយ​ដែល​ចូលរួម​នៅក្នុង​កិច្ច​ការ​រដ្ឋ កិច្ច​ការដឹកនាំ​ប្រទេសជាតិ​មួយ​យ៉ាងសកម្ម​»​។​

​លោក​ យង់ ពៅ បាន​បន្តថា លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឱ្យទទួល​បាន​សុខសន្តិភាព​ពេញលេញ បញ្ចប់សង្គ្រាម​ស៊ីវិល និង​នាំ​កម្ពុជា​ចូលក្នុង​កិច្ចការ​តំបន់ សមាហរណកម្ម​តំបន់ និង​ពិភពលោក​ដែល​នេះ​គឺជា​អ្វីដែល​រដ្ឋបុរស​រូបនេះ​បានធ្វើ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ការ​លើកឡើង​នេះ​គឺជា​សច្ចភាព​ប្រវត្តិ​សាស្ត្រ​ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​ស្គាល់ ពីព្រោះ​គាត់​គឺជា​តួអង្គ​រដ្ឋបុរស​មួយ​ដែល​កម្ពុជា​ត្រូវតែទទួលស្គាល់​។ ដូចនេះ កាលណា​ជា​រដ្ឋបុរស​មួយ​គឺ​គេ​ត្រូវការ​ស្វែងយល់​គ្រប់​ព្រឹត្តិការណ៍​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋបុរស​នោះ​ហើយ​»​។​

​ចំណែក​លោក ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បាន​ថ្លែង​ដែរ​ថា ការ​សង្ខេប​ព្រឹ​តិ្ត​ការណ៍​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​លោក​ ហ៊ុន សែន ក្នុង​ខែមករា វា​ជាការ​ឆ្លុះបញ្ចាំង​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់លោក​ដែលមាន​ទាំង​រឿង​មិនល្អ និង​រឿង​ល្អ ព្រមទាំង​ព្រឹត្តិ​ការណ៍​តស៊ូ​រំដោះជាតិ ដំណើរ​ការចរចា​សន្តិ​ភាព ការកសាង​លទ្ធិប្រជាធិបតេយ្យ និង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​...​ដែល​បាន​កើតឡើង​ក្នុង​ខែមករា ដែល​កូន​ខ្មែរ​ត្រូវ​ដឹង និង​រៀនសូត្រ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជោគជ័យ​ទាំងឡាយ​ដែល​សម្រេចបាន​នៅពេល​នេះ គឺ​មិនអាច​ខ្វះ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​បានទេ ពិសេស​គឺ​សម្តេច​តេ​ជោ​ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ការលើកឡើង​របស់​ស​ម្តេច​គឺមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជា​មេរៀន​ដែល​កូន​ខ្មែរ​ត្រូវ​ចងចាំ និង​ត្រូវ​យល់​ពី​សារៈសំខាន់​នៃ​សន្តិភាព​ដែលជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។​

​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ ១ ​រូប អ្នកស្រី ហៀ​ង សុខា អាយុ​ ៧៥ ​ឆ្នាំ បាន​ថ្លែង​ដែរ​ថា ការ​រំឭក​ពី​ព្រឹត្តិការណ៍​ទាំង​នេះ​របស់លោក ហ៊ុន សែន ក៏​ជាការ​មួយ​ល្អ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដែរ ជាពិសេស​ទាក់ទង​នឹង​សង្គ្រាម និង​ចៀសវាង​កុំឱ្យ​កើតមាន​ម្តងទៀត​។​

​អ្នកស្រី​បានបញ្ជាក់​ថា៖ «​សម្រាប់​ខ្ញុំ ក៏ដូចជា​អ្នក​ដែល​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម គឺ​ខ្ញុំ​មិន​ចង់​រំឭក​ឡើងវិញ​ទេ​នូវ​ព្រឹត្តិការណ៍​សង្គ្រាម ដោយសារ​វា​ឈឺចាប់​ពេក​។ ខ្ញុំ​បាត់បង់​ឪពុក​ក្នុងសម័យ​នោះ ដោយសារតែ​ការអត់ឃ្លាន រស់​ដោយ​ការស្រេកឃ្លាន​»​។​

​ប៉ុន្តែ​អ្នកស្រី ហៀ​ង សុខា ក៏បាន​សាទរ និង​បង្ហាញ​ការពេញចិត្ត​ផងដែរ​ថា អ្នកស្រី​សប្បាយចិត្ត​ដោយ​អាច​បន្ត​រស់រានមានជីវិត​បានមក​ឃើញ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃ ហើយ​អ្នកស្រី​មិន​ប្រាថ្នា​ឱ្យ​កូនៗ និង​ក្មេងៗ​ដទៃទៀត​ជួបប្រទះ​នឹង​ភ្លើងសង្គ្រាម​ដូច​ជំនាន់​អ្នកស្រី​ឡើយ​៕