សៀមរាប: លោក អ៊ួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យដឹងថា បច្ចុប្បន្នជាង ៩០ ភាគរយនៃគ្រាប់ស្វាយចន្ទីឆៅក្នុងប្រទេសកម្ពុជាត្រូវបាននាំចេញទៅប្រទេសជិតខាងដើម្បីកែច្នៃបន្ត។
នៅកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច និងមធ្យមចំនួន ៣០ កន្លែង ភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម និងព្រះវិហារ។ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក និងសម្រេចបានគោលដៅដែលបានកំណត់សម្រាប់ឆ្នាំ ២០២៧ ដែលស្វែងរកការលើកកម្ពស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងវិស័យដាំដុះ កែច្នៃ និងនាំចេញ វាត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវការកន្លែងកែច្នៃទំហំមធ្យមចំនួន ៥០ បន្ថែមទៀត។
ជាចំណែកមួយក្នុងការជំរុញសម្រេចគោលដៅ សិប្បកម្ម «ភូមិចន្ទី» ស្ថិតនៅក្នុងស្រុកបន្ទាយស្រីដ៏ស្រស់ស្អាត ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីក្រុងសៀមរាបបានបង្កើតទីកន្លែងកែច្នៃស្វាយចន្ទី និងការអភិវឌ្ឍសហគមន៍។
បង្កើតឡើងដោយលោក ផល ភារម្យ ក្នុងឆ្នាំ ២០២២ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលជំរុញដោយសហគមន៍នេះបានប្រែក្លាយពីការខិតខំប្រឹងប្រែងក្នុងស្រុកតូចមួយទៅជាសិប្បកម្មរីកចម្រើនដែលត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងទីផ្សារនាំចេញពិភពលោក។ ដំណើរការនៃ «ភូមិស្វាយចន្ទី» បានចាប់ផ្តើមដោយកិច្ចសហការរវាងលោកភារម្យ និងកសិករដាំស្វាយចន្ទីមកពីស្រុកបន្ទាយស្រី និងស្រុកភ្នំគូលែន។
ជាមួយគ្នានេះលោកបានចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដោយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦ នាក់ ដែលភាគច្រើនជាស្ត្រី។ លោក ភារម្យ ដំបូងឡើយធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោយបញ្ចប់ការសិក្សា។
លោកនិយាយថា៖ «ចំពោះគុណភាពគ្រាប់ស្វាយចន្ទីខ្មែរ យើងទិញពីប្រជាកសិករភ្លាមៗ និងធ្វើការកែច្នៃភ្លាមៗ។ យើងចង់ឱ្យផលិតផលល្អ និងថ្មី បានដល់ដៃអតិថិជនក្ដៅៗ ដោយមិនចាំបាច់រង់ចាំដល់ប្រជាកសិករលក់ចេញទៅក្រៅប្រទេស រួចយកផលិតផលសម្រេចមកលក់ក្នុងស្រុកវិញ»។ អ្វីដែលធ្វើឱ្យ «ភូមិស្វាយចន្ទី» មានភាពវិសេស គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការរក្សាការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងសហគមន៍មូលដ្ឋាន ជាជាងការលក់វត្ថុធាតុដើមទៅឱ្យឈ្មួញបរទេស។
លោក ភារម្យ ដែលមកពីខេត្តបាត់ដំបង ជឿជាក់ថា តាមរយៈដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក កម្ពុជារក្សាបានតម្លៃនៃដំណាំស្វាយចន្ទីរបស់ខ្លួន និងធានាផលិតផលគុណភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ភ្លាមៗ។ ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីនៅភូមិស្វាយចន្ទីមានដំណាក់កាលជាច្រើន ចាប់ពីការសម្ងួត និងចំហុយ រហូតដល់ការបកសម្បក និងលីង។
