កម្ពុជា-បារាំង បានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញការវិនិយោគ និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈដែលភាគីទាំង ២ ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃកិច្ចសន្ទនារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ថា៖«បារាំង និងកម្ពុជា បានស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០២២ និង ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣»។
ដោយក្នុងនោះ ឥស្សរជនទាំងពីរបានអំពាវនាវ ឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
តាមរយៈកិច្ចសន្ទនារវាងថ្នាក់ដឹកនាំរវាងបារាំង និងកម្ពុជា នេះដែរ ភាគីទាំង២ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ មានជាអាទិ៍ ក្នុងក្របខ័ណ្ឌនៃការហ្វឹកហ្វឺនបោសសម្អាតមីនសម្រាប់ទាហានកម្ពុជា ព្រមទាំងការបំប៉នភាសាបារាំងដល់កងរក្សាសន្តិភាពមួកខៀវក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍ដដែលបានរំលេចទៀតថា៖«កិច្ចសហប្រតិបត្តិការនេះបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរួមគ្នាដ៏ជាក់ស្ដែង ក្នុងប្រតិបត្តិការដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់កម្ពុជាក្នុងការបណ្តុះបណ្តាលដល់អ្នកដោះមីនអ៊ុយក្រែន ក្នុងគោលបំណងមនុស្សធម៌"៕