រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើឱ្យភាគីជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្មនារដូវវស្សា និងអាចប្រើប្រាស់ទឹកនៅខែប្រាំងរហូតពេញមួយឆ្នាំ ខណៈដែលក្រសួងកំពុងបន្តចែកជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ដល់សហគមន៍កសិកម្ម។
នាជំនួបជាមួយគណៈប្រតិភូនៃទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ឌិត ទីណា បានលើកឡើងថា កន្លងមកកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយគម្រោងអភិវឌ្ឍន៍នានា ដែលជប៉ុនជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម បានជំរុញឱ្យមានភាពរីកចម្រើនបន្ថែមទៀតសម្រាប់កម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម។
សម្រាប់វិស័យកសិកម្ម លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា៖«កម្ពុជាត្រូវការការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយម អំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងអាចជួយឱ្យកសិករចំណេញខ្ពស់ ហើយមានប្រសិទ្ធភាពសេដ្ឋកិច្ច»។ លោក ក៏បានណែនាំបន្ថែមឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គិសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំណេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធភាពសេដ្ឋកិច្ច និងបរិស្ថាន។
លោកក៏បានជម្រាបប្រាប់ភាគីជប៉ុន អំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមរបស់កសិករ។
ដោយឡែក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម ក៏បានប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ដល់សហគមន៍កសិកម្ម នៅមន្ទីរកសិកម្ម នាខេត្តតាកែវផងដែរ ។ ការប្រគល់នេះ គឺស្ថិតក្រោមគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ» ដែលពិធីនេះរៀបចំឡើងដោយអង្គការ Helen Keller សហការជាមួយមន្ទីរកសិកម្ម ខេត្តតាកែវ និងគាំទ្រដោយមូលនិធិ ពីរដ្ឋាភិបាលអាល្លឺម៉ង់តាមរយ:គម្រោង MUSEFO នៃអង្គការ GIZ។
ការប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់នោះ ធ្វើឡើងសម្រាប់បែងចែកបន្តជូនទៅដល់ប្រជាកសិករចំនួន ១ ៦០០ គ្រួសារ នៅខេត្តតាកែវ។
ក្នុងឱកាសនោះ លោក យ៉ង សាំង កុមារ ក៏បានផ្តល់អនុសាសន៍ទាក់ទងទៅនឹងសារៈសំខាន់ នៃជីធម្មជាតិដើម្បីជួយដល់និរន្តរភាពជីជាតិដី ការបង្កើនការដាំបន្លែតាមគ្រួសារដើម្បីបង្កើតអាហារូបត្ថម្ភ និងការស្តុកស្រូវទុកតាមផ្ទះដើម្បីសន្តិសុខស្បៀងគ្រួសារ។
លោកក៏បានពន្យល់អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងវិស័យកសិកម្ម ដូចជាគោលនយោបាយទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល គោលនយោបាយមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើបផងដែរ។
គួរកត់សម្គាល់ថា មន្ត្រីកសិកម្មឃុំនៅខេត្តតាកែវដែលទើបប្រឡងជាប់ ក៏បានចូលរួមក្នុងពិធីនេះ ដែលជាការចាប់ផ្តើមទំនាក់ទំនងដំបូង រវាងសហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំ ខណៈដែលប្រជាសហគមន៍កសិកម្មទាំងអស់ដែលបានចូលរួម បានសម្តែងនូវការរីករាយគាំទ្រដល់វត្តមានមន្ត្រីកសិកម្មឃុំ ហើយក៏មានសហគមន៍កសិកម្មមួយចំនួន បានសម្រេចចិត្តចង់ចាប់ផ្តើមកសាងសហគមន៍ទំនើប ដោយធ្វើលើផលិតកម្មស្រូវមុន៕