លោកនិយាយថា៖ «ខ្ញុំចង់ជួយកសិករដាំស្វាយចន្ទី មានសិប្បកម្ម ឬរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងសហគមន៍របស់ពួកគេនៅស្រុកបន្ទាយស្រី ក្រៅពីការផលិតស្ករត្នោត និងធ្វើស្រែ»។
លោក ភារម្យ បានអះអាងថា លោកបានទិញកសិផលស្វាយចន្ទីក្នុងតម្លៃខ្ពស់ជាងទីផ្សារ។ ជាក់ស្ដែង លោកបានផ្ដល់តម្លៃខ្ពស់ជាងទីផ្សារ ៥០ ដុល្លារក្នុងបរិមាណស្វាយចន្ទី ១ តោន។ ទិដ្ឋភាពដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៃការវិវឌ្ឍរបស់ភូមិស្វាយចន្ទី គឺការយកចិត្តទុកដាក់លើការអភិវឌ្ឍសហគមន៍។
ក្រៅពីការទិញគ្រាប់ស្វាយចន្ទី គំនិតផ្តួចផ្តើមផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយលើការដាំដុះស្វាយចន្ទី ការថែទាំ ការកាត់ចេញ និងការប្រើប្រាស់ជី ដែលជាហេតុផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុកនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីបង្កើនការអនុវត្តកសិកម្មរបស់ពួកគេ។
ដោយអះអាងថា គ្រាប់ស្វាយចន្ទីកែច្នៃពីភូមិស្វាយចន្ទី ទទួលបានអតិថិជនជាទីពេញចិត្ត ទាំងក្នុងស្រុក និងក្រៅស្រុក លោក ភារម្យ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ថា៖ «យើងបានដាក់តាំងបង្ហាញផលិតផលគ្រាប់ស្វាយចន្ទីរបស់សហគមន៍បន្ទាយស្រី និងភ្នំគូលែនក្នុងការតាំងពិព័រណ៍នៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ អតិថិជនក្នុងប្រទេសទាំង ២ បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រាប់ស្វាយចន្ទីដែលមានស្បែកក្រហម»។
កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជំរុញប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងណែនាំផលិតផលកម្ពុជាទៅកាន់អតិថិជនទូទាំងពិភពលោកទៀតផង។
ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមនៅតែបន្តកើតមាន ជាចម្បងនៅក្នុងទម្រង់នៃផលិតផលរបស់វៀតណាម ដែលនាំចូលមកទីផ្សារកម្ពុជា ជាមួយនឹងគ្រាប់ស្វាយចន្ទីថោក និងគុណភាពទាប។
យ៉ាងណាមិញ នៅតែប្រកាន់ខ្ជាប់បេសកកម្មរបស់ខ្លួន ដើម្បីដណ្តើមជើងឯកគុណភាព និងសារៈសំខាន់សេដ្ឋកិច្ចនៃគ្រាប់ស្វាយចន្ទីកម្ពុជា។ ការជួបជាមួយជនបរទេសដែលចាប់អារម្មណ៍លើគ្រាប់ស្វាយចន្ទីកម្ពុជា បានជំរុញឱ្យលោកចាប់អារម្មណ៍ជាយូរមកហើយជាមួយឧស្សាហកម្មនេះ។
ដំណើរនៃភូមិស្វាយចន្ទី បានទទួលការគាំទ្រពីអង្គការនានា រួមមាន UNDP Cambodia និង USAID ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយ ចំណេះដឹង និងធនធានសម្រាប់ការបង្កើត និងរីកចម្រើន។
លោក ភារម្យ បានបន្តថា៖ «កាលពីមុន យើងផលិតបានតែ ២ ទៅ ៣ តោនក្នុង ១ ថ្ងៃ ហើយឥឡូវផលិតបានចន្លោះពី ១៥ ទៅ ២០ តោន សម្រាប់សិប្បកម្មរបស់យើង»។
