ភ្នំពេញៈ អគ្គនាយក​មជ្ឈមណ្ឌល​​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​ប្រាប់​ឱ្យដឹងថា នៅ​ដើមឆ្នាំ​ ២០២៤ ​នេះ មេ​សុនខ ហិត​មីន​ចំនួន​ ២ ​ក្បាល បាន​បង្កើត​​កូន​ ១៧ ​ក្បាល ខណៈដែល​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​សុនខ​ដែលមាន​ជំនាញ​ស្វែងរក​មីន​មាន​ជិត ៣០០ ​ក្បាល​។​

​លោក រតនា ថ្លែងថា កូន​សុនខ​ទាំង​នោះ​អាច​ក្លាយជា​អ្នក​បន្តវេន​សុនខ​ហិត​មីន​ផងដែរ​។ កូន​សុនខ​អាយុ​ក្រោម​ ៦ ​ខែ មាន​ចំនួន​ជិត​ ១០០ ​ក្បាល និង​សុនខ​ដែលមាន​ជំនាញ​ស្វែងរក​មីន​មាន​ចំនួន​សរុប​ជិត ៣០០​ ក្បាល ដែលមាន​ទាំង​កំពុង​ប្រតិបត្តិការ និង​មាន​ទាំង​កំពុង​ទទួល​ការហ្វឹកហាត់ ដើម្បីឱ្យ​ក្លាយជា​សុនខ ដែលមាន​ជំនាញ​ស្វែងរក​មីន​បន្ថែមទៀត​។​

លោក​ថ្លែងថា​៖ «​នៅ​ចំពោះមុខ​នេះ សុនខ​ចំនួន​ជិត ៣០០ ​ក្បាល​ហ្នឹង វា​មិនទាន់​ជា​ចំនួន​ដែល​គ្រប់គ្រាន់​នៅឡើយ​ទេ អ៊ីចឹង​បានជា​យើង​ខិតខំ​ពង្រីក​កម្លាំង​នេះ ពីព្រោះ​យើង​ដឹងថា ការងារ​របស់​សុនខ មិនមែន​តែ​សម្រាប់​ការងារ​ហិត​មីន​ទេ សុនខ​ខ្លះ​ក៏​វា​មាន​ជំនាញ​ផ្សេង​ដែរ​»​។​

កូនសុនខ​ហិត​មីន​ដែលទើបនឹងកើត។ រូបថត CMAC

​លោក​ថា បណ្ដា​ប្រទេស​ដៃគូ​មួយចំនួន ក៏បាន​នាំយក​សុនខ​របស់​កម្ពុជា​ដែលមាន​ជំនាញ​ស្វែងរក​មីន​ទៅតាម​បណ្ដា​ព្រំដែន​ដូចជា ប្រទេស​ស៊ី​រី និង​ប្រទេស​អ្រា​ហ្វិ​ក​កណ្ដាល​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សុនខ​មានការ​កើនឡើង​។ កន្លងមក​ធ្លាប់តែ​កម្ពុជា បាន​នាំយក​សុនខ​ហិត​មីន ដោយ​ការទិញ ឬ​សុំ​មកពី​ប្រទេស​ដទៃ​សម្រាប់​ផ្គត់ផ្គង់ និង​ប្រើប្រាស់ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មីន និង​ហិត​មីន​នៅក្នុង​ប្រទេស ប៉ុន្តែ​បច្ចុប្បន្ននេះ កម្ពុជា គឺ​អាចមាន​សមត្ថភាព​ផលិត​កូន និង​ផ្គត់ផ្គង់​សុនខ​ដែលមាន​ជំនាញ​ហិត​មីន​ផ្តល់ទៅឱ្យ​ប្រទេស​ដទៃទៀត​បាន​។​

​លោក ហេង រតនា បានឱ្យដឹង​ទៀតថា សុនខ​ហិត​មីន បាននិងកំពុង​រួម​​ចំណែក​យ៉ាង​ធំធេង ក្នុង​ការងារ​រំដោះ​ផ្ទៃដី​ដែលមាន​មីន​នៅក្នុង​ប្រទេស​ហើយ​ជួយ​បង្កើនល្បឿន​ក្នុង​ការងារ​បោសសម្អាត​មីន​។​

​លោក​ថ្លែងថា​៖ «​យើង​ធ្វើ​សមា​​ហ​រណកម្ម​ទាំង​ឧបករណ៍​រាវរក​ជាតិ​​ផ្ទុះ និង​រាវរក​ជាតិ​ដែក ក៏ដូចជា​សុនខ​ហិត​រក​មីន​នេះ គឺ​វា​ធ្វើឱ្យ​ការងារ​បោស​​សម្អាត​មីន​របស់​យើង​កាន់តែ​លឿន​»​។ ក្រៅពី​ហិត​មីន ពួកវា​បាន​ចូលរួម​ជា​មួយ​សមត្ថកិច្ច ក្នុងការ​ស្រាវជ្រាវ​រក​សារធាតុ​ញៀន និង​រក​ជនសង្ស័យ​ជាដើម​។ នេះ​បើតាម​លោក ហេង រតនា បន្ថែម​៕

កូនសុនខ​ហិត​មីន​ដែលទើបនឹងកើត។ រូបថត CMAC