កម្ពុជា និងសាធារណរដ្ឋអ៊ូហ្គង់ដា បានឯកភាពគ្នាក្នុងការឈានឆ្ពោះទៅពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជារួម និងដោយឡែកទៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ យុវជន និងកីឡា ខណៈភាគីទាំង ២ កំពុងប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត។
ការឯកភាពលើកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សារវាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា និងជាប្រធានក្រុមប្រឹក្សានៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល 19th NAM Summit នៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅលើគណនីតេឡេក្រាម។
ជាមួយនេះដែរ លោក ហង់ជួន ណារ៉ុន ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញលោក Tete António ធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឆ្លើយតបនឹងការអញ្ជើញរបស់នេះ លោក Tete António បានយល់ព្រមនឹងការធ្វើទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។
គួរជម្រាបថា ប្រទេសកម្ពុជា និងសាធារណរដ្ឋអង់ហ្គោឡា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នាចុងឆ្នាំ១៩៧៥ និងភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញក្នុងឆ្នាំ១៩៧៩រហូតមកទល់បច្ចុប្បន្ន។
ក្រសួងអប់រំបានគូសបញ្ជាក់ថា៖«ភាគីទាំង២ កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបេសកកម្មមួយចំនួនបន្ថែមទៀត ដូចជា ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នា ការចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីការពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ការទូត និងសេវា/លិខិតឆ្លងដែនផ្លូវការរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ»៕