លោករៀបរាប់ថា ក្នុង ១ រដូវនេះ លោកទិញគ្រាប់ស្វាយចន្ទីចន្លោះពី ៥០ ទៅ ១០០ តោនពីកសិករ ១០ នាក់ក្នុងចំណោមកសិកររាប់រយនាក់។ ចំណុចសំខាន់មួយនៃភូមិស្វាយចន្ទី គឺការកែច្នៃគ្រាប់ស្វាយចន្ទីប្រភេទ M23 ដែលត្រូវបានគេស្គាល់ថា មានទំហំធំ និងរសជាតិឆ្ងាញ់ជាង បើធៀបនឹងគ្រាប់ស្វាយចន្ទីធម្មតា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ពូជ M23 មានសក្តានុពលក្នុងការប្រមូលផលធំជាង និងមានភាពធន់នឹងអាកាសធាតុកាន់តែប្រសើរ ដោយទទួលបានទិន្នផលជាមធ្យម ២ តោនក្នុង ១ ហិកតា។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដូចជាភូមិស្វាយចន្ទី មិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកស្រុកប៉ុណ្ណោះទេ ថែមទាំងលើកស្ទួយមុខមាត់ដល់ស្រុកបន្ទាយស្រី និងស្រុកភ្នំគូលែន ជាតំបន់សំខាន់សម្រាប់ដាំ និងកែច្នៃគ្រាប់ស្វាយចន្ទី។ ជាមួយនឹងការពង្រីកទីផ្សារ ភូមិស្វាយចន្ទីគ្រោងនឹងទិញគ្រាប់ស្វាយចន្ទីបន្ថែមទៀតពីសហគមន៍នៅឆ្នាំខាងមុខ។
លោក ហឿ និត អាយុ ៤៥ ឆ្នាំ ជាកសិករដាំស្វាយចន្ទីនៅស្រុកបន្ទាយស្រី លើផ្ទៃដីជាប់កិច្ចសន្យា ៥០ ហិកតា បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីនៅតំបន់នេះពិតជាល្អ។ ដោយចាប់ផ្ដើមដាំលើផ្ទៃដី ២៥ ហិកតា កាលពី ៧ ឆ្នាំមុន លោក និត បានធ្វើកិច្ចសន្យាជាមួយម្ចាស់ដីដោយលោកជាអ្នកដាំដុះ និងប្រមូលផលស្វាយចន្ទីរយៈពេល ៤ ឆ្នាំ មុនពេលប្រគល់ដំណាំឱ្យម្ចាស់ដីវិញ។ ក្រោយពីផុតរយៈពេល ៤ ឆ្នាំ លោកបន្ដជួលម៉ៅដំណាំស្វាយចន្ទីពីម្ចាស់ថ្មី និងពង្រីកផ្ទៃដីដាំដុះដោយធ្វើកិច្ចសន្យាស្រដៀងគ្នាជាមួយម្ចាស់ដីដទៃទៀតរហូតដល់ ៥០ ហិកតា។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំដាក់ស្វាយចន្ទីផង និងដំឡូងផង ដោយឆ្នាំទៅមិញ ខ្ញុំប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណ ៩០ តោន ហើយឆ្នាំនេះ ដែលនឹងចាប់ផ្ដើមហុចផលនៅពាក់កណ្ដាលខែកុម្ភៈ អាចមានបរិមាណច្រើនជាង ៩០ តោន ដោយសារទិន្នផលឆ្នាំនេះល្អ»។
លោកបានឱ្យដឹងថា រដូវប្រមូលផលដើមដៃចាប់ពីខែកុម្ភៈ គ្រាប់ស្វាយចន្ទី មានតម្លៃ ៦ ០០០ រៀលក្នុង ១ គីឡូក្រាម ខណៈពេញដៃតម្លៃអាចធ្លាក់មកត្រឹម ៤ ០០០ រៀលប៉ុណ្ណោះ។
ផលិតផលគ្រាប់ស្វាយចន្ទីលេខ ១ មួយចំនួនរបស់លោក ត្រូវបានលក់ឱ្យសិប្បកម្មភូមិចន្ទី រយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយសល់ប៉ុន្មានឈ្មួញ ជាកូនកញ្ច្រែងវៀតណាមប្រមូលទិញទាំងអស់។ ដោយសារកម្ពុជានៅតែជាប្រទេសផលិតគ្រាប់ស្វាយចន្ទីដ៏សំខាន់ វាជាកត្តាសំខាន់ក្នុងការស្វែងរកឱកាសសម្រាប់ការកែច្នៃ និងនាំចេញក្នុងស្រុក។
ក្នុងពិធីដំណើរទស្សនកិច្ចនៅតាមចម្ការស្វាយចន្ទីកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការជំរុញផលិតកម្មស្របតាម «គោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧»។ គោលនយោបាយនេះបង្កើតដោយក្រសួងពាណិជ្ជកម្ម មានគោលបំណងបង្កើតប្រទេសកម្ពុជាជា «អធិរាជស្វាយចន្ទី»។
យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦០ ម៉ឺនតោនទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៣ ហើយតិចជាង ៥ ភាគរយនៃបរិមាណទាំងនេះ ត្រូវបានកែច្នៃក្នុងស្រុក៕